អឺរ៉ុបបង្ហើបផែនការ​ត្រូវធ្វើលើឋានព្រះច័ន្ទ​ដូចជា បង្កើត​មូលដ្ឋាន​ជីករ៉ែ​ដើម្បី​ចម្រាញ់​ជាទឹក ឧស្ម័ន ឥន្ធនៈ និងច្រើនវិស័យ​ទៀត…

0

(អឺរ៉ុប)៖ ខណៈ​សហរដ្ឋអាមេរិក រុស្ស៊ី និង​ ចិន សុទ្ធតែកំពុង​សម្លឹងមើល​ការបង្កើត​មូលដ្ឋាននៅលើ​ផ្ទៃឋានព្រះច័ន្ទ ហើយនាពេលថ្មីៗនេះ​​​ទីភ្នាក់ងារអវកាស​អឺរ៉ុប ESA ក៏មានគោលដៅដូចគ្នា​ផងដែរ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

កាលពីថ្ងៃទី២១ ខែមករា​ទីភ្នាក់ងារ​អវកាស ESA ទើបតែទទួល​បានកិច្ចសន្យាដំបូង ​ដែលស្ថិតក្នុង​កិច្ចប្រឹងប្រែងរបស់​ខ្លួន​​ ក្នុង​ការ​បង្កើត​មូលដ្ឋាន​មួ​យ​លើ​​​ព្រះច័ន្ទ​​នៅ​​​ឆ្នាំ២០២៥ ដោយក្រុមហ៊ុន​ឈ្មោះថា ArianeGroup នឹងអភិវឌ្ឍន៍​​គម្រោង​​សម្រាប់​ ESA ដើម្បីធ្វើឲ្យ​គំនិត​របស់ទីភ្នាក់ងារ​អវកាសអឺរ៉ុប​ ក្លាយជាការពិត។

ក្រុមហ៊ុន ArianeGroupe នឹងស្វែងរកឱកាស​ដើម្បីរៀបចំស្ថានីយ​មួយនៅលើផ្ទៃព្រះច័ន្ទ ដែលមាន​សមត្ថភាព​ជីករុករក​ធនធាន​រ៉ែម៉្យាងហៅថា Regolith ដែលអាច​យកមកកែច្នៃហើយ​ផលិតជាទឹក និងឧស្ម័នបាន។ ប្រសិនបើ​គម្រោងនេះ​ពិតជាអាចទៅរួច​​​មែននោះ ​​​​​មូលដ្ឋានបែបនេះ​​នឹងអាច​ទ្រទ្រង់​ខ្លួនវា ហើយថែម​ទាំងអាច​ផលិតឥន្ទនៈ​​សម្រាប់ការចេញបេសកកម្ម ​ទៅកាន់​ទីឋាន​ឆ្ងាយៗ​ផ្សេង​​ទៀតផង។

ប្រធានទីភ្នាក់ងារអវកាស ESA លោក Jan Woerner ធ្លាប់បានចែករំលែក​ចក្ខុវិស័យថា ​លោកចង់បង្កើត​សហគមន៍​មួយ​ដែល​មាន​​មនុស្ស​រស់នៅ និងធ្វើការងារ​ជាមួយគ្នាក្នុងមូលដ្ឋានមួយ នៅលើឋានព្រះច័ន្ទ។ បើតាមលោក Woerner មូលដ្ឋាននេះ​នឹង​មិនត្រឹម​មានវត្តមាន​អ្នកវិទ្យាសាស្រ្ត​ធ្វើការស្រាវជ្រាវ​ប៉ុណ្ណោះទេ តែក៏មានការ​ធ្វើអាជីវិកម្ម​ក្នុងវិស័យរុករករ៉ែ​ និងទេសចរណ៍​ផង​ដែរ។ លោក Woerner បានកត់​សម្គាល់ថា ​មូលដ្ឋានបែបនេះ​ក៏អាច​ធ្វើជាកន្លែងឆ្លងកាត់ សម្រាប់ឈានអវកាស​នានាដែល​​មានគោលដៅធ្វើដំណើរទៅភពអង្គារ ឬក៏​កន្លែង​ឆ្ងាយផ្សេង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here