កំពុង​តែសប្បាយ​ចិត្តផង បែរជា​ពេលនេះ​មកប្រាប់ថា ព្រះច័ន្ទ​ទាំងនេះ​ប្រហែល​ជាគ្មាន​លាក់ជីវិត​អ្វីទេ…

0

(អាមេរិក)៖ ជាង​២ទសវត្សរ៍កន្លង​មកនេះ អ្នកវិទ្យាសាស្រ្តបាន​ងឿងឆ្ងល់ថា តើ​ជីវិតក្រៅភពអាច​កំពុងសំងំលាក់ខ្លួន​ នៅ​ពីក្រោម​​ផ្ទាំង​​ទឹកកករបស់ព្រះច័ន្ទមួយចំនួន ដែលស្ថិតនៅ​ក្នុងប្រព័ន្ធព្រះអាទិត្យ​យើង ឬយ៉ាងណា ហើយការវិភាគជាច្រើន​ក៏ត្រូវបានបង្កើត​ឡើងរួចមក​ហើយដែរ។

យានអវកាស​ដូចជា Galileo និងយាន Cassini ធ្លាប់បានប្រទះ​ឃើញភស្តុតាង ដែលបាន​បង្ហាញថា ព្រះច័ន្ទ​មួយចំនួន​​​របស់ភព​​ព្រហស្បតិ៍ (Jupiter) និង​ភពសៅរ៍ (Saturn) មានលាក់ទុក​នូវមហាសមុទ្រ​នៅពីក្រោមសំបក​នៃផ្ទាំងទឹកកក ដែលស្រោបព័ទ្ធ​ជុំ​វិញពួកវា។ ចំណែក​យានស្រាវជ្រាវ ក្នុងមហាសមុទ្រ​លើភពផែនដីយើង​វិញ បានរកឃើញ​នូវក្រុមភាវរស់ ដែលរស់​នៅ​ក្នុងភាពងងឹត​សូន្យសុង ជុំវិញ​លក្ខណៈ​ភូមិសាស្រ្ត​ម៉្យាងដែល​លំបាកឲ្យ​យើងជឿថា អាចមានវត្តមាន​ជីវិតនៅក្រោមបាត​សមុទ្រនោះណាស់។

បើបញ្ចូលគ្នា​នូវការរកឃើញ​ទាំងពីរនេះ ពួកយើងអាចសន្និដ្ឋាន​បានយ៉ាងងាយថា ពពួកមីក្រុបកំពុង​​តែរស់នៅក្រោមបាត​មហា​​សមុទ្រ នៃព្រះច័ន្ទទាំងនោះ។ ប៉ុន្តែការសិក្សា​ថ្មីមួយដែលកំពុងស្រាវជ្រាវ​លម្អិត ទៅលើសណ្ឋានដី​ក្រោមបាត​សមុទ្រ​នៃ​ព្រះច័ន្ទ​​​ដូចជា Europa និង Ganymede របស់ Jupiter ព្រមទាំង Enceladus និង Titan របស់​ Saturn ពួកវាទំនង​ជា​គ្មានផ្ទុកនូវ​ជីវិត​​អ្វីមួយ ដូច​​យើងបានគិតនោះ​ឡើយ។

បាតសមុទ្រ​នៅលើព្រះច័ន្ទ​ទាំងអស់នេះ ត្រូវអ្នក​វិទ្យាសាស្រ្តរំពឹងថា នឹងអាចរកឃើញនូវ​វត្តមានរន្ធ Hydrothermal Vent ដែល​បញ្ចេញ​កម្តៅ និងសារធាតុរ៉ែ​ចេញពីក្រោម​ទៅក្នុងផ្ទៃ​សមុទ្រ ដោយក្នុង​មហាសមុទ្រ​របស់យើង លក្ខណៈភូមិសាស្រ្ត​ទាំងនេះ​​ បានផ្តល់ការទ្រទ្រង់​​ដល់ក្រុមភាវមានជីវិត ដែលសម្បូរ​ទៅដោយ​ពពួកមីក្រូប។
ទម្រង់ជីវិត​ទាំងនេះ អាចចិញ្ចឹមខ្លួនពួកវា​​បាន​ដោយសារស្រូប​យកសារធាតុ ដែលផលិតចេញ​ពីកន្លែងលាយឡំគ្នា​ រវាងទឹកសមុទ្រ និង​ថ្មមានកម្តៅ។ ដោយ​ឡែក តាម​រយៈការវាយតម្លៃ​ទៅលើព្រះច័ន្ទ​ទាំង ០៤ខាងលើ នៅក្រោមបាត​សមុទ្ររបស់ពួកវា​ ហាក់ដូចជាពុំមាន Hydrothermal Vent ឡើយ ហេតុដូច្នេះទើប​គេបានសន្និដ្ឋានថា វាទំនងជាគ្មាន​ជីវិត​អ្វី​នៅក្នុងស្រទាប់ព្រះច័ន្ទទាំងនោះឡើយ។

ទោះបីជាបែបនេះក្តី​ នេះគ្រាន់តែជា​ការលើកឡើង​របស់អ្នកវិទ្យាសាស្ត្រ​មួយក្រុមប៉ុណ្ណោះ ខណៈការសិក្សា​របស់អង្គការ NASA គឺនៅតែមាន​លក្ខណៈធំធេង​ដដែល ហើយគំរោង​នៃការបញ្ជូន​យានទៅស្រាវជ្រាវ​ព្រះច័ន្ទដូចជា Europa, Enceladus និង Titan ជាដើម គឺត្រូវបានបង្កើត​ឡើងរួចទៅ​ហើយ ដោយរង់ចាំតែរដ្ឋាភិបាលអាមេរិក ព្រមទម្លាក់​លុយឲ្យតែ​ប៉ុណ្ណោះ ទើបអាចចាប់ផ្តើមការអភិវឌ្ឍបាន៕

ប្រភព៖ Space.com ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here