លទ្ធផលពីឧបករណ៍តាមដានអាចម៍ផ្កាយ NEOWISE: «ក្នុងចំណោមវត្ថុអវកាស ៩៧ដុំ ដែលទើបរកឃើញ ១០ដុំអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ភពផែនដី!»

0

(អាមេរិក)៖ ឧបករណ៍អ៊ីនហ្វ្រា ដែលកំពុងចល័តជិតផែនដី និងមានតួនាទីចាប់សញ្ញាអាចម៍ផ្កាយ ឬវត្ថុអវកាស​នៅជុំវិញយើងនោះ (NEOWISE) ទើបតែបង្ហាញអំពីលទ្ធផលរបស់ខ្លួន នោះគឺក្នុងចំណោមវត្ថុអវកាស ៩៧ ដែលកំពុងព័ទ្ធជុំវិញផែនដី មាន ១០ដុំ ដែលអាចបង្កការគំរាមកំហែងខ្លាំងទៅថ្ងៃអនាគត។ នេះបើតាមការដក​ស្រង់ការផ្សាយពីសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧។

ក្នុងចំណោមវត្ថុអវកាស​ទាំង ៩៧ដុំនោះ មាន២៨ដុំគឺជាវត្ថុអវកាសដែលស្ថិត​នៅជិតផែនដី (NEOs), ០៥ជាផ្កាយ​ដុះកន្ទុយ, និង ៦៤ទៀតគឺជាអាចម៍​ផ្កាយ​នៅក្នុងខ្សែក្រវាត់ Asteroid Belt ដែលស្ថិតនៅចន្លោះ​ភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។ ចំណែកឯ ១០ដុំ ក្នុងចំណោមនោះ ដែលជាវត្ថុមានសក្តានុពល​គ្រោះថ្នាក់ខ្លាំង (PHOs) មានន័យថា ជាវត្ថុអវកាសទាំងឡាយណា ដែលមានមុខកាត់​យ៉ាងហោចណាស់​ប្រវែង ​១០០ម៉ែត្រ និងអាចធ្វើដំណើរ​មកក្បែរផែនដី ក្នុងរយៈចម្ងាយ ៧.៤លានគីឡូម៉ែត្រពីផែនដី។ វត្ថុទាំងនេះ​ដែលភាគ​ច្រើនគឺជា​អាចម៍ផ្កាយនោះ​មានឱកាសអាច​នឹងបុកចំផែន ហើយបង្កសោកនាដកម្ម​ដ៏ដែនអាក្រក់ជាទីបំផុត​នៅក្នុងតំបន់ ឬសូម្បីតែទូទាំងពិភពលោក​ទាំងមូល នៅពេល​​១០០ឆ្នាំខាងមុខ។

គួរបញ្ជាក់ថា គិតចាប់តាំងពី​ទសវត្សរ៍ឆ្នាំ១៩៩០មក ចំនួនវត្ថុ PHOs នៅក្នុងកំណត់ត្រា បានកើនឡើងក្នុងកម្រិតយ៉ាងខ្លាំងក្លា ដោយសារតែ​ភាព​ជឿនលឿននៃប្រព័ន្ធឃ្លាំមើល​ទីអវកាស និងតេឡេស្កូប។ តួយ៉ាង​ឧបករណ៍ NEOWISE ដែលត្រូវបានបាញ់​បង្ហោះកាលពី​ឆ្នាំ២០០៩នោះ សរុប​មកទល់​ពេលនេះ បាន​ប្រទះឃើញវត្ថុអវកាសថ្មីចំនួនជាង ៣៥,០០០វត្ថុ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ រួមបញ្ចូល​ទាំងវត្ថុ NEOs ថ្មីរាប់រយ​ផង​ដែរ ដែលនៅក្នុងចំណោមនោះ​មានទាំងអាច និងមិនអាច​បង្កគ្រោះថ្នាក់​ដល់ផែនដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here