(អាមេរិក)៖ អង្គការ NASA កំពុងតែចាប់អារម្មណ៍ខ្លាំង និងអាចចំណាយលុយដើម្បីផលិតយាន ទៅសិក្សាស្រាវជ្រាវផ្នែកដ៏សំខាន់មួយ ដែលជាក្តីសង្ឃឹមក្នុងការដាក់អណានិគមលើភពសុក្រ ហើយទីតាំងនោះលោកអ្នកភាគច្រើនប្រាកដជាធ្លាប់បានដឹងរួចមកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space នារសៀលថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ២០១៨។
សម្រាប់ក្រុមហ៊ុនដែលនឹងទទួលបន្ទុក កសាងយានជ្រែកពពកភពសុក្រ ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីភាពដែលអាចទៅរួច ក្នុងការដាក់មូលដ្ឋាននៅទីនោះ គឺក្រុមហ៊ុន Black Swift Technologies (BST) ស្ថិតនៅក្នុងរដ្ឋខូឡូរ៉ាដូ។ វាជាប្រភេទយាន ឬគ្រឿងយន្តអវកាស ដែលមានសមត្ថភាពក្នុងការស៊ូទ្រាំ ចល័តនៅក្នុងពពករបស់ភពសុក្រ ដែលមានលក្ខណៈកញ្ជ្រោល និងមានព្យុះ ថែមទាំងផ្គររន្ទះ។
ដូចដែលយើងបានដឹងកន្លងមកហើយថា កំហាប់បរិយាកាសនៃភពសុក្រ គឺក្រាស់ជាង កំហាប់បរិយាកាសផែនដីរហូតដល់ទៅ ៩០ដងឯណោះ ដូច្នេះវាពិតជាលំបាកណាស់ នៅក្នុងការផលិតយានហោះហើរមួយចេញមក ដើម្បីឲ្យធ្វើចលនានៅក្នុងបរិស្ថានដែនអាកាសដ៏លំបាកវេទនាបែបនោះ។ ប៉ុន្តែក្រុមហ៊ុន BST គឺមានបទពិសោធន៍រួចមកហើយនៅក្នុងការផលិតឧបករណ៍បច្ចេកវិទ្យា ដើម្បីធ្វើការអង្កេតបន្ទុះភ្នំភ្លើង ព្យុះថូណាដ៏ដ៏កំណាច និងព្យុះហ៊ឺរីខិនជាដើម ដែលសុទ្ធសឹងតែជាគ្រោះធម្មជាតិអាក្រក់ៗ តែងតែកើតមាននៅលើភពផែនដី។
ដូច្នេះលោក Jacke Elston ដែលជារៀបចំផែនការនេះបានអះអាងថា បេសកកម្មនាពេលខាងមុខ គឺជាការពង្រីកការយល់អំពីធម្មជាតិរបស់យើងបន្ថែមទៀត ហើយមានតែពេលនេះប៉ុណ្ណោះ ដែលយើងអាចចាប់ផ្តើមគិតគូរ អំពីការសិក្សាចំពោះស្ថានភាពដ៏លំបាកវេទនា និងក្តៅគគុករបស់ភពសុក្រ (ខ្មែរបុរាណហៅថា ផ្កាយព្រះសុក្រ) ដែលភពទីពីរនៅក្នុងប្រព័ន្ធព្រះអាទិត្យ។
គួរបញ្ជាក់ថា ភពសុក្រ គឺជាទីតាំងទីពីរបន្ទាប់ពីភពព្រះអង្គារ ដែលមានយានពីផែនដីទៅធ្វើការសិក្សាច្រើនជាងគេ ជាពិសសកាលពីសម័យអតីតសហភាពសូវៀត ដែលបានចុះទៅថតរូបដោយផ្ទាល់ តាមរយៈយានស៊េរី Venera ដ៏អស្ចារ្យកាលពីអំឡុងទសវត្សរ៍ ១៩៧០ និង ១៩៨០។ យាននៅក្នុងពពកភពសុក្រ អាចជាពោងខ្យល់សណ្តោងគ្រឿងយន្តស្រាវជ្រាវ ដែលមានសមត្ថភាពសិក្សាអ្វីៗគ្រប់យ៉ាងអំពីបរិយាកាស និងផ្ទៃស្រទាប់លើ នៃភពដែលមានកម្តៅអាចរំលាយសារធាតុសំណបាននេះ៕