នេះជា​នាវាអវកាស​របស់ SpaceX សម្រាប់​ដឹកមនុស្ស​ទៅ​ភពអង្គារ និងទើបប្តូរទៅផលិតនៅក្នុងរដ្ឋ​តិចសាស់វិញ (រូបភាពខាងក្នុង)

0

(អាមេរិក)៖ ក្រុមហ៊ុន​បច្ចេកវិទ្យាផ្នែក​អវកាស SpaceX របស់សហរដ្ឋអាមេរិក​នៅថ្ងៃពុធ​សប្តាហ៍នេះ​បានប្រកាសឲ្យដឹងថា ការ​សាងសង់ក៏ដូចជាធ្វើតេស្ត​នាវាអវកាសគំរូ​ សម្រាប់បេសកកម្ម​ទៅកាន់​ភពអង្គារ (Mars) នឹងប្រព្រឹត្តទៅ​នៅ​រដ្ឋតិចសាស់ ពុំមែន​​នៅ​ក្នុងទីក្រុង​ Los Angeles នោះឡើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

កាលពីឆ្នាំមុន​ក្រុមហ៊ុនដែលមូលដ្ឋាននៅរដ្ឋកាលីហ្វរញ៉ា​មួយនេះ ទទួលបាន​ការអនុញ្ញាតឲ្យសាងសង់​​មូលដ្ឋានធំថ្មី​មួយ នៅ​​ទីក្រុង Los Angeles ដើម្បីអភិវឌ្ឍន៍​នាវាអវកាស ព្រមទាំងគ្រាប់រ៉ុក្កែត សម្រាប់ការធ្វើ​ដំណើរទៅ​កាន់ Mars ដែល​ត្រូវ​គេ​រំពឹង​ថា ​នឹង​ផ្តល់ឱកាស​ការងារ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅក្នុងតំបន់។

ប៉ុន្តែឥឡូវ​ដូចការបញ្ជាក់ខាងលើ​ គម្រោងទាំងនេះ​នឹងលើកយកទៅ​​អនុវត្តន៍នៅ​ភាគខាងត្បូង​រដ្ឋតិចសាស់វិញ​ក្រោមហេតុផលថា ដើម្បីឲ្យ​​ក្រុមហ៊ុនដំណើរ​ការទៅមុខប្រកប​ដោយប្រសិទ្ធ​ភាព​​ជាងមុន។ ផែនការរបស់ SpaceX គឺនាំ​យានដឹកទំនិញទៅភពអង្គារ​នៅឆ្នាំ២០២២ និងបន្ទាប់មកទៀត គឺនៅឆ្នាំ២០២៤ SpaceX នឹងដឹកនាំមនុស្សទៅតែម្តង​ប្រសិនបើផែនការ​​ជាបន្តបន្ទាប់ ព្រឹត្តទៅ​ដោយ​រលូន។

គួរជម្រាបថា ដំណឹងនេះបាន​កើតមានឡើងតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​ក្រុមហ៊ុន SpaceX បានប្រកាស​ពី​ការកាត់បន្ថយ​បុគ្គ​លិក ​១០ភាគរយ នៃបុគ្គលិក​សរុបជាង ៦,០០០នាក់របស់ខ្លួន។ SpaceX ត្រូវបានបង្កើត​ឡើងដោយ​មហា​សេដ្ឋីអាមេរិក លោក Elon Musk ហើយថ្មីៗ​នេះ SpaceX មានតម្លៃជាទឹកប្រាក់​សរុប​​រហូត​ដល់ ៣០.៥ពាន់លានដុល្លារសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here