រូបពិតជាក់ស្តែងដំបូងពីអាចម៍ផ្កាយចម្លែក ​ត្រូវបាន New Horizons បញ្ជូនមកដល់ផែនដីហើយ! (រូបភាពខាងក្នុង)

0

(វ៉ាស៊ីនតោន)៖ ក្រុមការងារនៃបេសកកម្មយានអវកាស New Horizons របស់អង្គការ NASA នាថ្ងៃពុធ​សប្តាហ៍នេះ បានបញ្ចេញរូបភាព​​លម្អិតលើកដំបូង​នៃអាចម៍ផ្កាយ Ultima Thule ដែលយានអវកាសនេះ​ទើបបានទៅដល់ នៅចុងប្រព័ន្ធ​ព្រះអាទិត្យ ហើយក៏​ជារូបភាព​ដំបូងបំផុត​មិនធ្លាប់មាន​នៅតំបន់ឆ្ងាយបំផុតផងដែរ​។​ នេះបើ​តាមការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។

យាន New Horizon បានធ្វើការ​ហោះហើរ​ឆ្វែល​អាចម៍ផ្កាយ Ultima Thule កាលពី​ថ្ងៃឆ្លងឆ្នាំសកល ដោយវាបាន​ទៅកៀក​ដុំថ្មអវកាស​នេះនៅរយៈចម្ងាយ​ត្រឹម ៣,៥៤០គីឡូម៉ែត្រ ក្នុងល្បឿន ៥០,៦៩៤គីឡូម៉ែត្រ​ក្នុងមួយម៉ោង។ រូបភាព​នៃ Ultima Thule បង្ហាញថា​ អាចម៍​ផ្កាយនេះ​គឺជាថ្មពីរដុំនៅ​ជាប់គ្នា ដោយពីចុងម្ខាង​ទៅម្ខាង​មានប្រវែងប្រហែល ៣១គីឡូម៉ែត្រ​។ ​​​​

ក្រុមការងារ​នៃយាន New Horizon បានដាក់ឈ្មោះដុំថ្ម​ដែលធំជាងថា Ultima ដែលមានមុខ​កាត់ប្រវែង​ ១៩គីឡូម៉ែត្រ និង​ដុំដែល​តូចជាងថា Thule ជាមួយ​មុខកាត់​១៤គីឡូម៉ែត្រ។ ថ្មទាំងពីរនេះ​ត្រូវអ្នកវិទ្យាសាស្រ្ត​សន្និដ្ឋានថា ទំនងជា​បានមក​ជាប់គ្នាយ៉ាង​ដូច្នេះ តាំងពីសម័យនៃការកកើត​ប្រព័ន្ធព្រះអាទិត្យ​មកម្ល៉េះ ហើយរូបរាង​ដ៏ចម្លែកមិនធ្លាប់បាន​ឃើញរបស់វា​ គឺជាការបង្ហាញ​ពីដំណើរការនៃការបង្កើតភព​នៅក្នុងប្រព័ន្ធ​សូឡា កាលពី ៤.៥ពាន់លានឆ្នាំមុន។

គួរជម្រាបថា អាចម៍ផ្កាយ Ultima Thule ស្ថិតនៅចម្ងាយ ៦.៤ពាន់លានគីឡូម៉ែត្រពី​ព្រះអាទិត្យ និង​ចម្ងាយ​ ១.៦ពាន់​លាន​គីឡូម៉ែត្រ​ពីភពភ្លុយតូ ហើយវាជាវត្ថុអវកាស​នៅដាច់ឆ្ងាយ​បំផុត ដែលត្រូវបានសិក្សាស្រាវជ្រាវ​ដោយផ្ទាល់​ពីមនុស្ស​លោក​យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here