យានតូចៗ ១,០០០គ្រឿង នឹងត្រូវបាញ់​បញ្ជូនទៅ​ប្រព័ន្ធ​ផ្កាយ Alpha Centauri ដោយ​ប្រើប្រាស់​ពេល ២៥ឆ្នាំ!

0

(អាល្លឺម៉ង់)៖ កិច្ចផ្តួចផ្តើម​ឈ្មោះថា Breakthrought Starshot កំពុង​អភិវឌ្ឍន៍​ប្រព័ន្ធឡាស៊ែរ​​ដ៏ខ្លាំក្លា​មួយ ដើម្បីបញ្ជូ​នយាន​​អវកាស​ទៅរុករក​នៅប្រព័ន្ធផ្កាយដទៃ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយ Business Insider នៅ​រសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

គម្រោងនេះ​ត្រូវបានរៀបចំឡើង​ ដោយ​ផ្អែកលើការសិក្សាស្រាវជ្រាវ​យ៉ាងលម្អិត​ជាច្រើន អំពីការធ្វើដំណើរ​ឆ្លង​ប្រព័ន្ធ​​ផ្កាយ ខណៈ​​មហាសេដ្ឋី​សញ្ជាតិអាមេរិក​ដើមកំណើត​រុស្ស៉ី លោក Yuri Milner ព្រមទាំង​កំពូលមហាសេដ្ឋីអាមេរិក​​ជា​​ច្រើនរូបទៀត កំពុងតែឧបត្ថម្ភ​លុយម្នាក់រាប់​លានដុល្លារ​ សម្រាប់កិច្ចការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍​១០ឆ្នាំដំបូង។ គម្រោង​ Starshot ក៏មានការចូលរួមសហការពី​អ្នកវិទ្យាសាស្រ្ត​ជំនាញៗផងដែរ។

គម្រោងពោរពេញ​ដោយមហិច្ឆតានេះ មានគោលដៅចង់​​បញ្ជូន​ក្រុម​យាន​អវកាសខ្នា​ត​តូចហៅថា StarChip ​​ប្រហែល​ ១,០០០គ្រឿង​​ឆ្ពោះ​ទៅ​កាន់​ប្រព័ន្ធផ្កាយ Alpha Centauri (ចម្ងាយ៤.៣៦៧ឆ្នាំពន្លឺ) ដែលជាប្រព័ន្ធផ្កាយ​នៅកៀក​ផែន​ដី​បំផុត​លំដាប់ទីពីរ ជាមួយ​ល្បឿន​ធ្វើដំណើរ​​ស្មើ​នឹង ២០ភាគរយ​នៃល្បឿនពន្លឺ គឺខ្ទង់ ២១៦លានគីឡូម៉ែត្រ​ក្នុងមួយម៉ោង តាម​រយៈ​ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ​​ឡា​​ស៊ែរ​​​ដែល​​​មាន​ថាមពល​​ប្រហែល ១០០ជីហ្គាវ៉ាត់ពីផែនដី។ គោលដៅ​មួយ​​ទៀត​ដែល​ស្ថិតក្រោមការ​ពិចារណា គឺប្រព័ន្ធផ្កាយ Proxima Cenauri ដែលកាន់តែ​នៅជិតផែនដី គឺ ៤.២៤៣ឆ្នាំពន្លឺ ហើយ​អាច​មាន​​ផ្ទុក​ភពដែលទ្រទ្រង់ជីវិត​បានថែម​ទៀត។

គួរជម្រាបថា បើតាមការបញ្ជាក់​ពី​ក្រុមវិស្វករ​របស់ StarShot ​ប្រព័ន្ធកាំរស្មីឡាស៊ែរ​​​កម្លាំង​១០០ជីហ្គាវ៉ាត់នោះ នឹង​ខ្លាំង​គ្រប់គ្រាន់​រហូតដល់អាចធ្វើឲ្យទីក្រុងធំ​មួយឆេះបាន ប្រសិនបើវាជះ​ពន្លឺពីផ្ទាំងកញ្ចក់មួយ​ក្នុងទីអវកាស ត្រឡប់​មក​​កាន់​ផែនដី​។ បើអ្វីៗ​ប្រព្រឹត្តទៅ​តាមការគ្រោងទុក ក្រុមយាន StarChip នឹងចាកចេញ​ពីផែនដីនៅ​ពាក់កណ្តាលខ្ទង់​ទសវត្សរ៍​​២០៣០ ខណៈពួកវាអាច​បញ្ជូនរូបភាព​ផ្ទាល់ដំបូងបំផុត នៃភពអេលៀន​ទំហំប៉ុនផែនដី ​​មកឲ្យមនុស្សលោកយើង​បាន​ឃើញ​នៅខ្ទង់​ទសវត្សរ៍ឆ្នាំ​២០៦០ (ការធ្វើដំណើរនេះ​​អាច​ចំណាយពេល​ ២៥ឆ្នាំ ហើយការទទួល​ទិន្នន័យផ្សេង​ៗ​​នឹង​ត្រូវប្រើ​ពេល​ឆាប់ពី ០៤ឆ្នាំឡើងទៅ ដោយ​យោងទៅលើ​ចម្ងាយ​គោលដៅ)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here