ដោយសារ​ភពប៉ុនភព​អង្គារបុក​ផែនដី ទើបបង្កើត​ចេញជា​ព្រះច័ន្ទ ហើយ​កត្តានេះ​ហើយ​​ទើប​ជីវិត​អាចកើត​មាន​ទៅ​បាន…

0

(អាមេរិក)៖ ការសិក្សាថ្មីមួយ​បានអះអាង​ថា ​​ព្រឹត្តិការណ៍ប៉ះទង្គិច​គ្នាដ៏ខ្លាំងក្លា​មួយ​តាំងពីយូរណាស់​មកហើយ ដែលឈាន​ដល់​ការកកើតនៃព្រះច័ន្ទ​​របស់ផែនដី ក៏បានជួយឲ្យទម្រង់ជីវិត​ដែលយើងស្គាល់ អាច​កើតមានឡើងទៅរួចនៅលើភពរបស់​យើង​ផង​​ដែរ​។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​វែបសាយ Space នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

កាលពីជាង ៤.៤ពាន់លានឆ្នាំមុន អ្នកវិទ្យាសាស្រ្ត​ជឿជាក់ថា ភពមួយមាន​ទំហំប៉ុន​ភពអង្គារ (Mars) ដែលត្រូវគេដាក់​ឈ្មោះឲ្យថា Theia បានមកបុក​ជាមួយភព​ផែនដី ដែលកាល​នោះគេ​ហៅថា proto-Earth ហើយ​ធ្វើឲ្យ​រូបធាតុ​ដ៏ច្រើនសម្បើម​ខ្ទាត​ចេញពី​​​ភពទាំងពីរ​ទៅក្នុង​ទីអវកាស។ ក្រោយចំណែកមួយ​ចំនួននៃរូបធាតុទាំង​អស់នេះ ក៏បានរួមផ្សំចូល​គ្នារហូតក្លាយជាព្រះច័ន្ទ​ដូច​​យើងឃើញ​មកទល់សព្វថ្ងៃ ខណៈកម្ទេចកម្ទីខ្លះ​ទៀត​ត្រូវ​ភពរបស់​យើងស្រូបចូល​មកវិញ។

ការសិក្សាថ្មីមួយធ្វើ​ឡើងដោយ​ក្រុមអ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យា Rice University of Houston នៅ​សហរដ្ឋអាមេរិក​បានរក​ឃើញថា រូបធាតុថ្មី​ទាំងនោះ​ដែលត្រូវស្រូបចូលមក​ផែនដីវិញ តាមពិត​មាន​សារៈសំខាន់​ជាខ្លាំង។ យោងតាម​ការសិក្សានេះ ​ព្រឹត្តិការណ៍ប៉ះ​ទង្គិចគ្នាដែលធ្វើឲ្យ​កក្រើកទីអវកាស​កាលពីជាង៤ពាន់លានឆ្នាំមុន បានជួយផ្តល់​ឲ្យ​ផែនដីមួយចំណែកធំ​នូ​វ​​សារធាតុកាបូន អាសូត និងស្ពាន់ធ័រ​ ដែលសារធាតុគីមី​ដ៏សំខាន់​សម្រាប់ការកកើតនៃទម្រង់​ជីវិត​ ដូចមនុស្ស​លោកយើងបាន​ស្គាល់កន្លង។ វាក៏ជួយឲ្យ​ផែនដី​មានលំនឹង​ទាំងផ្នែកបរិយាកាស រង្វិលខ្ញាល់ និងការ​គោចរជុំវិញ​ព្រះអាទិត្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here