ឡូយ! យាន OSIRIS-REx របស់ NASA «ឆ្លៀតងាកមកថតរូបផែនដីមួយប៉ុស្តិ៍» មុននឹងធ្វើដំណើរទៅអាចម៍ផ្កាយ Bennu!

0

(វ៉ាស៊ីនតោន)៖ យាន​អវកាស OSIRIS-REx របស់អង្គការ NASA ដែលបានហោះ​មកឆ្វែលផែនដី​ជាលើកទី០២ កាលពីសប្តាហ៍​មុន​ឆ្ពោះ​ទៅកាន់គោលដៅ​អាចម៍ផ្កាយដ៏ធំ​មួយ​នោះ បានបន្សល់ទុករូបភាព​អនុស្សាវរីយ៍ដ៏ស្រស់ស្អាតមួយ នៃភពកំណើត​របស់វា​។ នេះ​បើតាមការដកស្រង់​ការផ្សាយចេញពី​វែបសាយវិទ្យាសាស្រ្ត Space.com នៅព្រឹក​ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

កាលពីថ្ងៃសុក្រ​សប្តាហ៍មុន OSIRIS-REx បានហោះមកលាផែនដី​ជាលើកចុងក្រោយ ក្នុងរយៈកម្ពស់ប្រមាណ​ ១៧,២៣៧គីឡូម៉ែត្រ ពីលើទ្វីបអង់តាកទិក ដែលវាគឺជាការកៀកមក​ប្រើប្រាស់ ជំនួយពីកម្លាំងទំនាញ​ភពផែនដី រចនាឡើងដើម្បី​បង្កើនល្បឿន និងកែ​សម្រួលផ្លូវ​ធ្វើដំណើរ​របស់វា សំដៅទៅកាន់អាចម៍​ផ្កាយប្រភេទ​ក្បែរផែនដី មានឈ្មោះថា Bennu។

 

ប៉ុន្មានក្រោយពីការចូលមកក្បែរនេះ យានអវកាស NASA ក៏បានឆ្លៀតឱកាសថតយករូបភាព ដ៏ថ្មីសន្លាងខាងលើ នៅពេលដែលវា​ស្ថិតនៅចម្ងាយប្រហែល ១៧០,០០០គីឡូម៉ែត្រ ពីផែនដី។

គួរបញ្ជាក់ថា បេសកកម្មយាន OSIRIS-REx ដែលមានតម្លៃ ៨០០លានដុល្លារនេះ ត្រូវបានបាញ់បង្ហោះ​កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ​២០១៦ ហើយត្រូវធ្វើដំណើរ​​ផ្សងព្រេង​រយៈពេល ០៧ឆ្នាំ ដើម្បីទៅជួប​ជាមួយ ក៏ដូចជាសិក្សា រួមទាំងត្រឡប់​ជាមួយ​គំរូតាង (Sample) នៃ​អាចម៍​​ផ្កាយ Bennu មកកាន់ផែនដីវិញ។

បើសិនជាអ្វីៗប្រព្រឹត្ត​​ទៅតាម​ការគ្រោងទុក OSIRIS-REx នឹងទៅដល់គោលដៅ​នៅខែសីហា ឆ្នាំ២០១៨ រួចហើយចំណាយពេល​ ០២ឆ្នាំបន្ទាប់ ថតយករូបភាព និងគូស​វាសផែនទី នៃផ្ទៃរបស់​អាចម៍ផ្កាយ Bennu ដើម្បីបង្កើនការយល់ដឹង ពីសមាធាតុផ្សំគីមី និងរ៉ែ​​របស់វា រួមទាំងធ្វើការជ្រើស​ទីតាំងសម្រាប់​ធ្វើការប្រមូលយក Sample មកវិញផងដែរ។

ក្រោយមក ដល់​ខែកក្កដា ឆ្នាំ២០២០ OSIRIS-REx នឹងប៉ះជាមួយអាចម៍​ផ្កាយនោះ ក្នុងអំឡុងពេលត្រឹមតែ ០៣វិនាទីប៉ុណ្ណោះ ដើម្បី​ប្រមែប្រមូលយក កម្ទេចថ្ម និងធូលីសរុបយ៉ាង​តិចទម្ងន់ ៦០ក្រាម តាមរយៈឧបករណ៍​ពិសេសមួយ ហើយរក្សាទុកសារធាតុទាំងនោះ​នៅក្នុងកន្លែង​ស្តុក Sample។ យានអវកាសនេះ នឹងចាកចេញ​ពី Bennu នៅខែមីនា ឆ្នាំ២០២១ ហើយធ្វើដំណើរ​ក្នុងលំហអវកាស​​​ សម្រាប់រយៈពេល ០២ឆ្នាំកន្លះ ក្នុងគន្លងឆ្ពោះ​មកកាន់ផែនដី​វិញ នៅខែកញ្ញា ឆ្នាំ២០២៣។

ទីភ្នាក់ងារអវកាស NASA បានឲ្យដឹងថាគំរូ Sample នៃអាចម៍ផ្កាយដ៏​ចំណាស់នេះ នឹងជួយក្រុមអ្នក​វិទ្យាសាស្រ្ត យល់ដឹងកាន់តែទូលំទូលាយ អំពីការចាប់កំណើត​នៃប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង កាលពីជាង ៤.៥ពាន់លានឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here