HOT NEWS: ក្រោយហោះហើរ០២ឆ្នាំ ទីបំផុត​យានអវកាស OSIRIS-REx ហោះទៅដល់​អាចម៍​ផ្កាយ​ Bennu ជាផ្លូវការ!

0

(វ៉ាស៊ីនតោន)៖ យានអវកាស OSIRIS-REx របស់អង្គការ NASA ទីបំផុតបានធ្វើដំណើរ​ទៅដល់​​គោលដៅ​របស់វា ដែល​ជាដុំថ្មអវកាស​ចំណាស់​មួយឈ្មោះថា Bennu ហើយ ក្រោយចំណាយ​ពេល​ប្រមាណ ០២ឆ្នាំ​ក្នុងទីអវកាស។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ខែធ្នូ ឆ្នាំ២០១៨។

ការទៅដល់នេះគឺយាន OSIRIS-REx ស្ថិតនៅចម្ងាយត្រឹម ២០គីឡូម៉ែត្រប៉ុណ្ណោះពី Bennu។ OSIRIS-REx ដែលត្រូវ​បានគេបាញ់​បង្ហោះកាលពីខែកញ្ញា ឆ្នាំ២០១៦ នឹងខិតទៅជិត​ Bennu ថែមទៀតនៅប៉ុន្មានខែខាងមុខ ហើយចំណាយ​ពេលជិត ១ឆ្នាំ ដើម្បីសិក្សាទៅ​លើអាចម៍ផ្កាយនេះ មុនពេលជ្រើសរើស​​ទីតាំង​ដែលមាន​សុវត្ថិភាព និង​អាចផ្តល់​​តម្លៃ​​ផ្នែក​​​វិទ្យាសាស្រ្តខ្ពស់ សម្រាប់ការប្រមូល​យកគំរូតាង។

បន្ទាប់មកពី OSIRIS-REx នឹងរំកិលទៅយ៉ាងកៀក ហើយប្រើដៃរ៉ូបូត​របស់វាទៅប៉ះផ្ទៃ​របស់ Bennu សម្រាប់រយៈពេល​ត្រឹម​ ០៥វិនាទី ដើម្បីប្រមូលយកគំរូតាងយ៉ាងតិចទម្ងន់ ៦០ក្រាម។ OSIRIS-REx ត្រូវគេរំពឹងថា នឹងបញ្ជូនគំរូតាងដែល​ប្រមូលបាននោះ មកកាន់ផែនដីនៅ​ខែកញ្ញា ឆ្នាំ២០២៣។

គួរជម្រាបថា គន្លងគោចររបស់ Bennu រត់នៅចន្លោះ​​​គន្លងផែនដី និង​ភពអង្គារ (Mars) មិនមែននៅតំបន់​ខ្សែក្រវាត់​​អាចម៍ផ្កាយ ដែលនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍ឡើយ (Jupiter)។ បច្ចុប្បន្ន Bennu ស្ថិតនៅចម្ងាយ​​​ប្រហែល​ ១២២លានគីឡូម៉ែត្រ​ពីផែនដី ដោយវាគោចរមួយ​ជុំព្រះអាទិត្យជារៀងរាល់ ១.២ឆ្នាំលើផែនដី និងធ្វើដំណើរមកកៀក​ភពរបស់យើង​ជារៀងរាល់ ០៦ឆ្នាំម្តង។ Bennu ត្រូវគេ​ព្យាករណ៍ថា វាមានលទ្ធភាព​ដ៏តូចមួយថាអាចមក​បុកផែនដី នៅ​ចុងសតវត្សរ៍ទី ២២។

មូលហេតុមួយផ្សេងទៀតដែល​គេជ្រើសរើសយកវា ក្នុងចំណោម​អាចម៍ផ្កាយជាង ៥០០,០០០ទៀត ដែលគេស្គាល់ក្នុង​ប្រព័ន្ធព្រះអាទិត្យ គឺដោយសារតែ​សមាសធាតុផ្សំ ដែលសម្បូរទៅដោយ​សារធាតុ​កាបូនរបស់វា។ អាចម៍​ផ្កាយ​ចំណាស់​​ដូចជា Bennu គឺមានលក្ខណៈស្រដៀងនឹងផែនដី នៅពេលដែលជីវិតចាប់ផ្តើម​វិវត្តន៍​​ឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here