(អវកាស)៖ មានបងប្អូនយើងជាច្រើនបានសាកសួរមក Cambo Space អំពីការគណនាឆ្នាំពន្លឺ ហើយថាតើឆ្នាំពន្លឺនេះជាអ្វី? ហេតុដូច្នេះ Cambo Space សូមធ្វើការបកស្រាយ និងពន្យល់ត្រួសៗជូនបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាបានយល់កាន់តែយល់ច្បាស់បន្ថែមទៀត។
ឆ្នាំពន្លឺ៖ យើងមិនធ្វើការវាស់ចម្ងាយដោយផ្ទាល់នូវវត្ថុអ្វី ដែលស្ថិតនៅសែនឆ្ងាយពីយើង តាមរយៈការរាប់ពេលវេលានោះឡើយ។ «Light Year ឬឆ្នាំពន្លឺ» គ្រាន់តែជាខ្នាតនៃប្រវែងឬចម្ងាយ ដូចទៅនឹង «ម៉ាយ (Mile)» ឬ «គីឡូម៉ែត្រ (Kilometer)» ប៉ុណ្ណោះ។ យើងដឹងថា តើពន្លឺអាចធ្វើដំណើរបានរហ័សប៉ុណ្ណានៅក្នុងរយៈពេល១វិនាទី យើងក៏ដឹងដែរថាមានប៉ុន្មានវិនាទីនៅក្នុងមួយឆ្នាំ ហេតុដូច្នេះយើងនឹងអាចដឹងថា តើមានចម្ងាយ ឬប្រវែងប៉ុន្មានគីឡូម៉ែត្រនៅក្នុងមួយឆ្នាំពន្លឺ។
ក្នុងមួយវិនាទីពន្លឺអាចរត់បាន ៣០០,០០០គីឡូម៉ែត្រ ដូច្នេះមួយឆ្នាំពន្លឺមានន័យថា គឺជាចម្ងាយសរុបដែលពន្លឺអាចរត់បានក្នុងរយៈពេលមួយឆ្នាំ (យកចំនួនវិនាទីដែលមានក្នុងមួយមួយឆ្នាំ ទៅគុណនឹងចំនួន ៣០០,០០០គីឡូម៉ែត្រ) នោះនឹងបានមកវិញនូវចម្ងាយ ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ = មួយឆ្នាំនៃពន្លឺ។
សម្រាប់ផ្កាយភ្លោះអាល់ហ្វាសេនថារី ដែលនៅកៀកនឹងផែនដីបំផុតមានចម្ងាយ ៤.៤ឆ្នាំពន្លឺពីផែនដីនោះ គឺត្រូវយកចម្ងាយមួយឆ្នាំពន្លឺដែលស្មើនឹង ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រគុណនឹង ៤.៤ឆ្នាំពន្លឺស្នើនឹង ៤១.៦២៨ពាន់ពាន់លានគីឡូម៉ែត្រ (ដែលជាចម្ងាយពីផែនដីទៅអាល់ហ្វាសេនថារី)។
សូមបញ្ជាក់ថា យានអវកាសដែលគោចរណ៍លឿនបំផុត (New Horizons) ក្នុងទីអវកាសគឺបានតែ ១៤គីឡូម៉ែត្រក្នុងមួយវិនាទីប៉ុណ្ណោះ ប្រៀបធៀបនឹងល្បឿនពន្លឺដែលរត់បាន ៣០០,០០០គីឡូម៉ែត្រក្នុងមួយវិនាទីពិតជាខុសគ្នាដូចមេឃនឹងដី។ ដូច្នេះបើយកយាន New Horizons ដែលហោះបានល្បឿន ១៤គីឡូម៉ែត្រក្នុងមួយវិនាទី ធ្វើដំណើរទៅកាន់ប្រព័ន្ធផ្កាយអាល់ហ្វាសេនថារី វានឹងចំណាយពេលជិត ៤០,០០០ឆ្នាំ ទើបទៅដល់ទៅដល់អាហ្វាសេនថារី។ (សូមបងប្អូនកុំគិតច្រើនអី នាំតែឈឺក្បាលទេ)៕
ឆ្ងល់ណាស់បង ហេតុអីកែវយឺតអាវកាសអាចថតបានច្រើនម៉ឺនឆ្នាំពន្លឺម៉្លេះ? បើសូម្បីយានធ្វើដំណើរ៤ម៉ឺនឆ្នាំបានទៅដល់