ពិតជាមិនធម្មតា! កែវយឺតអវកាស NASA ថតបាន​បន្ទុះ​សូពើណូវ៉ា កាលពី​១៧០​លានឆ្នាំ​មុន!

0

(អាមេរិក)៖ កែវយឺតអវកាស​នៃទីភ្នាក់ងារ​អវកាស​អាមេរិក NASA បានឆ្លុះឃើញ​ពន្លឺនៃបន្ទុះ​ផ្កាយ ដែល​បាន​កើត​ឡើង​​​​កាលពីប្រមាណ​ជា ១៧០លានឆ្នាំមុន ពោលគឺតារា​មួយដួងនេះស្ថិត​នៅចម្ងាយ ​​១៧០លានឆ្នាំ​ពន្លឺពីយើង។ នេះ​បើតាម​​ការប្រកាស​ឲ្យដឹងពី NASA ដកស្រង់ខ្លឹមសារ​ដោយវែបបសាយ Space នៅយប់ថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។

នៅពេលផ្កាយធំមួយ​ឈានដល់ទីបញ្ចប់​នៃអាយុជីវិត​របស់វា ការផ្ទុះដ៏ភ្លឺចែងចាំង និង​ពោរពេញដោយ​ថាមពល ដែល​គេ​ស្គាល់ថា «បាតុភូតបន្ទុះ​ស៊ូភើណូវ៉ា» តែងកើត​ឡើង។ តាមរយៈ​ការប្រើប្រាស់​ Kepler ជាកែវយឺតអវកាស​ ដែល​បច្ចុប្បន្ន​​ចូលនិវត្តន៍​ទៅហើយនោះ ព្រមទាំង​ប្រព័ន្ធ​តេឡេស្កូបមួយចំនួនទៀត​នៅលើផែនដី ក្រុមតារាវិទូបាន​រកឃើញ​សញ្ញា​នៃពន្លឺ​​ចែងចាំង​របស់បាតុភូត​​ស៊ូភើណូវ៉ា ដែលគេដាក់​ឈ្មោះ​ឲ្យថា SN 2018oh កាលពី​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨។

SN 2018oh ស្ថិតនៅក្នុង​កាឡាក់ស៊ីរាងគូទខ្យង​​មានឈ្មោះថា UGC 4780 នៅក្នុង​កញ្ចុំ​ផ្កាយ Cancer ហើយវាត្រូវ​អ្នក​​វិទ្យាសាស្រ្ត​ចាត់ថ្នាក់ជាប្រភេទ​ស៊ូភើណូវ៉ា Type Ia ដែលជាទូទៅជះ​ពន្លឺខ្លាំងឡើងៗ​ក្នុងអំឡុង​ពេល ០៣សប្តាហ៍​មុន​ពន្លឺវាចុះខ្សោយ​ទៅវិញ។

យ៉ាងណាមិញ បន្ទុះស៊ូភើណូវ៉ា ដែលប្រទះឃើញ​​ដោយ Kepler តែប៉ុន្មានថ្ងៃ​ក្រោយការចាប់ផ្តើម​ផ្ទុះដំបូងនោះ ​មាន​​ការកើន​ឡើងពន្លឺ​ក្នុង​កម្រិត​០៣ដងលឿន​ជាង​ស៊ូភើណូវ៉ា​ធម្មតា នៅក្នុងដំណាក់​កាលដូចគ្នា មុនពេល​ឈានដល់​​ចំណុចភ្លឺខ្លាំង​បំផុត​។ ក្នុងនាមជា​ប្រភេទស៊ូភើណូវ៉ា Type Ia SN 2018oh គឺជា​ឧទាហរណ៍​ចម្បងជាង​គេមួយ នៃ​ប្រភេទ​​​ស៊ូភើណូវ៉ា ដែល​អ្នកតារាសាស្រ្ត​អាចប្រើប្រាស់​​ដើម្បី​សិក្សាលើ​ថាមពល​ងងឹត (Dark Energy) និង​ការ​ពង្រីកខ្លួន​នៃ​​ចក្រ​វាឡ។

គួរជម្រាបថា ទោះបីជាអស់​ឥន្ទនៈហើយចូលនិវត្តន៍ជា​ផ្លូវការកាលពីថ្ងៃទី៣០ ខែតុលា ក៏ដោយក្តៅ ក្នុងអំឡុង​ពេលធ្វើ​ប្រតិបត្តិការ​រាប់ឆ្នាំរបស់វា កែវយឺត​អវកាស Kepler បានប្រទះឃើញបេក្ខភាព​ជាបន្ទុះ​ស៊ូភើ​ណូ​វ៉ា​ជាង ៤០ ដែលនឹង​ត្រូវ​​សិក្សាស្រាវជ្រាវ​ជាបន្តបន្ទាប់​នាថ្ងៃ​អនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here