រាត្រី​តំបន់ប៉ូលមកដល់ហើយ! ទីក្រុង Utqiagvik រដ្ឋអាឡាស្កា​ នឹងងងឹតឈឹង​រយៈពេល​៦៥ថ្ងៃ!

0

(អាមេរិក)៖ ពេល​វេលា​​ដែល​ហៅថា «រាត្រីនៅតំបន់​ប៉ូល ឬ Polar Night» បានចាប់ផ្តើមហើយ​​នាដើមសប្តាហ៍នេះ នៅឯ​​​ទីក្រុង Utqiagvik ក្នុងរដ្ឋអាឡាស់ស្កា​ នៃសហរដ្ឋអាមេរិក ដែលនឹងមានរយៈពេល​រហូតដល់ ៦៥ថ្ងៃ។ នេះបើតាមការ​ដក​ស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Daily Mail (Mail Online) នៅល្ងាច​ថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ទីក្រុង Utqiagvik ដែលពីមុនមក​មានឈ្មោះថា Barrow កាលពីថ្ងៃអាទិត្យ​កន្លងទៅ (ពេលវេលា​ក្នុងតំបន់) ទទួលបាន​ពន្លឺព្រះអាទិត្យ​ត្រឹមតែ ៦៤នាទីប៉ុណ្ណោះ ដោយ​ព្រះអាទិត្យបានរះ​​នៅម៉ោង​ ១២៖៤០នាទី ហើយលិចទៅវិញ​នៅម៉ោង​ ០១៖៤៤នាទីរសៀល ខណៈចាប់​ពី​ពេល​​នេះ​តទៅ​ទីក្រុង Utgiagvik នឹង​មិន​អាច​​មើល​ឃើញ​ព្រះ​អាទិត្យ​ទៀត​ឡើយ​​រហូត​ទាល់​តែ​ដល់​​ថ្ងៃ​ទី២៣ ខែមករា ឆ្នាំ២០១៩​។

គួរជម្រាបថា ទីក្រុងខាងលើ​មានមនុស្សរស់នៅ​ប្រមាណ​ ៤,០០០នាក់ និងមានទីតាំង​នៅចម្ងាយ ​៥១៥គីឡូម៉ែត្រ ពីខាង​លើរង្វង់​តំបន់​អាក់ទិច (Arctic Circle)។ នាអំឡុង Polar Night សីតុណ្ហភាព​នៅក្រុង Utqiagvik នឹងធ្លាក់ចុះ​ខ្លាំងរហូត​ដល់ចន្លោះពី -២០ ទៅ -២៨អង្សាសេ។

ដោយឡែកទោះបី​ជាទទួលរង​បាតុភូត Polar Night ក៏ដោយ ទីក្រុង Utqiagvik នឹង​មិនងងឹតសូន្យទាំងស្រុងឡើយដោយវានឹងមាន​ការជះពន្លឺតិចតូចល្មម អាចមើលឃើញ​វត្ថុនៅទីធ្លាខាង​ក្រៅបាន​សម្រាប់រយៈពេល​ពី ៣ ទៅ ៦ម៉ោង ក្នុងមួយថ្ងៃ។ ការលេចចេញ​នូវបាតុភូត​បែបនេះ ដោយសារដំណើរមកដល់នៃ​​ចលនាល្អៀងអ័ក្សរង្វិល​ផែនដី ដែលគោចរជុំវិញ​ព្រះអាទិត្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here