ចិន៖ គិតត្រឹមព្រឹកថ្ងៃទី០១ ខែកុម្ភៈនេះមនុស្សស្លាប់កើនដល់ ២៥៩នាក់ និងឆ្លង ១១,៧៩១នាក់​ដោយសារវីរុសកូរ៉ូណាថ្មី

0

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី ឬ 2019-nCoV បានកើនឡើងដល់ ២៥៦នាក់ហើយ ខណៈអ្នកឆ្លងសរុបនៅទូទាំងប្រទេសចិន បានកើនឡើងដល់ ១១,៧៩១ករណី ក្នុងនោះ ១,៧៩៥នាក់​កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

បើគិតត្រឹមល្ងាចថ្ងៃសុក្រវិញ មនុស្សប្រមាណ ១៧,៩៨៨នាក់ទៀតកំពុងទទួលការពិនិត្យសុខភាព ក្រោមការសង្ស័យថា ពួកគេមានផ្ទុកវីរុសកូរ៉ូណាផងដែរ។ ដោយឡែកអ្នកជំងឺដែលបាន​ជាសះស្បើយសរុប ២៤៣នាក់បានចាកចេញពីមន្ទីរពេទ្យ។ សម្រាប់តំបន់ដែលទទួលរងគ្រោះធ្ងន់ធ្ងរបំផុតនោះ គឺខេត្ត Hubei និងទីក្រុង Wuhan ភាគកណ្តាលប្រទេសចិននោះតែម្តង។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានធ្វើការប្រកាសអាសន្នផ្នែកសុខភាព​សាធារណៈនៅទូទាំងពិភពលោកតែម្តង កាលពីព្រឹកថ្ងៃសុក្រម្សិលមិញ ដែលប្រការនេះមានន័យថា​ បណ្តាប្រទេសទាំងអស់នៅលើពិភពលោកត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធនឹងវីរុសកូរ៉ូណាថ្មីឲ្យកាន់តែខ្លាំងក្លា។

គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ បណ្តាប្រទេស និងតំបន់សរុប ២៥ ហើយរួមទាំងកម្ពុជាយើង បានរកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មី ហើយក្រៅពីទឹកដីចិនផ្ទាល់ ប្រទេសថៃបានរកឃើញករណីឆ្លងច្រើនជាងគេរហូតដល់ទៅជិត ២០ករណីឯណោះ ក្នុងនោះ ១ករណីគឺជាការចម្លងក្នុងប្រទេសលើកដំបូង ទៅលើអ្នករត់តាក់ស៊ី ដែលបានដឹកភ្ញៀវមានផ្ទុកវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here