កុំឲ្យចាញ់ SpaceX និង Blue Origin អង្គការ NASA កំពុងត្រៀម​នាំអ្នកទេសចរ​ឡើង​ទៅលេង​ទីអវកាសដែរ… ​

0

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ​អវកាសអាមេរិក NASA នាពេល​ឆាប់ៗនេះ ប្រហែល​​នឹង​ចាប់​ផ្តើម​លក់​សំបុត្រ​សម្រាប់​​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​ ​​ទៅ​កាន់​ទីអវកាស​ដែរហើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយ Fortune នៅ​យប់​ថ្ងៃ​អង្គារ ទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដំណឹងខាងលើនេះ​បានលេចចេញលើ​សារព័ត៌មានអាមេរិក Washington Post ដែលបានចុះ​ផ្សាយថា អង្គការ NASA បន្ទាប់ពីបានឃើញ​​ក្រុមហ៊ុនអវកាស​ឯកជនដូចជា Virgin Galaxy, Blue Origin, និង SpaceX នាំគ្នាប្រកួត​ប្រជែង​រឿង​​បញ្ជូនភ្ញៀវទេសចរ​ចេញទៅក្រៅបរិយាកាស​ផែនដី កំពុងតែពិចារណា​លើការលក់សំបុត្រ​ ឲ្យពលរដ្ឋ​សាមញ្ញ​ធ្វើដំណើរ​​តាមគ្រាប់រ៉ុក្កែត​ឆ្ពោះទៅ និងមកពី​ស្ថានីយអវកាស​អន្តរជាតិ ISS ដូចគេដូច​ឯងដែរ។

ទោះបីនេះអាច​ក្លាយជាលើកដំបូង​ សម្រាប់សហរដ្ឋអាមេរិកក៏ដោយ ប្រទេសរុស្ស៉ីវិញ បានធ្វើការបញ្ជូន​អ្នកទេសចរ​ឡើងទៅកាន់​ទីអវកាស​ ចាប់តាំងតែពីឆ្នាំ២០០១ មកម្ល៉េះ នៅពេល​មហាសេដ្ឋីអាមេរិក​ម្នាក់ឈ្មោះ Dennis Tito បាន​​ចំណាយ​លុយ ២០លានដុល្លារ ដើម្បីជិះ​គ្រាប់រ៉ុក្កែត Soyuz ទៅកាន់ ISS។

ក្រៅពីការនាំយក​ពលរដ្ឋសាមញ្ញឡើង​​ទៅ​​អវកាស ​រុស្ស៉ីក៏បានបំផុស​នូវ​គំនិត​នៃការសាងសង់សណ្ឋាគារ​ប្រណិតមួយនៅ​លើស្ថានីយ ISS ផងដែរ ដែលអាច​​ឲ្យ​​ភ្ញៀវទេសចរ​ធ្វើការកក់ក្នុងតម្លៃ​ ២០លានដុល្លារបាន ដើម្បីស្នាក់​នៅកម្សាន្តសម្រាប់​រយៈពេល ០២សប្តាហ៍​ថែម​ទៀត​ផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here