Oops! រុស្ស៊ី​សន្យាស៊ើបរកការពិត! តើការ​បញ្ជូនមនុស្ស​ទៅឋានព្រះច័ន្ទ​របស់អាមេរិក ជាការពិត ឬបោកប្រាស?

0

(ម៉ូស្គូ)៖ ដោយសារតែ​​ប៉ុន្មានឆ្នាំចុង​ក្រោយនេះ មានការសាកសួរ​​ជាច្រើន និងការបង្ហោះ​ព័ត៌មាន​បែកធ្លាយ​​អំពីភស្តុតាង​នានា​ដែលមានចេតនាចង់បញ្ជាក់ថា តាមពិតការ​បញ្ជូនមនុស្សដំបូង​ទៅជាន់ដី​ឋានព្រះច័ន្ទ​ ​ដោយ​អង្គការ NASA របស់​សហរដ្ឋអាមេរិក កាលពីចុង​ទសវត្សរ៍ ១៩៦០ និងដើម​ទសវត្សរ៍ ១៩៧០ គឺជារឿង​​​បោក​ប្រាសនោះ ប្រមុខដឹកនាំ​ទីភ្នាក់ងារ​អវកាស​ជាតិ​​រុស្ស៊ី លោក Dmitry Rogozin បាន​​សន្យា​ថា លោក​នឹងបង្កើត​បេសកកម្មមួយ ដើម្បីស្វែងរក​ពិត​លើរឿងនេះ។ នេះបើតាម​ការ​ចេញផ្សាយ​​ដោយ​វែបសាយ​ព័ត៌មានអង់គ្លេស Independent នាល្ងាច​ថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រធានទីភ្នាក់ងារ​អវកាសជាតិរុស្ស៊ី Roscomos បានថ្លែងដូច​ខាងលើនេះ បន្ទាប់ពី​មាន​សំនួរមួយពីសំណាក់​អ្នកសារព័ត៌មានលេច​ឡើង អំឡុងពេលដែលលោក​​កំពុងជួបពិភាក្សា​ជាមួយនឹងប្រធានាធិបតី​ប្រទេស Moldova លោក Igor Dodon។ មុខនឹងឆ្លើយ​សំនួរដែល​សួរថា តើបេសកកម្ម​បញ្ជូនមនុស្សជាន់ដីព្រះច័ន្ទ ដែលអាមេរិកបាន​ធ្វើដំបូងកាលពីឆ្នាំ១៩៦៩ គឺជារឿង​បោកប្រាស ឬអត់នោះ លោក Rogozin បានបង្ហាញ​អការៈដូចជា ទើបលឺរឿង​កំប្លែង និងសញ្ជឹងគិតបន្តិចទើបលោកឆ្លើយថា ការនិយាយពីភាព​អាថ៌កំបាំង ឬការ​បោកប្រាស​ជុំវិញបេសកកម្ម​បញ្ជូន​មនុស្ស​ ទៅ​ឋានព្រះច័ន្ទរបស់​​អាមេរិកនោះ គឺជារឿងធម្មតា​ទៅហើយនៅក្នុង​ប្រទេសរុស្ស៊ី។

ជុំវិញវីដេអូ​​ពាក់ព័ន្ធមួយ ដែលត្រូវបាន​បង្ហោះទៅ​ក្នុង​បណ្តាញ​​សង្គម Twitter លោក Rogozin បាននិយាយថា «យើងឈរលើ​គោលដៅនេះ ដើម្បីបញ្ជូនយាន​ទៅព្រះច័ន្ទ ហើយស្វែងរកថា តើពិតជាធ្លាប់​មានមនុស្សទៅដល់​ទីនោះ ដែរឬយ៉ាងណា…»។ បេសកកម្ម​ឡើងទៅឋាន​ព្រះច័ន្ទ​របស់អាមេរិក ត្រូវបានធ្វើឡើង​ជាលើកដំបូងបំផុតក្នុង​ប្រវត្តិសាស្ត្រមនុស្សជាតិ ជាមួយ​នឹង​អវកាសយានិក Neil Armstrong និង Buzz Aldrin កាលពី​ឆ្នាំ១៩៦៩ ហើយនៅឆ្នាំបន្ត​បន្ទាប់ទៀត អង្គការ​បានបញ្ជូនអវកាសយានិក​សរុបរហូត​ដល់ ០៦រូប ឡើងទៅ​ឋានព្រះច័ន្ទ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ អតីតអ្នកនាំ​ពាក្យ​សម្រាប់​គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី លោក Vladiimir Markin បាននិយាយថា រុស្ស៊ី​កំពុងអំពាវនាវ​ឲ្យមានការស៊ើបអង្កេត​ជុំវិញការ​បញ្ជូនមនុស្សឡើង​ឋានព្រះច័ន្ទ កាលពីឆ្នាំ១៩៦៩ ដែលកាលណោះ​មានទាំងការ​បង្ហាញដាន​ស្បែកជើងមនុស្សដំបូងលើ​ផ្ទៃព្រះច័ន្ទ និងការ​យកដុំថ្មពីព្រះច័ន្ទត្រឡប់មកធ្វើការពិសោធន៍​នៅលើ​ភពផែនដី​វិញថែមទៀតផង។

កិច្ចអត្ថាធិប្បាយ​របស់លោក Markin ត្រូវបានចុះផ្សាយនៅ​លើកាសែត Izvestia យ៉ាងដូច្នេះថា «យើងមិនចង់​ឈ្លោះប្រកែកដោយ​ការនិយាយថា ពួកគេមិន​បានហោះទៅព្រះច័ន្ទ និងគ្រាន់តែជាការសម្តែងកុន​អំពីរឿងនេះឡើយ…។ ប៉ុន្តែវាគឺ​ត្រូវបានចាត់់ទុកជាសមិទ្ធផល​ប្រវត្តិ​សាស្ត្រ ឬជាផ្នែកមួយនៃ​កេរដំណែលមនុស្ស​ជាតិ ហើយបើសិន​នេះជាភាពក្លែងក្លាយ នោះវា​ក៏ជាការ​បាត់បង់របស់យើង​ផងដែរ។ ដូច្នេះការ​ស៊ើប​អង្កេតគួរតែ​មាន ដើម្បីបង្ហាញ​នូវអ្វីដែលជាការពិត…»។ ទោះ​បីជាបែបនេះក្តី ការអះអាងអំពី​ការស៊ើបអង្កេត​របស់រុស្ស៊ី​ជាថ្មីនេះ​មិនទាន់មាន​ការបញ្ជាក់ថា នឹងកើតឡើងនា​ពេលណានោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here