(អាមេរិក)៖ ដូចដែលយើងបានដឹងនាពេលកន្លងមកនេះហើយថា វាគឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សលោក ដែលអ្នកវិទ្យាសាស្រ្តបានប្រទះឃើញវត្ថុទីមួយ ដែលធ្វើដំណើរមកពីក្រៅប្រព័ន្ធព្រះអាទិត្យ ហើយចូលក្នុងប្រព័ន្ធយើងក្នុងលក្ខណៈប្លែក និងពិបាកស្មានដល់។
កាលពីខែតុលា ឆ្នាំ២០១៧ វត្ថុរាងទ្រវែងមួយដែលគេដាក់ឈ្មោះឲ្យថា Oumuamua ត្រូវបានប្រទះឃើញដោយប្រព័ន្ធតេឡេស្កូបមួយ នៅកោះហាវ៉ៃសហរដ្ឋអាមេរិក។ អ្នកវិទ្យាសាស្រ្តបានប្រឹងប្រែងរាប់ទសវត្សរ៍ ដើម្បីតាមរកសញ្ញានៃជីវិតក្រៅភពផែនដី ដូច្នេះហើយតើការបង្ហាញខ្លួនរបស់ Oumuamua មានន័យថា អេលៀនពិតជាមានមែនឬ?
អ្នកជំនាញបាននិយាយថា វាទំនងជាពុំអាចទៅរួចខ្លាំងជាង ប៉ុន្តែយើងមិនទាន់អាចមើលរំលង បានទាំងស្រុងនៅឡើយទេ។ ក្រុមអ្នកស្រាវជ្រាវជឿថា Oumuamua មានសណ្ឋានដូចទៅនឹងបារីស៊ីហ្គា (Cigar) ជាមួយបណ្តោយប្រវែងប្រហែល ២០០ម៉ែត្រ និងទទឹង ២០ម៉ែត្រ។ ប៉ុន្តែការប៉ាន់ស្មាននេះត្រូវបានធ្វើឡើង ដោយផ្អែកតែទៅលើបម្រែបម្រួល នៃពន្លឺនៅពេលវាវិលប៉ុណ្ណោះ។
សំណួរធំបំផុតដែលអ្នកវិទ្យាសាស្រ្តមិនអាចឆ្លើយបានវិញនោះ គឺទាក់ទងនឹងកម្រាស់នៃវត្ថុអវកាសចម្លែកនេះ។ បើតាមសហគមន៍អ្នកវិទ្យាសាស្រ្តបានដឹង តាំងពីដើមមកពុំមានវត្ថុកើតឡើងពីធម្មជាតិណាមួយ មានទំហំធំដូច Oumuamua តែមើលទៅហាក់ដូចមានកម្រាស់ស្តើងដូចជាវាឡើយ។ ប្រការនេះបង្កើនលទ្ធភាពថា Oumuamua ត្រូវបានបង្កើតឡើងដោយពួកអេលៀន។
យោងទៅលើល្បឿនដែលវាធ្វើដំណើរអ្នកជំនាញជឿថា Oumuamua អាចជាវត្ថុមួយគេហៅថា Light Sail ដែលជាវត្ថុមានកម្រាស់ស្តើងខ្លាំងអាចអណ្តែតខ្លួន ឬធ្វើដំណើរក្នុងទីអវកាសបាន ដោយប្រើកម្លាំងពីព្រះអាទិត្យ ឬក៏ផ្កាយដទៃទៀត ពោលប្រៀបដូចជាថត់ប្លាស្ទិករសាត់នៅក្នុងខ្យល់អ៊ីចឹងដែរ។ យ៉ាងណាមិញ បើចង់ឲ្យការសន្និដ្ឋាននេះអាចក្លាយជាការពិតបាន Oumuamua ត្រូវមានកម្រាស់ត្រឹមតែមួយមីលីម៉ែត្រប៉ុណ្ណោះ គឺស្មើនឹងសន្លឹកក្រដាស់ពី ៥ ទៅ ១០សន្លឹកត្រួតលើគ្នា។
ពីដំបូងឡើយអ្នកវិទ្យាសាស្រ្តបានកំណត់ថា Oumuamua ច្បាស់ជាផ្កាយដុះកន្ទុយ (Comet) ឬជាអាចម៍ផ្កាយធម្មតា (Asteriod) ប៉ុន្តែទ្រឹស្តីទាំងនេះត្រូវបានបដិសេធចោលវិញ ពីព្រោះថាមិនដូចទៅនឹង Comet ដែលអ្នកវិទ្យាសាស្រ្តធ្លាប់សិក្សាឡើយ វត្ថុអាថ៌កំបាំងនេះ មិនមានស្នាមកម្ទេចកម្ទីដែលដូចជាកន្ទុយ ដូចទៅនឹងអ្វីដែល Comet ជាធម្មតាតែងតែបញ្ចេញនោះឡើយ។
ដោយឡែក ប្រសិនបើ Oumuamua ពុំមែនជា Comet ឬ Asteriod ឱកាសដែលវាគឺជា Light Sail អាចកើនឡើង ព្រោះវាអាចទៅរួចដែលថា នៅក្រៅប្រព័ន្ធសូឡារបស់យើង សមាសធាតុផ្សំនៃដុំថ្មអវកាសមានភាពខុសគ្នាពីទីនេះ។ ការលើកឡើងចង់សំដៅថា Oumuamua គឺកើតឡើងពីធម្មជាតិ ទោះបីជាកន្លងមកយើងពុំដែលឃើញវត្ថុចម្លែកប្រភេទនេះក៏ដោយ។
ជុំវិញរឿងនេះ អ្នកវិទ្យាសាស្រ្តលើកឡើងថា វត្ថុជាច្រើនដែលស្រដៀង Oumuamua ប្រហែលជាមានវត្តមាននៅក្នុងទីអវកាសដ៏សែនជ្រៅ ដោយគ្រាន់តែថ្មីៗនេះវាឆ្លងចូលមកចំប្រព័ន្ធព្រះអាទិត្យ។ ម៉្យាងវិញទៀត វត្ថុទាំងនេះក៏ទំនងជាធ្លាប់មកដល់ប្រព័ន្ធសូឡាកាលពីអតីតកាល ហើយត្រូវមើលរំលងផងដែរ ដោយសារយើងមិនទាន់មានមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រទះឃើញសញ្ញាវា។
បច្ចុប្បន្នអ្នកវិទ្យាសាស្រ្តកំពុងសាងសង់តេឡេស្កូបថ្មីមួយទៀត ស្រដៀងតេឡេស្កូបនៅហាវ៉ៃ ដែលបានប្រទះឃើញ Oumuamua។ នៅពេលសាងសង់ហើយនៅប្រទេសឈីលី វានឹងត្រូវប្រើប្រាស់ សម្រាប់តាមរុករកវត្ថុអវកាសស្រដៀងគ្នានេះ។
អ្នកវិទ្យាសាស្រ្តជាច្រើននៅតែមិនច្រានចោលទ្រឹស្តី ពាក់ព័ន្ធនឹងអេលៀនឡើយ ប៉ុន្តែទ្រឹស្តីនេះមានភាគរយតិចតួចស្តួចស្តើងជាទីបំផុត ដោយថា Oumuamua មានចលនា និងលក្ខណៈដូចជាដុំថ្មអវកាសជាជាងយានអវកាស ហើយប្រសិនបើវាគឺជាយានដែលបញ្ជូនសំដៅមកប្រព័ន្ធព្រះអាទិត្យយើងមែននោះ វាប្រហែលជាស្ថិតនៅក្នុងតំបន់យើងយូរជាងនេះ ហើយប្រហែលអាចមកកៀកផែនដីថែមទៀត។ លើសពីនេះ អ្នកវិទ្យាសាស្រ្តក៏អាចនឹងប្រទះឃើញរលកសញ្ញាប្រភេទណាមួយ របស់វត្ថុចម្លែកនេះផងដែរ ប្រសិនបើវាមានលក្ខណៈជឿនលឿនណាមួយ។
គួរជម្រាបថា ខណៈដែល Oumuamua បានចាកចេញផុតពីប្រព័ន្ធព្រះអាទិត្យទៅហើយនោះ សង្ឃឹមថាទៅថ្ងៃមុខអ្នកវិទ្យាសាស្រ្តនឹងជួបប្រទះវត្ថុស្រដៀងគ្នានេះជាបន្តបន្ទាប់ទៀត ដើម្បីសិក្សាស្វែងយល់បន្ថែមឲ្យកាន់តែច្បាស់ជាងនេះ៕