ខំទន្ទឹង​ចាំមើល​រាប់ឆ្នាំ ស្រាប់តែ​ពេលនេះមក​ប្រាប់ថា «គ្មានភពទី ៩ ឬ X អ្វីនោះទេ»

0

(អាមេរិក)៖ ភាពជ្រួលច្របល់អំពី Planet 9 ឬ X នារយៈពេលប៉ុន្មានឆ្នាំមកនេះ អាច​នឹង​ត្រូវបញ្ចប់ បន្ទាប់ពីការវិភាគថ្មីមួយដោយក្រុមអ្នកតារាវិទូត្រូវបានធ្វើឡើង ហើយ​លទ្ធផល​នោះ គឺវាទំនងជាគ្មាន​ភពទី ៩ នោះឡើយ ដោយភពណិបទូន នៅតែរក្សា​នាមជាភពទី ៨ និងចុងគេនៃប្រព័ន្ធព្រះអាទិត្យយើងដដែល។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

កាលពី​១៣ឆ្នាំមុន ភពភ្លុយតូដែល​​ត្រូវបានចាត់ទុក​ជាភពទី ៩ រាប់ទសវត្សរ៍​ទៅហើយ​នោះ ត្រូវបាន​ទម្លាក់តំណែងមកនៅត្រឹមជាអាចម៍​ផ្កាយយក្សលេខ 134340 ឬភពបម្រុង​ដែលយើង​ហៅថា Dwarf Planet ប៉ុណ្ណោះ ក៏ព្រោះតែគន្លង​គោចរ​ល្អៀងពីភព​ទាំង ៨ ផ្សេងទៀត ព្រមទាំងទំហំរបស់វា​ដែលតូចជាងព្រះច័ន្ទរបស់​យើងនោះ។

យ៉ាង​ណា​ក៏ដោយ​​គំនិត​អំពីភពទី ៩ ឬ Planet X ត្រូវបានលេចឡើង​​កាលពី ០៤ឆ្នាំមុន ដោយ​វា​បានធ្វើឲ្យ​​ក្រុម​អ្នក​វិទ្យាសាស្ត្រ និងតារាវិទូច្រើនក្រុមនៅលើពិភពលោក​ធ្វើការស្វែងរក​តាមរយៈការ​អង្កេត​​ផ្ទៃមេឃ ដោយ​ប្រើប្រាស់​តេឡេស្កូប​យក្ស​ជាប់​ជានិច្ច និងការគណនា​​ដោយ​គណិតវិទ្យា​ថែមទៀត។ ជាលទ្ធផល​​បថមគេ​បែរជាបានរកឃើញ Farout កាលពី​ប៉ុន្មាន​សប្តាហ៍​មុនទៅវិញ ដែលបាន​ក្លាយជាវត្ថុអវកាស​ឆ្ងាយជាងគេ​បំផុត។

ប៉ុន្តែសម្រាប់​ភពទី ៩ វិញនោះ គឺថ្មីៗនាដើមឆ្នាំ២០១៩ នេះសញ្ញាជាច្រើន​​បានលេចឡើង តាមរយៈការអង្កេត​វត្ថុអវកាសធំៗ នៅក្នុងតំបន់​ខ្សែក្រវ៉ាត់ Kuiper Belt នៅចុង​ប្រព័ន្ធ​ព្រះអាទិត្យដូចជា Sedna និង 2012 VP113 ជាដើម ហើយគន្លង​​គោចរ​របស់​វត្ថុធំៗ​ទាំងនេះ នឹងមានការ​ប្រែប្រួលចម្លែក ប្រសិនបើមានភពធំ​ជាងផែនដី ១០ដង (ដែលគេ​អះអាងថា ជាងវត្តមានភពទី ៩) ស្ថិតនៅ​តំបន់នោះ​មែន។ ប៉ុន្តែវិទ្យាស្ថាន​បច្ចេកវិទ្យា​កាលីហ្វរញ៉ា របស់សហរដ្ឋអាមេរិក​មិនបាន​អង្កេត​ឃើញបាតុភូត​ចម្លែកនេះឡើយ។

ដូច្នេះសរុប​​បាតុភូត​ដែលទើបត្រូវ​បាន​រកឃើញខាង​លើនេះ ក្រុម​តារាវិទូ​​មួយក្រុម​បានធ្វើការ​សន្និដ្ឋានតំណាក់កាល​ដំបូងថា ភពទី ៩ ឬ X ដែលគ្រប់គ្នា​រំពឹងថា កំពុងលាក់ខ្លួន​នោះ​គឺអាច​មិនមានវត្តមានដូចជា​ការស្រម៉ៃនោះឡើយ។ ទោះជា​បែបនេះ​ក្តី ក៏ពុំទាន់មាន​ការសម្រេច​ចិត្ត​ជារួមណា​មួយនឹងត្រូវ​ធ្វើឡើង ដើម្បីបញ្ឈប់​ការតាមប្រមាញ់ភពនេះជាសកល​នោះដែរ។

គួរបញ្ជាក់ថា កាលពីដំបូង​ឡើយ​មានការ​សន្និដ្ឋានថា ភពទី ៩ អាចមាន​ទំហំធំជាងផែនដី​យើង ១០ដង និងមានសភាព​ជាភពឧស្ម័ន​យក្ស មិនខុសពី​ភពណិបទូន និងអ៊ុយរ៉ាណូស​​នោះឡើយ។ បន្ថែមពីនេះ​វាអាច​មានគន្លង​គោចរដាច់​ឆ្ងាយ​រហូតដល់ ២០ពាន់លានម៉ៃល៍ (១ម៉ៃល៍ = ១.៦៨គីឡូម៉ែត្រ) ពីព្រះអាទិត្យ និងអាចប្រើប្រាស់​ពេលវេលា​ចាប់ពី ១០,០០០ឆ្នាំ ទៅ ២០,០០០ឆ្នាំ ក្នុងការ​គោចរបានមួយជុំ​ព្រះអាទិត្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here