យាន​អ៊ីស្រាអែល​ដំបូងបំផុត នឹងចុះលើ​ផ្ទៃព្រះច័ន្ទ​នៅខែមេសា​ខាងមុខ ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត!

0

(ហ្សេរុយសាឡឹម)៖ អ៊ីស្រាអែលនឹង​បង្កើតព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រមួយ​របស់ខ្លួន តាមរយៈការបាញ់​បង្ហោះគ្រឿងយន្តអវកាសជាលើកដំបូងបំផុត ហោះទៅកាន់ឋានព្រះច័ន្ទនៅក្នុងសប្ដាហ៍​នេះ។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ ដកស្រង់ពីអង្គការអវកាសអ៊ីស្រាអែល IAI និងអង្គការមូលនិធិអវកាស SpaceIL នៅល្ងាចថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

ទីភ្នាក់ងារអវកាស​អ៊ីស្រាអែល នៅក្នុងសេចក្ដីថ្លែងការណ៍​ចេញផ្សាយនៅថ្ងៃអង្គារ​សប្ដាហ៍នេះ បានបញ្ជាក់ទៀតថា យានអវកាស​ឈ្មោះ ប៊ែរែស៊ីត (Beresheet) គ្រោង​នឹងត្រូវ​បាញ់បង្ហោះនៅថ្ងៃទី២២ ខែកុម្ភៈនេះ​ជាមួយការរំពឹងថា យាននេះនឹង​ទៅចុះចតនៅលើឋាន​ព្រះច័ន្ទនៅថ្ងៃទី១១ ខែមេសា។ ទីភ្នាក់ងារ​មួយនេះ​បន្ថែមថា Beresheet នឹងត្រូវបាញ់​បង្ហោះដោយគ្រាប់រ៉ុក្កែត​របស់ក្រុមហ៊ុនអវកាស​អាមេរិក SpaceX ចេញពីរដ្ឋ Florida។

យាន​អវកាស Beresheet មានទម្ងន់ត្រឹមតែ ៦០០គីឡូក្រាមប៉ុណ្ណោះ និងត្រូវគេចាត់ទុកថា ជាយានតូចបំផុតមួយ។ វាមានកម្ពស់ ១.៥ម៉ែត្រ និងមុខកាត់២ម៉ែត្រ ព្រមទាំងអាច​ផ្ទុកឥន្ធនៈបានទម្ងន់ ៧៥ភាគរយនៃទម្ងន់សរុបរបស់វា។ យាន​​មួយនេះ​នឹង​ត្រូវធ្វើដំណើរ​ចម្ងាយ ៦.៥លានគីឡូម៉ែត្រ ជារង្វង់ព័ទ្ធជុំវិញផែនដីរហូតទៅដល់ឋាន​ព្រះច័ន្ទ​តែម្តងនៅក្នុងល្បឿន ៣៦ពាន់គីឡូម៉ែត្រក្នុងមួយ​ម៉ោង ឬ ១០គីឡូម៉ែត្រក្នុងមួយវិនាទី។

គួរបញ្ជាក់ថា ប្រសិនបើ​បេសកកម្ម​ខាងលើនេះ​ជោគជ័យ ១០០%​ នោះអ៊ីស្រាអែល​​នឹង​ក្លាយជា​ប្រទេសទី ៤ ដែលអាចបញ្ជូន​យានទៅចុះចត​លើព្រះច័ន្ទ បន្ទាប់ពី​អតីតសហភាព​សូវៀត សហរដ្ឋអាមេរិក និងប្រទេសចិន។ ក្រុមការងារ​របស់អង្គការ​អវកាស IAI បានបង្ហាញ​មោទនភាព និងក្តីសង្ឃឹម​ខ្ពស់បំផុត ចំពោះ​អ្វីដែលខ្លួន​នឹងសម្រេចបាន​នាពេល​ខាងមុខ ដែលជាការលើក​មុខមាត់អ៊ីស្រាអែល​យ៉ាងភ្ញាក់ផ្អើលលើ​ឆាកអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here