ដំណឹងល្អ! «លុយដែល NASA ទទួលបានជិត ២០ពាន់លានដុល្លារ នឹងត្រូវចំណាយស្ទើរទាំងអស់ លើគំរោងស្រាវជ្រាវទីអវកាស!»

0

(វ៉ាស៊ីនតោន)៖ នៅទីបំផុត​សភាអាមេរិកបាន​អនុម័តគំរោងថវិកាថ្មី​សម្រាប់អង្គការ NASA ដែលនឹង​ផ្គត់ផ្គង់ទីភ្នាក់ងារ​អវកាសនេះជាមួយ​​ទឹក​ប្រាក់​ ចំនួន១៩.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៧នេះ ហើយវាបាន​ផ្តោតសំខាន់​ជាពិសេសទៅលើវិទ្យាសាស្រ្ត​ និងការធ្វើដំណើរ​​ទៅកាន់​ទី​​អវកាស ខណៈផែនការ​លម្អិតស្តីពីការសិក្សា​ស្រាវជ្រាវ​នៅភពផែនដី​ដ៏ចម្រូងចម្រាស នៅតែបន្ត​ស្ថិតក្នុងភាពស្រពិច​ស្រពិល​ដដែល​។ នេះ​​បើ​តាមការ​ដកស្រង់ការ​ចេញផ្សាយចេញ​ពីគេហទំព័រ Engadget នៅរសៀល​ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។

តួយ៉ាងទីភ្នាក់ងារ​អវកាស NASA ត្រូវបានបង្គាប់​ឲ្យធ្វើការជំរុញ​បន្ថែមនូវ​កម្មវិធី Orion (ការអភិវឌ្ឍ​យានអវកាស​សម្រាប់នាំ​យកអវកាស​យា​និក​ ទៅកាន់លំហអាកាស​ឲ្យបានឆ្ងាយ​ជាងមុន​) និង SLS (ការអភិវឌ្ឍ​គ្រាប់រ៉ុក្កែត ដ៏មានឥទ្ធិពលសម្រាប់​បង្ហោះយានទៅកាន់​ទីអវកាស) របស់ខ្លួន​​ហើយ​ចាំបាច់ត្រូវតែ​ចេញបេសកកម្ម​មួយ​ ដោយគ្មានមនុស្ស​ឲ្យបាននៅ​ក្នុង​ឆ្នាំ២០១៨។ បន្ថែមពីនេះ​ទៀត NASA ត្រូវបានណែនាំ​ឲ្យធ្វើ​​យ៉ាង​​ណា​រៀបចំ​គំរោងមួយ ដើម្បីនាំយក​មនុស្សលោក​ទៅដល់ ឬយ៉ាង​ហោចណាស់​ទៅក្បែរភពអង្គារ​ឲ្យបានក្នុង​ឆ្នាំ២០៣០។

ចំណែកឯនៅ​ក្បែរភពកំណើត​របស់យើងវិញ ក្រុមអ្នក​វិទ្យាសាស្រ្ត​នឹងត្រូវរិះរកវិធីដើម្បី​បង្កើតវត្តមាន​មនុស្ស នៅ​ហួសគន្លង​កម្រិតទាប​របស់​ផែនដី ក៏ដូចជាចាប់ផ្តើមបង្កើន​គំនិតច្នៃប្រឌិត​កាន់តែខ្លាំងបន្ថែម​ទៀត ក្នុងការ​អភិ​វឌ្ឍ​​យន្ត​ហោះ​ល្បឿន​លឿន​​ជាង​សំឡេង​ និង​សមត្ថភាព​​នៃការ​ធ្វើ​​ដំណើរ។

ដោយឡែក​គំរោងមួយផ្សេងទៀត​ដែលមានជោគវាសនា​កំពុងស្ថិតក្នុង​មន្ទិលនោះ គឺបេសកកម្ម Ateriod Redirect ដែលទីភ្នាក់ងារ​អវកាស NASA បានគ្រោងឡើង​ដើម្បីប្រើប្រាស់​ក្នុងការចាប់យក​អាចមន៍ផ្កាយ​ដែលស្ថិតនៅក្បែរផែនដី​មួយ។ ដុំថ្មអវកាស​នោះ នឹងត្រូវយក​មក​​ធ្វើ​ការ​ពិសោធន៍​បន្តទៀត ដើម្បីជួយឲ្យ​ក្រុមអ្នកវិទ្យាសាស្រ្ត​ស្វែងយល់កាន់តែ​ច្បាស់ អំពីមធ្យោបាយ​ដើម្បីធានាសុវត្ថិភាព​របស់អវកាស​យានិក​ ខណៈពេលដែល​ពួកគេធ្វើដំណើរ​ទៅកាន់​ភពអង្គារ។

ក៏ប៉ុន្តែគម្រោងនេះ​បានជួបឧបសគ្គ​ដោយសារតែ​សមាជិកសភា​អាមេរិកមួយចំនួន ពុំអាចមើល​ឃើញពី​សារៈប្រយោជន៍​របស់​​សម្រាប់​​​មហិច្ឆតា​​​របស់​​អង្គការ NASA ក្នុងធ្វើ​ដំណើរ​កាន់តែឆ្ងាយ ក៏ដូចជា​កាត់តែជ្រៅ​នៅក្នុងទីអវកាស​ដ៏ធំល្វឹងល្វើយ ហើយ NASA មាន​ពេល​ចំនួន​១៨០ថ្ងៃ​ ដើម្បីធ្វើការ​ស្ទាបស្ទង់​ទៅលើគំរោងជំនួស​ផ្សេងមួយទៀត ឬក៏លើកហេតុផល​ឲ្យបានសាកសម​សម្រាប់បន្ត​គំរោងនេះ បើមិនដូច្នោះ​​ទេវា​នឹង​ត្រូវបញ្ចប់​ទាំងស្រុង​តែម្តង។

គួរបញ្ជាក់ថា​យោងតាមសមាជិ​កសភា​អាមេរិកមួយរូប សេចក្តីព្រាងនេះ​មិនមានភាព​ល្អឥតខ្ចោះ​នោះឡើយ ដោយសារតែ​វាពុំ​បាន​លើក​ឡើង​ដោយផ្ទាល់អំពីរាល់​កម្មវិធីវិទ្យាសាស្រ្ត​របស់អង្គការ NASA។ ដោយ​ឡែក​​បន្ទាប់ពីបាន​ឆ្លងកាត់​ការអនុម័ត​របស់សភា សេចក្តីព្រាង​នេះ​ជាចុងក្រោយ​ត្រូវឆ្លងកាត់​ការចុះហត្ថលេខា​ឯកភាព​ពីប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ដើម្បី​អាច​ចូល​ជា​​ធរមាន​ពេញ​លេញ​​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here