ភាគល្អិត​ដ៏អាថ៌កំបាំងមកពី​ក្រៅប្រព័ន្ធ​ព្រះអាទិត្យ កំពុងត្រូវ​បានក្រុមអ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលី​វិភាគ…

0

(ស៊ីដនី)៖ ការស្រាវជ្រាវ​ថ្មីមួយ ដែលស្ថិតនៅតំបន់​ដាច់ស្រយ៉ាល​នៃរដ្ឋ Western Australia កំពុងអនុញ្ញាត​ឲ្យ​​អ្នកវិទ្យាសាស្រ្ត​អូស្រ្តាលីស្វែងរក និងសិក្សាពពួកភាគ​ល្អិតដ៏អាថ៌កំបាំង​ ដែលគេមិនស្គាល់ប្រភព ដែលមកប៉ះ​នឹងបរិយាកាសផែនដី​ ជាមួយ​ល្បឿន​​ជិត​ស្មើនឹង​ល្បឿនពន្លឺ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។

ភាគល្អិតទាំងនេះ​ត្រូវគេហៅថា Cosmic Ray ខណៈអ្នកវិទ្យាសាស្រ្ត​មិនដឹងច្បាស់ថា​ ពួកវាមានប្រភព​ចេញមកពីអ្វីឲ្យជាក់​ច្បាស់​ឡើយ ដោយគ្រាន់តែដឹង​ថា ពួកវាសាយភាយមកពី​ក្រៅប្រព័ន្ធ​ព្រះអាទិត្យ។ ​នៅពេលមក​ប៉ះទង្គិចជាមួយស្រទាប់​បរិយាកាស ​នៃភពផែនដី Cosmic Ray ​ដែលភាគច្រើន​រួមផ្សំឡើងពីភាគលម្អិត​​ប្រូតុង និងស្នូលអាតូម (Atimic Nuclei) អាច​​បង្កើត​ចេញ​ជា​ភ្លៀង​​ភាគ​ល្អិតដទៃ​ៗទៀត ដែលពេល​ខ្លះអាចធ្លាក់ចុះមក​ដល់ផ្ទៃ​ផែនដី។

គួរជម្រាបថា តាមរយៈការប្រើប្រាស់​រួមគ្នា​នៃម៉ាស៊ីនចាប់​សញ្ញាភាគល្អិត (Particle Detector) និង​ប្រព័ន្ធ​តេឡេស្កូប Murchison Widefield Array នៅរដ្ឋ Western Australia អ្នកវិទ្យាសាស្រ្ត​អូស្រ្តាលីមួយក្រុម​សង្ឃឹមថា នឹងអាចឃ្លាំ​មើល និងសិក្សាបាន​​លម្អិត​ទៅលើ​​លទ្ធផលនៃការប៉ះ​ទង្គិចគ្នា​រវាង​ Cosmic Ray និងបរិយាកាស​ផែនដី ព្រមទាំង​កំណត់​ថា​​តើ​ភាគ​ល្អិត​ទាំង​នេះ​ ​កើតចេញ​​មកពី​​អ្វី​ឲ្យប្រាកដ។

ទោះបីជាការ​​ពិសោធន៍​នៃការប្រើប្រាស់រួមបញ្ចូលគ្នា​នូវម៉ាស៊ីន Particle Detector និងតេឡេស្កូប​ប្រភេទ​តាម​ដាន​រលក​​វិទ្យុ​សញ្ញា ធ្លាប់មានរួច​ទៅហើយ​នៅប្រទេសហូឡង់​ក៏ដោយ បរិស្ថានដែលគ្មាន​ការរំខានផ្សេងៗ​នៅតំបន់ដាច់​ស្រយាល​នៅរដ្ឋ Western Australia ប្រទេស​អូស្រ្តាលី ផ្តល់ឱកាសពិសេស​ខុសគេសម្រាប់​អ្នកស្រាវជ្រាវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here