ដូចមតិមួយចំនួន​លើក​ឡើង… តាមពិត​ពួកអេលៀន​ប្រហែលជាធ្លាប់មកទស្សនកិច្ចភពផែនដី ​រួចទៅ​ហើយ…

0

(វ៉ាស៊ីនតោន)៖ អ្នកវិទ្យាសាស្រ្ត​មួយចំនួននៅទីភ្នាក់ងារ​អវកាស​អាមេរិក NASA បានបង្ហាញ​ការយល់ឃើញ​របស់ពួកគេ​​ថា ជីវិតអេលៀន​ឆ្លាតវៃ​ប្រហែលជា​ធ្លាប់បានមកទស្សនកិច្ច​រួចស្រេចទៅ​ហើយ នៅភពផែនដីរបស់យើងនេះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពី វែបសាយអង់គ្លេស UNILAD នៅរសៀលថ្ងៃអង្គារ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដូច្នេះតើអេលៀន​ស្ថិតនៅក្នុងចំណោម​ពួកយើង ឬយ៉ាងណា? ចម្លើយគឺថា​វាទំនងអាចទៅរួចដែរ ព្រោះអី​បើ​តាម​លោក Silvano P. Colombano ដែលជា​អ្នក​វិទ្យាសាស្រ្ត​ម្នាក់នៅអង្គការ NASA ជីវិត​ក្រៅភព​ប្រហែលជាបាន​មកជាន់ភព​យើង​រួចស្រេច​ទៅហើយ គ្រាន់តែយើង​មិនបានចាប់​អារម្មណ៍។ លោក Colombano បានលើក​ឡើងទៀតថា ទម្រង់ជីវិតដទៃទៀត​ដែលមិនផ្អែកលើ​សារធាតុកាបូន ប្រហែលជា​​បានមកដល់​ផែនដីរួច​ទៅហើយ ប៉ុន្តែយើងមិន​បានចាប់អារម្មណ៍វា គឺដោយសារយើង​រវល់តែ​រុករកទម្រង់ជីវិត​ដែលផ្អែកលើ​កាបូន​​ខ្លាំងពេក។

លោក Colombano បាននិយាយ​យ៉ាងដូច្នេះថា «ដោយយោង​លើភាពសម្បូរគួរសម​នៃវត្តមាន​ធាតុ ដែល​អាចទាក់ទង ​នៅ​ក្នុងប្រភពដើមនៃ​ទម្រង់ជិវិត​​នៅក្នុងចក្រវាឡ វាគឺជាការសន្និដ្ឋាន​សមហេតុសមផលមួយ​ ក្នុងការលើកឡើងថា ទម្រង់​ជិវិត​ដែលយើងតែង​ស្គាល់ យ៉ាងហោចណាស់​គឺជា​ចំណុចចាប់ផ្តើម​ជាទូទៅ​មួយ ប៉ុន្តែភាពឆ្លាតវៃ និងទម្រង់នៃជីវិត​សព្វថ្ងៃនេះ​របស់ពួកយើង ប្រហែលជា​ជំហានដំបូងដ៏តូចមួយ នៅក្នុងដំណើរវិវត្តន៍​​ឥតឈប់ឈរមួយ ដែល​​ប្រហែល​អាចបង្កើតឡើង​នូវ​ទម្រង់ជីវិតឆ្លាតវៃ​​​ផ្សេងៗ ដែលមានសមត្ថភាពខ្លាំង​ដាច់យើងឆ្ងាយ និងលែងផ្អែក​លើគោលការណ៍​ នៃ​សារ​ធាតុកាបូន​ទៀត​ហើយ»​។

គួរបញ្ជាក់ថា ខាងលើនេះគ្រាន់តែ​ជាការសន្និដ្ឋានរបស់ក្រុមអ្នកវិទ្យាសាស្ត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ភាពពិត​យ៉ាងណានោះ សង្ឃឹមថា​នឹងអាចមានការសិក្សា​​លើជីវិត​នៅលើផែនដីនេះផ្ទាល់​ជាពិសេសនោះ គឺអំបូរមនុស្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here