រកឃើញប្រាំឆ្នាំហើយ​ទើបដឹង​ថា វាជាអំបូរ​សត្វដាយណូស័រ​ប្រភេទ​ថ្មី កាលពី​១០០លាន​ឆ្នាំ​មុន (រូបភាពខាងក្នុង)

0

(ស៊ីដនី)៖ សត្វដាយណូស័រ​អម្បូរថ្មីមួយ ត្រូវបានកំណត់​អត្តសញ្ញាណ​តាមរយៈ​របកគំហើញនៃ​​បំណែក​ឆ្អឹងថ្គាម​មួយ​​​​ ដែលត្រូវគេប្រទះឃើញ​នៅក្នុងប្រទេសអូស្រ្តាលី។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។

បើតាមការវិភាគ​ស្រាវជ្រាវ ឆ្គឹងថ្គាមផ្នែកខាងក្រោម​ដែលត្រូវបានរកឃើញ​​នៅ​​ក្រុង Lightning Ridge ដែលល្បីឈ្មោះ​ខាងរុករក​រ៉ែគ្រីស្តាល់អូផាល់ (Opal) មានចំណាស់​ប្រហែល ១០០លានឆ្នាំ ហើយអ្នកវិទ្យាសា​ស្រ្ត​បានកំណត់ថា វាគឺជា​​​របស់សត្វ​ដាយណូស័រជើងពីរ​ហៅថា Weewarrasaurus pobeni ដែលស៊ីរុក្ខជាតិ​ជាអាហារ និងមានទំហំប្រហាក់​​ប្រហែលពូជ​សត្វសុនខគង្វាល​ចៀមរបស់​អូស្រ្តាលី Kelpie។

អម្បូរខាងលើនេះ គឺជាដាយណូស័រ​ដំបូងគេ ដែលត្រូវបានដាក់​នៅក្នុងរដ្ឋ New South Wales នៃ​ប្រទេស​​អូស្រ្តាលី ក្នុងអំឡុងពេលជិត​មួយសតវត្សរ៍កន្លង​ទៅនេះ​ហើយអម្បូរនេះ​គឺយកឈ្មោះ​តាមកន្លែង​រុករករ៉ែអូផាល់ Wee Warra ដែលនៅ​ជាយក្រុង Lightning Ridge ជាទីដែលបំណែក​ហ្វូស៊ីលនេះ ត្រូវបានប្រទះឃើញ​ជាលើកដំបូង​​កាលពី​០៥ឆ្នាំមុន។

គួរបញ្ជាក់ថា អំបូរសត្វដាយណូស័រ​ប្រភេទថ្មីៗ ត្រូវបានរកឃើញជាបន្តបន្ទាប់ ដូចជានៅ​ប្រទេសអាហ្សង់ទិន ចិន និងអាហ្វ្រិកជាដើម។ សត្វដាយណូស័រ​បានគ្រប់គ្រង​ភព​ផែនដី​ជាង ១៥០លានឆ្នាំ និងបានផុតពូជទាំងអស់​កាលពី ៦៥លានឆ្នាំមុន ក្រោយ​ពីភព​ផែនដី​​ត្រូវបាន​អាចម៍ផ្កាយ​​មានមុខកាត់ ១០គីឡូម៉ែត្រ​​បុកចំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here