(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA បានរកឃើញភស្តុតាងគួរឲ្យចាប់អារម្មណ៍ថ្មីមួយ ដែលបង្ហាញថា Enceladus ដែលជាព្រះច័ន្ទពោរពេញដោយផ្ទាំងទឹកកករបស់ភពសៅរ៍ (Saturn) មានផ្ទុកសារធាតុគីមីដ៏សាកសមត្រឹមត្រូវ សម្រាប់ទ្រទ្រង់ជីវិតបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Vox នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
កាលពីសប្តាហ៍មុននេះ ទីភ្នាក់ងារអវកាសអាមេរិក ទើបតែបានធ្វើការប្រកាសអំពីរបកគំហើញថ្មីៗមួយចំនួន ស្តីអំពី «មហាសមុទ្រនៅកន្លែងផ្សេងពីភពផែនដី»។ នៅក្នុងចំណោមនោះអង្គការ NASA បានរកឃើញភស្តុតាងដ៏គួរឲ្យទាក់ទាញអារម្មណ៍ជាងគេថា មហាសមុទ្រកំពុងសំងំលាក់ខ្លួននៅក្រោមផ្ទាំងទឹកកកនៃព្រះច័ន្ទដ៏ធំទី០៦ របស់ភពសៅរ៍គឺ Enceladus អាចជាជម្រករបស់ភាវៈមានជីវិត។
រំលឹកកាលពីប៉ុន្មានឆ្នាំមុន យានអវកាស Cassini បានធ្វើការអង្កេតយ៉ាងដិតដល់ ទៅលើកំសួលទឹកមានផ្ទុកសារធាតុគីមីសរីរាង្គ ដែលផុសចេញនៅលើព្រះច័ន្ទ Enceladus ហើយការរកឃើញថ្មីនេះ បានបន្ថែមសមាសធាតុផ្សំដ៏សំខាន់មួយ សម្រាប់អនុញ្ញាតឲ្យជីវិតអាចកកើតបាននោះគឺ «ឧស្ម័នអ៊ីដ្រូសែន»។
វត្តមានរបស់អ៊ីដ្រូសែននៅក្នុងកំសួលទឹកទាំងនោះ បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារអវកាស NASA សង្ស័យថា មានអាងទឹកក្តៅផុសពីក្នុងផ្ទៃព្រះច័ន្ទ នៅឯក្រោមបាតមហាសមុទ្ររបស់ព្រះច័ន្ទ Enceladus ហើយដូចទៅនឹងមហាសមុទ្រនៅលើភពផែនដីយើងដែរ។ ទឹកក្តៅផុសទាំងនោះអាចជាជម្រករបស់មីក្រូសារពាង្គកាយ ដែលប្រើប្រាស់ថាមពលគីមីនៃឧស្ម័នអ៊ីដ្រូសែន និងកាបូនឌីអុកស៊ីត ដើម្បីផលិតចេញជាមេតាន និងថាមពលផ្សេងៗសម្រាប់ទ្រទ្រង់ជីវិត។
គួរបញ្ជាក់ដែរថា យានអវកាស Cassini ដែលបានរកឃើញភស្តុតាង បង្ហាញពីមហាសមុទ្រក្រោមផ្ទាំងទឹកកកនៅលើព្រះច័ន្ទ Enceladus កំពុងតែស្ថិតក្នុងឆ្នាំទី២០ នៃប្រតិបត្តិការស្រាវជ្រាវទីអវកាសរបស់ខ្លួន នៅជុំវិញភពសៅរ៍រួមទាំងព្រះច័ន្ទនានា ហើយនៅពេលឈានដល់ខែកញ្ញាខាងមុខយានចំណាស់២០ឆ្នាំនេះ នឹងត្រូវទម្លាក់ខ្លួនទៅបុកនឹងផ្ទៃនៃភពសៅរ៍៕