ជប៉ុនរកឃើញវត្ថុអវកាសឆ្ងាយបំផុតថ្មី ស្ថិត​នៅចុងប្រព័ន្ធ​ព្រះអាទិត្យ និង​កំពុង​ធ្វើការ​បញ្ជាក់​វត្តមាន​ច្បាស់លាស់​របស់វា

0

(ជប៉ុន)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​ជប៉ុន ទំនងជាបានប្រទះឃើញ​​ថ្មអវកាសមួយដុំ មានទំហំមុខកាត់​​ជាងមួយគីឡូម៉ែត្រ នៅឯចុង​​ប្រព័ន្ធ​ព្រះអាទិត្យ ដែលរឿង​កើត​ឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ​បន្ទាប់ពីតារាវិទូប្រចាំនៅកោះហាវ៉ៃ បានរកឃើញ Farout និងប្រកាសឲ្យវាក្លាយជាវត្ថុអវកាស នៅចុងគេបំផុតក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​​វែបសាយ Space.com នៅល្ងាចថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។

ក្រុមអ្នកវិទ្យាសាស្រ្ត​ខាងលើប្រហែលជា​បានប្រទះឃើញ​​ដុំថ្មអវកាស​មួយ ​មានមុខកាត់​ប្រវែង ១.៣គីឡូម៉ែត្រ​ នៅតំបន់ខ្សែក្រវាត់​​ខៃភើ (Kuiper Belt) ដែលជាបណ្តុំ​នៃផ្កាយដុះកន្ទុយ (អាចម៍​ផ្កាយ​ទឹកកក) នៅផុតពី​ភពណិបទូន ដែលជាភពចុងគេក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ប្រសិន​បើ​វត្ថុ​នេះ​ពិតជាមាន​នៅទីនោះ​មែន វានឹងក្លាយជាថ្ម​អវកាសដំបូង​បំផុត​នៅ​តំបន់ខ្សែ​ក្រវាត់ខៃភើ (KBO) ​ដែលរកឃើញ​ក្នុងរង្វង់ទំហំ​ប៉ុន​នេះ (តូចតែយើង​អាចរក​ឃើញនៅ​រយៈចម្ងាយឆ្ងាយ​បែបនេះ)។

ជាច្រើនឆ្នាំកន្លងមកនេះ អ្នកវិទ្យាសាស្រ្តបាន​ប្រទះឃើញ KBO ​ច្រើនគួរសម ប៉ុន្តែពួកវាមានទំហំធំជាង​ដូចជា ភពមិនពេញ​លក្ខណៈ «ភ្លុយតូ» ​ដែលមានមុខកាត់​ជាង ២,៣០០គីឡូម៉ែត្រ និងអាចម៍ផ្កាយ Ultima Thule ដែល​មាន​​ទំហំ​​ដល់​ទៅ​ ៣២គីឡូ​ម៉ែត្រ​ជាដើម ឬក៏មានទំហំតូចជា​ងនេះ ពោលគឺមុខកាត់ក្រោម ១គីឡូម៉ែត្រ។

គួរជម្រាបថា ការរកឃើញនេះ​​បានបង្ហាញថា KBO ខ្នាតមធ្យម​បែបនេះ តាមពិតអាចសម្បូរច្រើន ហើយវា​ត្រូវបានក្រុម​អ្នកវិទ្យាសាស្ត្រអះអាងថា បាន​បន្សល់ទុក​ពីការបង្កើត​ភពនានា ឬក៏វាបាន​ត្រូវបាន​ប្រមូលផ្តុំ​បានតែទំហំតូចៗប៉ុណ្ណោះ នៅពេល​ប្រព័ន្ធព្រះអាទិត្យ និងភពនានា​ចាប់កំណើត​​កាលពីជិត ៥ពាន់លាន​ឆ្នាំមុន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here