អ្នកក្លាហានខាងឡើងភ្នំ និងផ្ទាំងថ្មម្នាក់ ធ្លាក់ពីកម្ពស់៣០០ម៉ែត្រនាំឲ្យបាត់បង់ជីវិត…

0

(ម៉ិចស៊ីកូ)៖ អ្នកឡើងភ្នំ និងផ្ទាំងថ្មខ្ពស់ៗដ៏ជំនាញមួយរូបឈ្មោះ Brad Gobright បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើផ្ទាំងថ្មមួយក្នុងរយៈកម្ពស់ ៣០០ម៉ែត្រ ស្ថិតនៅតំបន់ El Potrero Chico ភាគខាងជើងម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

មិត្តភក្តិរបស់ជនរងគ្រោះខាងលើនេះម្នាក់ទៀត ដែលមានឈ្មោះថា Aidan Jacobson ក៏បានធ្លាក់មកជាមួយលោកផងដែរ ប៉ុន្តែនៅក្នុងរយៈកម្ពស់ទាបជាង ដូច្នេះមិនបានបាត់ជីវិតឡើយ ប៉ុន្តែបានរងរបួសជាទម្ងន់។ លោក Gobright ត្រូវបានគេទទួលស្គាល់ថា ជាអ្នកឡើងទីខ្ពស់ៗដោយសេរី (គ្មានបំពាក់ឧបករណ៍ការពារសុវត្ថិភាព) នៅសហរដ្ឋអាមេរិក ដែលជាហេតុធ្វើឲ្យប្រិយមិត្តនានា ដែលទស្សនាសកម្មភាពលោកម្តងៗមានក្តីព្រឺព្រួច និងព្រួយបារម្ភជំនួស។

គួរបញ្ជាក់ថា នៅពេលខាងកើតហេតុខាងលើនេះ លោក Gobright និងមិត្តភក្តិឈ្មោះ Jacobson បានប្រើប្រាស់ខ្សែពួរជាជំនួយក្នុងការឡើងផ្ទាំងថ្ម ប៉ុន្តែមិនបានប្រើប្រាស់ប្រព័ន្ធការពារសុវត្ថិភាពអ្វីឡើយ។ លោក Gobright កើតនៅឆ្នាំ១៩៨៨ ក្នុងរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក និងមាននិស្ស័យចូលចិត្តឡើងទីខ្ពស់ៗដូចជាភ្នំ ផ្ទាំង ឬទីកន្លែងខ្ពស់ៗនានាផ្សេងទៀត តាំងតែពីអាយុ ០៦ឆ្នាំមកម្ល៉េះ៕

ចែករំលែក