ស្រស់ស្អាត និងអស្ចារ្យកម្រមាន! ក្រុមកាឡាក់ស៊ីពន្លឺបៃតងដ៏ចម្លែក ត្រូវបានក្រុមតារាវិទូរកឃើញ…

0

(អាល្លឺម៉ង់)៖ ក្រុមតារាវិទូ​បានអះអាងថា កែវយឺតនៅក្នុងប្រទេស​ឈីលី និង កោះហាវ៉ៃ បានកំណត់ឃើញ​ក្រុមកាឡាក់ស៊ីថ្មី ដែលមានឈ្មោះថា កាឡាក់ស៊ីពន្លឺបៃតង ឬ «green bean galaxies» ដោយសារតែ​ពួកវាមានរួបរាងចំលែក និង ពណ៌របស់ពួកវាដ៏ស្រស់ស្អាតទៀត។ នេះបើតាមការដកស្រង់ព័ត៌មានពី Space.com នៅល្ងាចថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។

មន្ទីរពិសោធន៍ភាគខាងជើង​របស់អឺរ៉ុប បានធ្វើសេចក្តីរាយការណ៍ថា ក្រុមកាឡាក់ស៊ីទាំងនេះ មានពន្លឺពណ៌បៃតង ហើយវាត្រូវបានព័ទ្ធ​ជុំវិញដោយប្រហោងខ្មៅធំៗ ដែលនេះ គឺជាបាតុភូតដែលកម្រនឹងកើត​មានបំផុត នៅក្នុងសកលលោក។

ជាមួយគ្នានេះដែរ ក្រុមតារាវិទូ​បាននិយាយថា កាឡាក់ស៊ីពន្លឺ​បៃតងនេះ មានរយៈចំងាយប្រហែល ៣.៧លានឆ្នាំ​ពន្លឺ ពីភពផែនដី។ ម្យ៉ាងវិញទៀត បន្ទាប់ពីការរកឃើញ​សមិទ្ធផលនេះហើយ ពួកគេក៏បានសិក្សា​ស្រាវជ្រាវ​បន្ត ទៅលើបញ្ជីក្រុម​កាឡាក់ស៊ី ចំនួនជាច្រើនប្រភេទ​ទៀត ដោយនៅក្នុងនោះ​កាឡាក់ស៊ីចំនួន ១៦ក្រុម គឺមានលក្ខណៈប្រហាក់ប្រហែល​គ្នា។

គួរបញ្ជាក់ថា ជាធម្មតា​តំបន់ពន្លឺនៃកាឡាក់ស៊ីមួយ មានកម្រិតមិនសូវខ្លាំងនោះទេ ក៏ប៉ុន្តែ​កម្រិតពន្លឺ​របស់កាឡាក់ស៊ីបៃតងនេះ មានវិសាលភាពស្ទើរតែប៉ុនទំហំត្រួតនៃ​កាឡាក់ស៊ីទាំងមូល ហើយមិនតែប៉ុណ្ណោះ​ វាថែមទាំងមានពន្លឺពណ៌បៃតង ដែលមានលក្ខណៈ​ខុសប្លែកពីគេដទៃ​ទៀត និងជាប្រភេទ​ដ៏កម្របំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here