អបអរផង! កែវយឺតអវកាស TESS ទើបឆ្លុះ​ឃើញភព​​ស្រដៀង​​ភពណិបទូន​ ​ចម្ងាយ​៥២ឆ្នាំ​ពន្លឺពី​ផែនដី (រូបភាពខាងក្នុង)

0

(អាមេរិក)៖ ក្នុងរយៈពេល​០៣ខែដំបូងនៃបេសកកម្ម​កែវយឺតអវកាស TESS របស់អង្គការ NASA ភពអេលៀន​ចំនួន​បី និង​​បាតុភូតបន្ទុះ​ស៊ូភើណូវ៉ា​ចំនួន ០៦ នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យយើង ត្រូវបាន​រកឃើញ និងជាលទ្ធផលដ៏គួរឲ្យរីករាយ​ផងដែរ សម្រាប់វិស័យអវកាស​ជាសកល។ នេះបើតាម​ការដកស្រង់ការផ្សាយ​​ចេញ​ពី​សារ​​ព័ត៌​​មាន​រុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

របកគំហើញទាំងនេះ ត្រូវបានប្រកាសឲ្យដឹង​ជាសាធារណៈ​ ដោយក្រុម​អ្នកវិទ្យាសាស្រ្ត នៅសន្និសីទ​នៃ​សហគមន៍​តារាវិទូ​​អាមេរិក ​​​ដែលប្រព្រឹត្តទៅក្នុងទីក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន។ ចាប់តាំងពី​ពេលចាប់ផ្តើមប្រតិបត្តិការ​នៅខែកក្កដា ឆ្នាំមុន កែវយឺត​អវកាស TESS បានរកឃើញ​ភព​អេលៀនប្រភេទ «Super-Earth» ឈ្មោះថា Pi Mensae b ដែលធ្វើដំណើរ​​ជុំវិញ​​ផ្កាយរបស់វា​ជារៀងរាល់ ​០៦ថ្ងៃម្តង និងភព​ឈ្មោះ LHS 3844b ជាប្រភេទ​ភពថ្ម ដែលមានរយៈពេល​គោចរត្រឹម ១១ម៉ោង ជុំវិញផ្កាយវាប៉ុណ្ណោះ។

របកគំហើញ​​ចុងក្រោយ​របស់ TESS គឺជាភពអេលៀន​ឈ្មោះថា HD 21749b ដែលប្រើពេល​យូរជាងគេ​ក្នុង​ចំណោម​ភព​ទាំង ០៣ គឺ ៣៦ថ្ងៃដើម្បីគោចរជុំវិញ​ផ្កាយរបស់វា ដែលស្ថិតនៅ​ចម្ងាយ ៥៣​ឆ្នាំពន្លឺ ក្នុងកញ្ចុំ​ផ្កាយ Reticulum ហើយ​ភព​នេះ​ប្រហែលជា​មានសីតុណ្ហភាព ​​១,៦៥០អង្សាសេ បើ​តាមអ្នកវិទ្យាសាស្រ្ត​គឺមិនសូវជាក្តៅ​ប៉ុន្មានឡើយ បើគិត​អំពី​​​គម្លាត​ទៅ​ផ្កាយ​របស់វា ប៉ុន្តែបើធៀបនឹងភពសុក្រយើង នោះវា​ជានរក ១៨ជាន់។

គួរជម្រាបថា ភព HD 21749b មានទំហំធំជាង​​ផែនដីយើងដល់ទៅ ០៣ដង ដូច្នេះវាទំនងជាប្រភេទ​ភពឧស្ម័ន​ជា​ជាង​​ភពថ្ម​ ហើយមានកំហាប់​បរិយាកាសក្រាស់​ជាងភពណិបទូន ឬក៏អុយរ៉ាណុសទៅទៀត។ ​​​ក្រៅពីនេះ TESS បានប្រទះ​ឃើញ​​​ព្រឹត្តិការណ៍​​បន្ទុះ​ស៊ូភើណូវ៉ា​ខ្លី​ៗ​ចំនួន ០៦ ដែលកើត​ឡើងក្នុង​កាឡាក់ស៊ីឆ្ងាយៗ​ថែមទៀត។ មិនតែប៉ុណ្ណោះ អ្នកវិទ្យាសាស្រ្ត​ក៏បាន​ប្រទះ​ឃើញ​​​ភស្តុតាង​នៃភពមួយ​ផ្សេងទៀត​ផងដែរ ដែលតូចជាងភពទាំង ០៣ខាងលើ ហើយអាច​ជាភពប៉ុនផែនដី ដែល​ត្រូវ​បាន​​រក​ឃើញជាលើកទីមួយ​ ដោយកែវយឺត​អវកាស TESS៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here