យាន New Horizons ជិតទៅដល់​អាចម៍ផ្កាយដែលមាន​ទំហំប៉ុនទីក្រុង​ញូយ៉ក ក្រោយ​ចំណាយ​ពេលហោះ​១៣ឆ្នាំ (រូបភាពខាងក្នុង)

0

(វ៉ាស៊ីនតោន)៖ នៅថ្ងៃ​ឆ្លងឆ្នាំថ្មីឆាប់ៗ​ខាងមុខនេះ យាន​អវកាស New Horizon របស់​អង្គការ NASA នឹងទៅដល់គោលដៅ​​​ថ្មីរបស់វា ដែលស្ថិតនៅ​ចុងប្រព័ន្ធព្រះអាទិត្យ​ហើយ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។

គិតមកទល់​ពេលនេះ យាន New Horizon បានធ្វើដំណើរ​ក្នុងទីអវកាសអស់​រយៈពេល ១៣ឆ្នាំហើយ។ វាត្រូវគេ​ស្គាល់​​ច្រើន​ដោយសារតែវា​បានក្លាយជាវត្ថុបង្កើត​ដោយមនុស្ស ដែលបានទៅដល់​ភពភ្លុយតូដំបូងគេ កាលពីឆ្នាំ២០១៥។ ប៉ុន្តែនាដើម​​ឆ្នាំថ្មីនេះ New Horizon នឹងត្រូវជួបជា​មួយវត្ថុអវកាសមួយ​ផ្សេងទៀត ជាអាចម៍ផ្កាយ​ធំឈ្មោះថា Ultima Thule ដែលស្ថិត​នៅ​​ចម្ងាយ​ ១.៦ពាន់លានគីឡូម៉ែត្រ​ហួសពីភ្លុយតូទៅ​ទៀត។

អាចម៍ផ្កាយ Ultima Thule មានទំហំ​ប្រហាក់​ប្រហែលនឹងទីក្រុងញូយ៉ក​របស់សហរដ្ឋអាមេរិក ហើយវាគោចរ​នៅតំបន់​​ខ្សែ​​ក្រវាត់ខៃភើ (Kuiper Belt) ដែលនៅចុងប្រព័ន្ធ​អាទិត្យ។ តំបន់នេះសម្បូរ​ទៅដោយអាចម៍ផ្កាយ​ទឹកកកតូចៗ ដែលត្រូវ​បានអ្នក​វិទ្យាសាស្រ្តជឿថា ជាវត្ថុដែលបន្សល់​ទុកពីការកកើត​ នៃប្រព័ន្ធព្រះអាទិត្យ​កាលពី ៤.៥ពាន់​លានឆ្នាំមុន។

គួរជម្រាបថា ជោគជ័យនៃបេសកកម្ម​ខាងលើ នឹងត្រូវបានដឹងច្បាស់​ទាល់តែនៅរយៈពេល​ប្រមាណជា ១០ម៉ោង ក្រោយ​ពេលយាន​អវកាស New Horizon ចាប់ផ្តើមបាញ់បញ្ជូន​សញ្ញាមកកាន់ផែនដី នៅពេលវាទៅ​ដល់ទីនោះ ហើយរូបភាព​​ដំបូង​នៃអាចម៍ផ្កាយ Ultima Thule ទម្រាំអាចនឹងបង្ហាញ​ខ្លួនអាចនឹងត្រូវរង់ចាំ​រហូតដល់ ២០ខែ ដោយសារ​តែ​ថាមពល​​​ធ្វើ​ប្រតិបត្តិការ​ដ៏ខ្សោយរបស់យាន​អវកាស​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here