មិនមែន​តែ InSight ចុះចតលើ​ភពអង្គារនោះទេ​ ដែលជា​រឿងល្អ! អង្គការ NASA នៅមាន​រឿងពិសេស​មួយ​ផ្សេង​ទៀត…

0

(អាមេរិក)៖ មានរឿង​គួរឲ្យអបអរមួយ​ទៀត​ហើយ សម្រាប់ទីភ្នាក់ងារ​អវកាសអាមេរិក NASA បន្ទាប់ពី​ការ​ចុះចត​ដោយ​ជោគ​ជ័យ​​​របស់​​យាន InSight នៅ​ភពអង្គារ (Mars) កាលពីអាទិត្យ​មុន ដោយនាថ្ងៃ​ចន្ទសប្តាហ៍នេះ យានស្រាវជ្រាវ​​មួយ​​​គ្រឿង​របស់ NASA នឹងទៅដល់​អាចម៍ផ្កាយ​ដែលជាគោលដៅរបស់វា​ហើយ ក្រោយការ​ធ្វើដំណើរ​អស់ជា​ច្រើនខែ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។

យាន​អវកាស OSIRIS-REx របស់អង្គការ NASA នឹងធ្វើដំណើរ​ទៅដល់​អាចម៍ផ្កាយ​ឈ្មោះថា Bennu នាវេលា​ម៉ោង​ ១២​៖០០នាទីថ្ងៃត្រង់​​ថ្ងៃចន្ទ (ម៉ោងនៅ​អាមេរិក) ដែលនឹងត្រូវ​​នឹងម៉ោង​ ១២៖០០នាទី​យប់រំលងអធ្រាត្រ​ឈាន​​ចូល​​​ថ្ងៃ​​អង្គារ (ពេលវេលានៅកម្ពុជា)។ ការទៅដល់គោលដៅ​នេះ នឹងកើតមាន​ឡើង ក្រោយការចំណាយ​ពេល ​២៧ខែ​របស់ OSIRIS​-REx ក្នុងការធ្វើដំណើរ​ឆ្លងកាត់​ទីអវកាស។

យាន OSIRIS-REx ដែលមានតម្លៃ​ ៨០០លានដុល្លារ ត្រូវបានបាញ់​បង្ហោះចេញ​ពីផែនដី កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីឆ្ពោះទៅកាន់​​អាចម៍ផ្កាយ​​មានទំហំមុខកាត់​៥០០ម៉ែត្រនេះ។ នៅពេល​ទៅដល់ OSIRIS-REx នឹងរក្សារយៈ​ចម្ងាយ​​ប្រហែល ២០​គីឡូម៉ែត្រ​ពី Bennu។ បន្ទាប់​មកទៀត យាន OSIRIS-REx នឹងហោះក្រឡឹង​ជុំវិញ​អាចម៍ផ្កាយ Bennu ម្តងហើយម្តង​ទៀត សម្រាប់រយៈពេល​​​បួន​សប្តាហ៍ ដើម្បីប្រមូល​យក​ទិន្នន័យ ដែលនឹងជួយដល់​ក្រុមការងារ​បេសកកម្មក្នុង​ការកំណត់​ម៉ាស់របស់​ដុំថ្មអវកាស​​នេះ។

នៅថ្ងៃទី៣១ ខែធ្នូ OSIRIS-REx នឹងចូលទៅ​នៅក្នុង​គន្លង​​របស់ Bennu ជាទីដែលវានឹងធ្វើការ​សិក្សាទៅលើ​អាចម៍​ផ្កាយ​នេះ​ពីចម្ងាយ សម្រាប់រយៈពេល ១៨ខែ មុនចុះទៅទីនោះ​ផ្ទាល់ដើម្បីប្រមូលយក​គំរូតាង ​នៅពាក់កណ្តាល​ឆ្នាំ២០២០។ ជាចុងក្រោយ OSIRIS-REx នឹងចាក​ចេញពី​ Bennu នៅខែមីនា ឆ្នាំ២០២១ ហើយគំរូតាង​របស់ Bennu នឹងត្រឡប់មក​ផែនដីវិញ​ តាមយាន​ពិសេសមួយ​នៅខែកញ្ញា ឆ្នាំ២០២៣។

អាចម៍ផ្កាយ Bennu ត្រូវបានគេចាត់ទុកថា ជាអាចម៍ផ្កាយអាច​បង្កគ្រោះថ្នាក់មួយ ដោយសម្អាងថា នៅចុងសតវត្សរ៍​​ទី២២ ​មានលទ្ធភាពតូចមួយថា​​វាអាចនឹងមកបុក​ផែនដី។ OSIRIS-REx មិនមែនជា​បេសកកម្មប្រមូលគំរូតាង​អាចម៍ផ្កាយ ដែលកំពុងដំណើរការ​តែឯងនោះទេ។ បច្ចុប្បន្នយាន Hayabusa2 របស់​ជប៉ុន កំពុងគោចរជុំវិញ​អាចម៍ផ្កាយ​មួយ​ដុំ​​​​​ទំហំ ៩០០ម៉ែត្រ​ឈ្មោះថា Ryugu ដែលមាន​រាងដូច Bennu ដែរ គឺដូចត្បូង​ពេជ្រ។ Hayabusa2 នឹង​ប្រមូលគំរូតាង​របស់ Ryugu នៅឆ្នាំក្រោយ ហើយបញ្ជូនវា​មកកាន់ផែនដី នៅចុងឆ្នាំ២០២០ ក្នុងករណីដែលអ្វីៗ​ប្រព្រឹត្តទៅយ៉ាងរលូន​ តាម​ការគ្រោង​ទុកទាំង​អស់៕​

LEAVE A REPLY

Please enter your comment!
Please enter your name here