ចិន៖ គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកុម្ភៈនេះមនុស្សស្លាប់កើនដល់ ៥៦៣នាក់ និងឆ្លង ២.៨ម៉ឺនាក់ដោយសារវីរុសកូរ៉ូណាថ្មី ខណៈអ្នកជាសះស្បើយមាន ១,១៥៣នាក់

0

(ប៉េកាំង)៖ មនុស្សសរុប ៥៦៣នាក់ហើយបានស្លាប់ និង ២៨,០១៨នាក់ឆ្លងវីរុសកូរ៉ូណាថ្មី នៅទូទាំងខេត្ត និងតំបន់ចំនួន ៣១ របស់ប្រទេសចិន គិតតាមតួលេខនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចេញផ្សាយដោយគណៈកម្មការសុខាភិបាលចិន ដែលតែងតែធ្វើឡើងជាប្រចាំថ្ងៃ។ កាលពីថ្ងៃពុធមនុស្ស ៧៣នាក់បន្ថែមទៀតបានស្លាប់ក្នុងនោះ ៧០នាក់នៅខេត្តហ៊ូប៉ី (Hubei), ម្នាក់នៅទីក្រុងធានជិន (Tianjin), ម្នាក់នៅខេត្តហៃឡុងជាំង (Heilongjiang) និងម្នាក់ទៀតនៅគួយចូវ (Guizhou)។

អាជ្ញាធរចិនទើបតែបានបញ្ចេញរបាយការណ៍ថ្មី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះឲ្យដឹងថា ចំនួនអ្នកជំងឺដែលបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យ​អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនោះ បានកើនឡើងដល់ ១,១៥៣នាក់ហើយ ខណៈកាលពីថ្ងៃពុធម្សិលមិញនេះ មានអ្នកជាសះស្បើយបន្ថែមទៀតរហូតដល់ ២៦១នាក់។

គួរបញ្ជាក់ថា អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មី (Coronavirus ឬ 2019-nCoV) ដែលត្រូវបានរកឃើញនៅតាមបណ្តាប្រទេសនានា និងតំបន់ក្រៅពីចិនដីគោក ក៏ត្រូវបានក្រុមគ្រូពេទ្យព្យាបាលឲ្យបានជាសះស្បើយជាបណ្តើរៗផងដែរ ខណៈមនុស្សស្លាប់ក្រៅពីចិនដីគោកគឺមានពីរនាក់ ក្នុងនោះម្នាក់នៅប្រទេសហ្វីលីពីន និងម្នាក់ទៀតនៅទីក្រុងហុងកុង៕

ប្រភព៖ សារព័ត៌មានចិន Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here