ហេតុអ្វីយានអវកាស Cassini ចាំបាច់ត្រូវទម្លាក់ខ្លួន​កម្ទេចចោល ក្នុងផ្ទៃភពសៅរ៍? តើវាដំណើរការដោយ​ថាមពលអ្វី?

0

(អវកាស)៖ ដោយសារតែបងប្អូនដែលទស្សនាវែបសាយ Cambo Space នៅតែមានចម្ងល់នោះ យើងខ្ញុំ​សូមធ្វើការបកស្រាយជាថ្មីថា ការទម្លាក់ខ្លួនឯងដើម្បីកម្ទេចរូបរាងឲ្យសាបសូន្យលើភពសៅរ៍ របស់យាន​អវកាស NASA គឺ Cassini នោះ គឺស្ថិតក្នុងគោលដៅចម្បងបំផុត​ ដើម្បីការពារ​ព្រះច័ន្ទ Titan និង Enceladus ឲ្យបន្ត​នៅ​មាន​ភាព​ស្អាត ​និង​បរិ​សុទ្ធ​ជានិច្ច ព្រោះបើតាមទីភ្នាក់ងារអវកាស​អាមេរិក ប្រការនេះ​នឹង​ធានាថា Cassini មិនអាចបំពុល​ការសិក្សានានា ក៏ដូចជាការរុករកជីវិត​នាពេលអនាគត នៅលើព្រះច័ន្ទ​ទាំងពីរបានឡើយ។

NASA បានចេញសេចក្តីថ្លែងការណ៍​​លើកឡើងដូច្នេះថា «ដើម្បីចៀសវាង​​លទ្ធ​ភាព​ដ៏ទាប​​ ដែលថា Cassini នាថ្ងៃមួយ នឹងបុកជាមួយព្រះច័ន្ទ​ទាំងនេះនោះ NASA បានសម្រេច​ជ្រើសរើស ធ្វើការបោះបង់​ចោល​ យានអវកាស Cassini ដោយ​សុវត្ថិភាព ទៅក្នុងបរិយាកាស​របស់ភពសៅរ៍»។ មានន័យថា បើថាមពល​ឥន្ធនៈ (សម្រាប់ប្រើពេលត្រូវចល័តទិសដៅយានម្តងម្កាល) ត្រូវអស់នោះ យាននេះនឹងរសាត់អណ្តែត ដោយថាមពល​ទំនាញពីភពតែមួយមុខ មិនអាចឲ្យយើងពីផែនដីបញ្ជាយានឲ្យចល័តទិសដៅបានទៀតឡើយ ហើយវានឹងធ្លោយទៅធ្លាក់ និងបំពុលនៅលើផ្ទៃព្រះច័ន្ទ Enceladus ឬ ក៏ Titan ដែលជាទីឋានអង្គការ NASA បានកំណត់​ទិសដៅទុកថា នឹងត្រូវទៅរុករកជីវិតនៅថ្ងៃអនាគត។

គួរបញ្ជាក់ថា នៅ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ យានអវកាស Cassini របស់អង្គការ NASA នឹងបិទបញ្ចប់បេសកកម្ម​​រយៈពេល ២០ឆ្នាំ ក្នុងការប្រមូលទិន្នន័យ​នៅក្នុង​លំហអាកាស​របស់វា តាមរយៈការ​​ទម្លាក់ខ្លួន​​កម្ទេចចោល ចូលទៅក្នុង​បរិយាកាស​​របស់ភពសៅរ៍ (Saturn) ហើយវាបានឆាបឆេះដូច​ទៅនឹងអាចម៍ធ្លាក់​មកលើផែនដី​​អ៊ីចឹង​។ បេសកកម្មតម្លៃ ៣.២ពាន់លានដុល្លារ Cassini-Huygens ដែលជាកិច្ចប្រឹងប្រែង​រួមនៃទីភ្នាក់ងារ​អវកាស NASA, ទីភ្នាក់ងារ​​អវកាស​អឺរ៉ុប ESA, និងទីភ្នាក់ងារអវកាស​អ៊ីតាលី ISA បានចាប់ផ្តើម​កាលពីខែតុលា ឆ្នាំ១៩៩៧ ហើយបានទៅដល់​ប្រព័ន្ធ​ភពសៅរ៍ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៤។

Huygens គឺជាយានបន្ទាប់​បន្សំមួយ ដែលបានជាន់លើផ្ទៃ​ព្រះច័ន្ទដ៏ធំ​ជាងគេបង្អស់ របស់ភពសៅរ៍ គឺ Titan កាលពី​ខែមករា ឆ្នាំ២០០៥ ខណៈយាន Cassini ដែលដើរតួជា​ផ្កាយរណប បានបន្តធ្វើដំណើរ​ក្រឡឹង​ភពសៅរ៍ និងបានបង្កើត​របកគំហើញ​​សំខាន់ៗ​ជាច្រើន ក្នុងអំឡុងពេល​នៃការបំពេញ​បេសកកម្មជាង ១៣ឆ្នាំរបស់វា នៅជិតភព​ដែលមានចិញ្ចៀន​ក៏ដូចជា​ខ្សែ​ក្រវាត់ព័ទ្ធ​ជុំវិញនេះ។

ក្នុងអំឡុងនៃការធ្វើ​បេសកកម្មរបស់វា យានអវកាស Cassini បានប្រទះឃើញ​កំសួលទឹកផុស រួមទាំង​សារធាតុដទៃៗ​ទៀត​ច្រាលឡើង ចេញពីប៉ូល​​ខាង​ត្បូង​​នៃ Enceladus ដែលជាព្រះច័ន្ទមួយ​ទៀតដ៏ត្រជាក់​របស់ភពសៅរ៍។ ក្រុមអ្នកវិទ្យាសាស្រ្ត​​នៃបេសកកម្មនេះ បានកំណត់ថា វត្ថុទាំងនេះ​គឺមកពីមហាសមុទ្រ​ដ៏ធំមួយដែលកប់​នៅក្រោមសំបក​ព្រះច័ន្ទ Enceladus ហើយមហាសាគរនេះ ប្រហែលជាអាច​ទ្រទ្រង់ជីវិតបាន បើតាមអ្នក​វិទ្យាសាស្រ្តដឹង។ ក្រៅពីនេះ Cassini ក៏បានរកឃើញ​បឹង និងសមុទ្រនៃ​សារធាតុ​អ៊ីដ្រូកាបូន ថែមទៀតផងនៅលើ Titan ហើយអ្នក​វិទ្យាសាស្រ្ត ជឿជាក់ថា ព្រះច័ន្ទនេះ​ក៏​ទំនង​ជា​អាចទ្រទ្រង់​ជីវិតតូចៗ នៅក្នុងទម្រង់​ណាមួយដូចគ្នា តែប្រហែល​ជាខុសប្លែក​ឆ្ងាយពីជីវិត នៅភពផែនដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here