តើ​ព្រះច័ន្ទអាចមានព្រះច័ន្ទថែម​មួយតង់ទៀត​ដែរឬទេ? តោះ​ស្វែងយល់​បន្ថែម…

0

(អាមេរិក)៖ ភពភាគច្រើននៅ​ក្នុងប្រព័ន្ធព្រះអាទិត្យ​សុទ្ធតែមានព្រះច័ន្ទ​ ​វិលជុំវិញពួកវា ហើយសូម្បីតែ​អាចម៍​ផ្កាយខ្លះក៏មាន​​ព្រះ​ច័ន្ទ​​របស់ពួកវា​ផងដែរ ដូច្នេះហើយមាន​ការងឿងឆ្ងល់ថា តើ​​ព្រះច័ន្ទ​ផ្ទាល់​អាចមានព្រះច័ន្ទផ្ទាល់ខ្លួន​ពួកវាដែរ ឬអត់ ដែលអាច​​ហៅថា «Submoon» នោះ?

មកទល់ពេលនេះ​ពុំមាន Submoon ណាមួយត្រូវបាន​រកឃើញថា មានវត្តមាន​នៅវិលជុំវិញព្រះច័ន្ទ​ទាំងឡាយ ដែ​លអ្នក​វិទ្យា​សាស្រ្ត​​ចាត់ទុកថា អាច​​ទ្រទ្រង់ពួកវាឡើយ ដូចជាព្រះច័ន្ទ Callisto របស់ភពព្រហស្បតិ៍ (Jupiter), ព្រះច័ន្ទ Titan ​និង Iapetus របស់​ភពសៅរ៍ (Saturn) ព្រមទាំងព្រះច័ន្ទរបស់ផែនដី​ផ្ទាល់​ជាដើម។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ​បើតាមទ្រឹស្តីមានតែព្រះច័ន្ទធំៗ​​និង​នៅស្ថិតក្នុងគន្លងគោចរដែលទូលាយៗ​ប៉ុណ្ណោះ ពី​ភព​មេរបស់ពួកវា ដែលនឹងមានផ្ទុក Submoon បាន។ ជាធម្មតា​ Submoon នានា ដែលគោចរជុំវិញ​ព្រះច័ន្ទតូចជាង​ និង​កៀក​​ភព​មេរបស់ពួកវា នឹង​បង្កឲ្យ​គន្លងគោចរ​របស់ Submoon ទាំងនោះ មានអស្ថិរភាពដោយសារតែកម្លាំងទំនាញ Tidal Force។

ព្រះច័ន្ទធំៗដូចជា Callisto, Titan, Iapetus, និងព្រះច័ន្ទផែនដី សុទ្ធតែមានលទ្ធភាពផ្ទុក Submoon បើយោងទៅលើទ្រឹស្តី​ ប៉ុន្តែ​​​ហេតុអ្វីបានជាពួកវាអត់មានទៅវិញ។ ​អ្នកវិទ្យាសាស្រ្តយល់ថា ប្រហែលមកពី​អាចមានកត្តាបង្ក​អស្ថិរភាព​ដទៃទៀត ដោយវា​អាច​ទាក់ទង​ទៅនឹង​​ការ​កកើតនៃ​ព្រះច័ន្ទទាំងនេះ។ ​

គួរជម្រាបថា ព្រះច័ន្ទរបស់​យើងកើតចេញការប៉ះទង្គិចគ្នា​រវាង​ផែនដី និងភពធំមួយ​កាលពីរាប់ពាន់​លានឆ្នាំមុន ខណៈ​ព្រះច័ន្ទ​​របស់ Jupiter និង Saturn ជាដើមកើតមានចេញ​បណ្តុំឧស្ម័ និងធូលីអវកាស ដែលផ្តល់កំណើត​ឲ្យភព​ទាំងនេះ។ ​និយាយ​រួម​ទៅ​គឺអាចមាន​កត្តា​ជាច្រើន ដែលធ្វើឲ្យគន្លងគោចររបស់ Submoon ពុំមានស្ថិរភាព ហើយ​ទោះបីជា​ការសន្និដ្ឋាននេះ​ពិត ឬមិនពិត​ក៏​ដោយ អ្នកវិទ្យាសាស្រ្ត​​ប្រហែលជា​ត្រូវរង់ចាំ​​របកគំហើញ​​​​​នៃវត្តមានព្រះច័ន្ទ​​នៅជុំវិញភព​អេលៀន (Exoplanet) ទើបអាច​ស្វែង​យល់បន្ត​ទៀតបាន។

ដោយឡែកព្រះច័ន្ទ​គឺពិបាកនឹងស្វែងរកឆ្ងាយ​ជាង​ភព ហើយមកទល់ពេល​នេះមាន​បេក្ខភាពព្រះច័ន្ទ​តែមួយ​ប៉ុណ្ណោះ ដែល​គេរក​ឃើញនៅក្រៅប្រព័ន្ធព្រះអាទិត្យគឺ វានៅជុំវិញភព​មួយឈ្មោះ Kepler-1625b និងមានទំហំ​ប៉ុន​ភពណិបទូន។ បេក្ខភាព​ព្រះច័ន្ទ​អេលៀននេះ មានទំហំធំ និងគន្លងគោចរឆ្ងាយគ្រប់គ្រាន់ពីភពមេរបស់វា ដូច្នេះ​ហើយ​បើតាម​ទ្រឹស្តីវាអាចទ្រទ្រង់​ Submoon ​បាន​ ប៉ុន្តែ​ជាដំបូងអ្នក​វិទ្យាសាស្រ្ត​ត្រូវ​ផ្ទៀតផ្ទាត់មើល​សិនថា ព្រះច័ន្ទនេះមានវត្តមាន​ពិតមែន ឬអត់ មុនរុករក Submmon ដែល​អាចនៅ​ជុំវិញវា៕

ប្រភព៖ EarthSky.com (២៨ មករា ២០១៩)

LEAVE A REPLY

Please enter your comment!
Please enter your name here