ចិន៖ គិតត្រឹមព្រឹកថ្ងៃទី០៨ ខែកុម្ភៈនេះមនុស្សស្លាប់កើនដល់ ៧២២នាក់ និងឆ្លង ៣៤,៥៤៦នាក់ ខណៈ២,០៥០នាក់ជាសះស្បើយ

0

(ប៉េកាំង)៖ អាជ្ញាធរចិននៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅទូទាំងផ្ទៃប្រទេស ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៧២២នាក់ និងឆ្លង ៣៤,៥៤៦នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិន។

រយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ មនុស្ស ៨៦នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយក្នុងនោះ ៨១នាក់នៅខេត្តហ៊ូប៉ី (Hubei), ០២នាក់ហៃឡុងជាំង (Heilongjiang), ម្នាក់នៅទីក្រុងប៉េកាំង, ម្នាក់នៅហេណា (Henan) និងម្នាក់នៅកាន់ស៊ូ (Gansu) ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមកាលពីថ្ងៃសុក្រម្សិលមិញនេះគឺ ៣,៣៩៩នាក់។

គួរបញ្ជាក់ថា ក្រៅពីចំនួនមនុស្សស្លាប់ និងឆ្លងកើនឡើងខាងលើនេះ ចំនួនអ្នកជាសសះស្បើយ និងចាកចេញពីមន្ទីរពេទ្យវិញ ក៏មានការកើនឡើងផងដែររហូតដល់ ២,០៥០នាក់។ ពេញមួយថ្ងៃសុក្រម្សិលមិញនេះអ្នកជំងឺ ៥១០នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីការពិនិត្យជាលើកចុងក្រោយ មិនបានឃើញពួកគេមានផ្ទុកវីរុសកូរ៉ូណាថ្មីទៀតឡើយ ប៉ុន្តែមនុស្សប្រមាណ ១,២៨០នាក់ទៀត​កំពុងស្ថិតនៅក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ៕

ប្រភព៖ Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here