ពិតជាប្រពៃណាស់! ថៃអាចច្នៃសំរាមប្លាស្ទិក ឲ្យទៅស្បង់ជីវសម្រាប់ព្រះសង្ឃ

0

(ថៃ)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសថៃក៏ស្ថិតនៅក្នុងចំណោម​ប្រទេសមួយចំនួនលើលោក ដែលហាក់បង្ហាញការគិតគូរខ្លាំងលើកិច្ចគាំពារបរិស្ថាន ជាពិសេសការគ្រប់គ្រងសំណល់ផ្លាស្ទិក ហើយនៅដើមឆ្នាំ២០២០ នេះតែម្តងសកម្មភាពនេះកាន់តែផុសផុល រាប់ចាប់តាំងពីការសម្រេចឈប់ប្រើថង់ផ្លាស្ទិក​ជាដើម។ ជាក់ស្តែងវត្តមួយកន្លែងនៅភាគខាងត្បូងទីក្រុងបាងកក ត្រូវបានគេចាត់ទុកជា «ម៉ាស៊ីនកម្ទេចប្លាស្ទិច» ដោយព្រះសង្ឃទាំងឡាយដែលគង់នៅវត្តនោះ បានយកសំរាមផ្លាសិ្ទច ទៅឱ្យគេកែច្នៃធ្វើជាស្បង់ជីវ។

វត្តចាក់ដែង (Chak Daeng) ដែលក្លាយជាវត្តគំរូដំបូងគេមួយ សម្រាប់ការកែច្នៃបាស្ទិច នៅក្នុងប្រទេសថៃ ហើយខុសប្លែកពីវត្តដទៃទៀតដែរ ដោយវត្តមួយនេះបាន បិណ្ឌបាតប្លាស្ទិចពីពុទ្ធបរិស័ទជំនួសចង្ហាន់ និងស្បង់ ដើម្បីប្ដូរនឹងការប្រគេនពរពីព្រះសង្ឃ។ ម្យ៉ាងវិញទៀត ក្នុងរយៈពេលពីរឆ្នាំមកនេះ ពោលគឺចាប់តាំងពីការចាប់ផ្ដើមកម្មវិធីប្រមូលប្លាស្ទិច ផលិតទៅជាសសៃអំបោះ (Polyester) ដើម្បីផលិតស្បង់សម្រាប់ព្រះសង្ឃនោះ វត្ត Chak Daeng បានកម្ទេចបា្លសិ្ទច ៤០តោន ក្នុងគោលបំណងទប់ស្កាត់កុំឱ្យបា្លសិ្ទចទាំងនោះ ហូរចូលទៅក្នុងទន្លេ ចៅប្រាយ៉ា (Chao Phraya) ដែលហូរចូលទៅឈូងសមុទ្រថៃ។

«អាត្មាបាននិងកំពុងអនុវត្តតាមព្រះពុទ្ធឱវាទ ដែលបានភ្ជាប់ទៅជាមួយ ការដោះស្រាយវិបត្តិបរិស្ថានពិភពលោក… ហើយការផ្ដល់ទ័យទានជាដប ប្លាស្ទិចមួយគីឡូក្រាម អាចជួយផលិតស្បង់ជីវសម្រាប់ព្រះសង្ឃបានមួយកំប្លេ ដែលផ្ដល់មកវិញទាំងថវិកា និងបុណ្យកុសល»។ នេះជាគឺជាសង្ឃដីការបស់ ព្រះចៅអធិការវត្ត Chak Daeng ដែលព្រះនាមថា ព្រះមហាប្រណំ ដាំម៉ាឡាំងការ៉ូ (Phra Maha Pranom Dhammalangkaro)។

គួរជម្រាបថា គិតមកទល់បច្ចុប្បន្នវត្ត Chak Daeng ផលិតបានស្បង់ជីវជាង ៨០០កំប្លេហើយស្បង់មួយដាក់លក់ក្នុងតម្លៃចន្លោះពី ២,០០០បាត ឬស្មើនឹង ៦៥.៧៩ដុល្លារ និង៥,០០០បាត ឬក៏ស្មើនឹង ១៦៤.៤៧ដុល្លារ។ ថវិកាបានមកពីការលក់ស្បង់ ត្រូវបានប្រើប្រាស់ដើម្បីទ្រទ្រង់គម្រោង និងមួយផ្នែកទៀត ផ្ដល់ឱ្យក្រុមអ្នកស្ម័គ្រចិត្តបែងចែកកាកសំណល់ និងសំរាម ក្នុងនោះមានដូចជាស្ត្រីមេផ្ទះនៅក្នុងតំបន់ អ្នកចូលនិវត្តន៍ និងជនពិការជាដើម៕

ប្រភព៖ សារព័ត៌មាន CNA (ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here