ទូរស័ព្ទ iPhone X ដាក់លក់នៅអង់គ្លេសតម្លៃ ១,៣៣០ដុល្លារ ទៅហើយ! ចុះទម្រាំមកដល់កម្ពុជាយើង?

0

(អាមេរិក)៖ កាលពីយប់ថ្ងៃអង្គារ​ម្សិលមិញនេះ ក្រុមហ៊ុន Apple បានបង្ហាញវត្តមាន​ទូរស័ព្ទដៃជំនាន់ថ្មី​របស់ខ្លួន ​នៅឯ​​មហោស្រព Steve Job Threater សហរដ្ឋអាមេរិក ​ដោយក្នុងនោះ​រួមាន iPhone 8 និង iPhone 8 Plus រួមទាំងស្មាតហ្វូន​ដ៏ថ្មី​សន្លាងមួយផ្សេងទៀត សម្រាប់អបអរគម្រប់ខួប ១០ឆ្នាំរបស់ iPhone នោះគឺ iPhone X ដែលហៅថា «iPhone Ten» ហើយវាក៏នឹងដាក់លក់នៅអង់គ្លេសផងដែរ ក្នុងតម្លៃ ៩៩៩ផោន ឬ ១,៣៣០ដុល្លារអាមេរិក។ នេះបើ​តាមការ​ចេញផ្សាយដោយសារព័ត៌មាន Telegraph នៅល្ងាចថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

សម្រាប់ទីផ្សារអង់គ្លេសវិញ គឺ iPhone 8 និង 8 Plus នឹងត្រូវលក់នៅថ្ងៃទី២២ ខែកញ្ញា ហើយសម្រាប់ iPhone X នឹងត្រូវដាក់លក់នៅថ្ងៃទី០៣ ខែវិច្ឆិកា។ ចំពោះ iPhone 8 និង iPhone 8 Plus ពុំសូវមានលក្ខណៈខុសប្លែកពី iPhone 7 និង iPhone 7 Plus នោះឡើយ ដោយគ្រាន់តែ មាន​ការបន្ថែមសមត្ថភាព​តិចតួចប៉ុណ្ណោះ ដូចជា កាមេរ៉ា, សំបកខ្លួនស្រោបដោយកញ្ចក់ ដើម្បីសម្រួលដល់ការ​សាកថ្មឥតខ្សែ (Wireless Charge), សាកថ្មបានលឿន​ជាងមុន (ពី០ដល់៥០ភាគរយក្នុងពេល ៣០នាទី)។

ដោយឡែក​សម្រាប់ iPhone X វិញនោះ ត្រូវបាន Apple ធ្វើការរចនាខុសប្លែកពី​ជំនាន់មុនៗ ដោយមានលក្ខណៈគួរឲ្យកត់​​សម្គាល់ជាងគេបំផុត ត្រង់ផ្ទៃអេក្រង់របស់វា ដែលមានឈ្មោះថា Edge-To-Edge Display ​(មានគែមអេក្រង់​តែនៅផ្នែកខាង​លើ​របស់ទូរស័ព្ទសម្រាប់ផ្ទុកកាមេរ៉ា និង Sensor ផ្សេងៗ) ​ប្រភេទ​ជា OLED (Super Retina Display) ​ដែល​ដំបូងបំផុត ត្រូវ​បាន​បំពាក់​នៅ​លើ iPhone។ ស្រ្គីនរបស់វាមាន​ទំហំដល់ទៅ ៥.៨អ៊ីញ តែតួខ្លួនទាំងមូលតូចជាង iPhone 8 Plus ដែលមាន​អេក្រង់​ទំហំ​ត្រឹម​៥.៥អ៊ីញ ហើយវាមាន Resolution ២៤៣៦x១១២៥ ភិចសែល ឬ 2K។

iPhone X ពុំមានប៊ូតុង Home សម្រាប់ស្គែនក្រយៅដៃ ឬក៏ Touch ID ទៀតឡើយ ដោយក្រុមហ៊ុន Apple បានដាក់ឲ្យប្រើ​ប្រាស់ជំនួសមកវិញ​នូវបច្ចេកវិទ្យាថ្មី​ដ៏ទំនើបហៅថា Face ID។ Face ID នឹងត្រូវប្រើប្រាស់សម្រាប់​ស្គែនផ្ទៃមុខរបស់យើង​​ជាលក្ខណៈ 3D ដើម្បីដោះសោរទូរស័ព្ទ និងដើម្បីធ្វើការផ្ទៀងផ្ទាត់​ការទូទាត់ការចំណាយផ្សេងៗ បានយ៉ាងរហ័ស​ទាន់ចិត្ត។

តួខ្លួនរបស់ iPhone X ក៏ត្រូវស្រោប​ដោយកញ្ចក់ សម្រាប់ការប្រើប្រាស់ Wireless Charging ហើយអាច​សាកថ្ម​ចាប់​ពេញ​ដូច​ទៅ​នឹង iPhone 8 និង 8 Plus ដែរ។ ក្រៅពីនេះ​ វាមានមុខងារគួរ​ឲ្យចាប់អារម្មណ៍ជាច្រើន​ផ្សេងទៀត រួមមាន AR (Augmented Reality និង Animoji ជាដើម)។ នៅក្នុង iPhone X មានបំពាក់បន្ទះឈីប​ជំនាន់ថ្មី A11 Bionic ដូចទៅ​​នឹង iPhone 8 និង 8 Plus តែខ្លាំងជាង ហើយថ្មរបស់វាកាន់បាន​យូរជាង iPhone 7 ពីរម៉ោង​បើតាមការអះអាង​របស់ Apple។

សម្រាប់កាមេរ៉ាភ្លោះផ្នែក​ខាងក្រោយរបស់វា គឺមានសមត្ថភាពបន្ថែម​ស្រដៀងទៅនឹង iPhone 8 Plus ដែរ ក្នុងចំណោមនោះ​​គឺ អាច​​ថត​វីដីអូក្នុងកម្រិត 4K ជាមួយ 60fps បាន និងមានមុខងារ Portait Lighting ហើយ​មាន​​ភ្ជាប់​ជាមួយ​​មុខងារ AR ខណៈ​កា​មេ​រ៉ា​ផ្នែក​ខាងមុខ​មានទំហំ ៧មេហ្គាភិចសែល អាចប្រើមុខងារ 3D Tracking និង​ថត​រូប Selfie ឲ្យព្រាល Background ខាង​ក្រោយបានថែមទៀតផង។

គួរបញ្ជាក់ថា iPhone 8 និង 8 Plus មានជម្រើសបីពណ៌ ប្រផេះក្រមៅ (Space Grey), សឬប្រាក់ (Silver), និងមាស (Gold) មានតម្លៃ ៦៩៩ដុល្លារ សម្រាប់ iPhone 8 និង ៧៩៩ដុល្លារ សម្រាប់ iPhone 8 Plus (តម្លៃនៅអាមេរិក) ហើយ​អាច​ដាក់​ឲ្យ​កុម្មង់​បាន​ចាប់​ពី​ថ្ងៃ​​ទី១៥ ខែកញ្ញា ពោលគឺចុងសប្តាហ៍នេះ ហើយចាប់ផ្តើមបញ្ជូនឲ្យអតិថិជន​នៅថ្ងៃទី២២ ខែដដែល។ រីឯ iPhone X មានតម្លៃចាប់ពី ៩៩៩ដុល្លារ អាច​ Pre Order នៅថ្ងៃទី២៧ ខែតុលា និងដឹកជញ្ជួនឲ្យអតិថិជននៅថ្ងៃទី០៣ ខែវិច្ឆិកា​។ សម្រាប់ iPhone 8, 8 Plus, និង X មាន​​អង្គផ្ទុកទិន្នន័យពីរប្រភេទគឺ៦៤ជីហ្គាបៃ និង ២៥៦ជីហ្គាបៃ ហើយ​តម្លៃ​វា​ក៏​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here