ទីបំផុតអង្គការ NASA បើកកិច្ចសហការជាមួយចិន លើគំរោង​ស្រាវជ្រាវឋានព្រះច័ន្ទ ដោយ​យានឆាងអឺ-៤!

0

(វ៉ាស៊ីនតោន)៖ អង្គការ NASA កាលពីចុងសប្តាហ៍មុននេះ​បានឱ្យដឹងថា ទីភ្នាក់ងារអវកាស​របស់​សហរដ្ឋអាមេរិក និងចិន កំពុងសម្របសម្រួល កិច្ចខិតខំប្រឹងប្រែង​ក្នុងបេសកកម្មរុករក​នៅលើឋានព្រះច័ន្ទ បន្ទាប់ភាពជោគជ័យ​ជាប្រវត្តិសាស្ត្ររបស់ចិន នៃបេសកកម្មយាន ឆាងអឺ-៤។ ប៉ុន្តែ ការប្រកាសនេះ​ធ្វើឡើងនៅចំពេល​រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុង​រឹតត្បិត​ការផ្ទេរបច្ចេកវិទ្យា​ទៅឱ្យចិន។ នេះបើតាម​ការដកស្រង់ពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

ថ្លែងនៅលើ Twitter នាយកបេសកកម្ម​វិទ្យាអង្គការ NASA លោក Thomas Zurbuchen បានបញ្ជាក់​ថា ដោយមាន​ការយល់ព្រមពី​សភាអាមេរិក NASA បានបើក​កិច្ចពិភាក្សា​ជាមួយចិន ដើម្បីស្វែងរក​លទ្ធភាព​លើការចុះកិច្ចព្រមព្រៀង​មួយ ស្ដីពីសហការគ្នា​ដូចជា​ការចុះចត​របស់យាន Chang’e 4 ដោយប្រើប្រាស់​បច្ចេកវិទ្យាយានអវកាសរបស់ NASA។

ការលើកឡើងបែបនេះរបស់លោក Zurbuchen គឺដូចគ្នាទៅនឹងសេក្ដីថ្លែង ការណ៍កាលពី​ថ្ងៃចន្ទសប្តាហ៍មុន របស់នាយរង​រដ្ឋបាល​អវកាស​ជាតិចិន លោក Wu Yanhua។ បន្ថែមពី​លើនេះ លោក Zurbuchen ក៏បានអះដែរថា អង្គការ NASA នឹងចែករំលែក​ព័ត៌មានពីផ្កាយរណប​អាមេរិក ខណៈចិននឹង​ប្រាប់អាមេរិកវិញ​ពីរយៈទទឹង រយៈបណ្ដោយ និងពេលវលា នៃការចុះចត​របស់យាន Chang’e 4។

គួរបញ្ជាក់ថា ផ្កាយរណបតាមដានឋាន​ព្រះច័ន្ទរបស់ NASA នឹងធ្វើដំណើរឆ្លងកាត់​ពីលើទីតាំងដែល​យាន Chang’e 4 ចុះចត នៅថ្ងៃទី៣១ ខែមករា ហើយនិងផ្តិតយករូបភាព ដូចដែលធ្លាប់បាន​ធ្វើសម្រាប់យាន Chang’e 3 កាលពី​ឆ្នាំ២០១៣។ ចំណែកឯ លទ្ធផល​នៃការសិក្សា​សា្រវជ្រាវ​ចេញពីកិច្ចសហប្រតិបត្តិការ​នេះ នឹងត្រូវចែករំលែកជាមួយ​សហគមន៍​អ្នកស្រាវជ្រាវ​អន្តរជាតិ នៅខែកុម្ភៈ នៅកិច្ចប្រជុំ​នៃទីភ្នាក់ងារ​អវកាស នៃអង្គការ​សហប្រជាជាតិក្នុងប្រទេស​អូទ្រីស៕

LEAVE A REPLY

Please enter your comment!
Please enter your name here