តាមពិតនៅក្នុង​ខ្លួនភព​បម្រុង Ceres មាន​សារធាតុកាបូនច្រើន​លើពី​កាស្មាន ខណៈ​សារធាតុនេះ​មានពាសពេញ​ប្រព័ន្ធ​ព្រះអាទិត្យ​យើង!

0

(អាមេរិក)៖ ថ្មីៗនេះ​អ្នកវិទ្យាសាស្រ្ត​បានប្រកាសថា ភពមិនពេញ​លក្ខណៈ (Dwarf Planet) Ceres មានផ្ទុកសមាសធាតុ​​កាបូនច្រើនជាងការគិតទុកពីមុនមក ទាំងនៅស្រទាប់លើ និងខាងក្រៅផ្ទៃរបស់វា។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែប​សាយ EarthSky នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។

កាបូនគឺជាធាតុ​ដែលសម្បូរវត្តមានខ្លាំង​មួយ​នៅក្នុងចក្រវាឡ ហើយវាគឺជា​គ្រឹះនៃជីវិត និងគីមីសរីរាង្គនៅលើផែនដី​យើង។ ធាតុនេះ​អាចរកឃើញ​នៅពាសពេញ​ប្រព័ន្ធព្រះអាទិត្យ សូម្បីតែនៅលើ​បំណែក​អាចម៍ផ្កាយ ដែលបានធ្លាក់​​ពីទីកន្លែង​ឯ​ទៀតៗ​​​ក្នុង​អវកាស​មកលើ​ផ្ទៃផែនដី។ ឥឡូវនេះ​អ្នកវិទ្យាសាស្រ្ត បានរក​ឃើញថា វត្ថុមួយទៀត​ក្នុងប្រព័ន្ធ​សូឡា​​របស់​យើង​គឺ Ceres មានផ្ទុកសមាសធាតុ​ច្រើនជាងឆ្ងាយ​ពីអ្វីដែលពួកគេធ្លាប់​បានគិត។

វត្តមាន​កាបូននៅ Ceres ពុំមែនត្រូវតែ​មានន័យថា វាជាផលិតផល​នៃ ឬក៏ពាក់ព័ន្ធទៅនឹងទម្រង់ជីវិត​ឡើយ ប៉ុន្តែ​សមាស​ធាតុ​​នេះ​ពិត​ជា​​មាន​តួនាទីដើរតួជា​មូលដ្ឋានគ្រឹះ​នៃសារធាតុគីមី និងជីវសរីរាង្គនៅលើផែនដី​យើង។ នៅពេលរួម​បញ្ចូលគ្នាជាមួយ​អុកស៊ីសែន និងអ៊ីដ្រូសែន កាបូនអាច​កកើតចេញពី​ក្រុមសមាសធាតុ​ជីវសាស្រ្តសំខាន់ៗ​ជាច្រើន រួមមានស្ករ អាកុល និង​ខ្លាញ់ជាដើម។

វត្តមានរបស់​កាបូននៅលើ Ceres គឺជាភស្តុតាង​បញ្ជាក់ថា គ្រឿងផ្សំទូទៅសម្រាប់​សាងសង់​ទម្រង់ជីវិត​ រួម​ទាំងកាបូន អាចរកឃើញ​នៅតាមកន្លែងជា​ច្រើនខុសៗគ្នា គឺមិនត្រឹម​តែនៅក្នុងប្រព័ន្ធព្រះអាទិត្យ​នោះទេ ប៉ុន្តែនៅ​ពាស​ពេញ​​ចក្រវាឡ។​ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្ត​មិនទាន់ច្បាស់​នៅឡើយទេថា តើវត្តមាន​កាបូននៅលើ Ceres គឺមានតាំងពី​​ភពមិនពេញ​លក្ខណៈ​​នេះ​​ចាប់កំណើតឡើង ឬក៏មកពី​អាចម៍ផ្កាយ។

គួរជម្រាបថា Ceres ត្រូវបានគេ​ចាត់ថ្នាក់ជា Dwarf Planet ប៉ុន្តែវាក៏ជាប់​ឈ្មោះជាអាចម៍ផ្កាយ​ធំបំផុត នៅតំបន់ខ្សែក្រវាត់​​អាចម៍ផ្កាយ ដែលស្ថិតនៅ​ចន្លោះ​ភពអង្គារ (Mars) និងភព​ព្រហស្បតិ៍ (Jupiter) ផងដែរ។ កាលពីថ្ងៃទី០១ ខែវិច្ឆិកា យាន​​អវកាស Dawn របស់អង្គការ NASA ទើបតែបាន​បញ្ចប់បេសកកម្ម​នៅ Ceres ដោយបានសិក្សា​ពី​ភូមិសាស្រ្ត និង​បញ្ជូន​រូបភាពច្បាស់ៗ​ជាច្រើនរបស់វា​មកកាន់​ផែនដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here