អស្ចារ្យមែនទែន! នៅឆ្នាំ២០២២ អង្គការ NASA នឹងប្រើ​យានច្រាន​អាចម៍ផ្កាយ​​មួយ​ចេញពី​គន្លង ដើម្បីជាការតេស្ត…

0

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA នឹងប្រើប្រាស់​យានអវកាសរបស់ខ្លួន​ហៅថា DART ដើម្បីធ្វើឲ្យ​​អាចម៍​ផ្កាយ​មួយដុំខ្ទាតចេញ​ពីគន្លងគោចររបស់វា​​ ជាលើកដំបូង​នៅឆ្នាំ២០២២ខាងមុខ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌​មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

អាចម៍ផ្កាយ​ខាងលើដែល​ឈ្មោះថា Didymoon មានបណ្តោយ​ប្រវែង​ប្រហែល ១៥០ម៉ែត្រ គឺជាអាចម៍ផ្កាយដែល​ស្ថិតក្នុង​ប្រព័ន្ធ​​អាចម៍ផ្កាយភ្លោះ​ហៅថា Didymos។ និយាយរួម Didymoon គឺដូចទៅនឹង​ព្រះច័ន្ទដែលវិលជុំវិញ​ផែនដីយ៉ាងដូច្នោះ។ យាន​​អវកាស DART នឹងក្លាយជា​ការព្យាយាមលើកទី​មួយ​​របស់អង្គការ NASA ក្នុងការ​​ធ្វើ​បទបង្ហាញ​អំពីសមត្ថភាព​នៃបច្ចេកទេស Kinetic Impactor ដែលនឹង​ធ្វើ​ឲ្យ​អាចម៍​ផ្កាយ Didymoon ផ្លាស់ប្តូរគន្លង​ធ្វើដំណើរ​​របស់​វា ក្រោមគោលដៅ​ការពារភពផែនដី​ប្រឆាំង​នឹង​ ការវាយប្រហារ​​​នាពេល​​អនាគត ពីអាចម៍ផ្កាយ​​ដែលអាចបង្ក​​គ្រោះថ្នាក់។

ទីភ្នាក់ងារអវកាស NASA បាន​បញ្ជាក់ថា យាន DART ​នឹង​បំបុកខ្លួន​វាជាមួយ​​អាចម៍ផ្កាយ Didymoon ជាមួយ​ល្បឿន​​​ប្រមាណ​ជា ០៦គីឡូម៉ែត្រក្នុង​មួយវិនាទី។ បន្ទាប់មក ការប៉ះទង្គិចគ្នា​ដ៏ខ្លាំងនេះ នឹង​ផ្លាស់ប្តូរ​គន្លងគោចរ​​របស់ Didymoon នៅជុំវិញ​អាចម៍ផ្កាយមេ​របស់វា។​ បើតាម NASA យានអវកាស DART នឹងត្រូវបាញ់​បញ្ជូនឡើងទីអវកាស​នៅចន្លោះខែធ្នូ ឆ្នាំ២០២០ និង​ខែឧសភា ឆ្នាំ២០២១ ហើយវានឹង​​ទៅស្ទាក់​អាចម៍ផ្កាយ Didymoon នៅអំឡុងដើម​ខែតុលា ឆ្នាំ២០២២ នៅពេល​ប្រព័ន្ធអាចម៍​ផ្កាយ Didymos ស្ថិតនៅ​ចម្ងាយ ​១១លានគីឡូម៉ែត្រ​ពី​ផែនដី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here