អង្គការ NASA បង្ខំចិត្តដក​ឧបករណ៍​សំខាន់មួយ​ ចេញ​ពីយាន​ស្រាវជ្រាវ​ព្រះច័ន្ទ​ភព​ព្រហស្បតិ៍ ព្រោះតែ​វាមាន​តម្លៃ​ថ្លៃ​ពេក

0

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA បានដកឧបករណ៍​មួយចេញវិញ ដែលកន្លងមកត្រូវ​បានជ្រើសរើស​​សម្រាប់​​​បំពាក់ លើយានដែលត្រូវទៅ​សិក្សាអំពី​ព្រះច័ន្ទ Europa របស់​ភពព្រហស្បតិ៍ (Jupiter) ដោយសារហេតុផល​ថវិកា ប៉ុន្តែ NASA ​​បានបញ្ជាក់ថា នឹងស្វែងរកមធ្យោបាយ​ជំនួសឧបករណ៍​នេះវិញ ជាមួយប្រភេទរចនា​ដែលមិនសូវស្មុគស្មាញ និង​មិនចំណាយ​​ច្រើន​។​ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី វែបសាយព័ត៌មានវិទ្យាសាស្រ្ត-អវកាស Space នៅ​ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។

បើតាម​សេចក្តីថ្លែងការណ៍នាពេលថ្មីៗ​នេះរបស់​អង្គការ NASA ឧបករណ៍ដែល​ត្រូវបានដកចេញ​មាន​ឈ្មោះកាត់ថា ICEMAG (Interior Characterization of Europa Using Magnetometry)។ វាត្រូវបានរចនា​ឡើង ដើម្បី​វាស់ស្ទង់ ដែនម៉ាញេទិច​នៅជុំវិញ​​ព្រះច័ន្ទ​ទឹកកក Europa។ ICEMAG ស្ថិតក្នុង​ចំណោម​ឧបករណ៍សំខាន់ៗ​ចំនួន ០៩ ដែលត្រូវបាន​ជ្រើសរើស​​ដោយ NASA ​នៅ​ឆ្នាំ២០១៥ សម្រាប់ការ​អភិវឌ្ឍ​​បេសកកម្ម Europa Clipper។

​អង្គការ NASA បាន​​ឲ្យដឹងថា ​ដោយសារតែទំហំ​នៃការចំណាយ​លើ ICEMAG ដែលស្ថិតក្នុងដំណាក់​កាលរចនា​ដំបូង​​ប៉ុណ្ណោះ​នោះ​ បានកើនឡើងខ្ពស់ខ្លាំង​ដល់ទៅជាង ៤៥លានដុល្លារ ទើប​បង្ខំឲ្យពួកគេ​ដកឧបករណ៍នេះ​ចេញតែម្តង ក៏ប៉ុន្តែ NASA បាន​​បាន​បញ្ជាក់ថា នឹង​ងាកទៅរចនា​ឧបករណ៍វាស់ស្ទង់ដែន​ម៉ាញេទិច (Magnetometer) ដែលមាន​លក្ខណៈធម្មតាល្មមៗ​វិញ។ ​បើតាមអ្នក​វិទ្យាសាស្រ្ត ការរួមបញ្ចូល​ឧបករណ៍ Magnetometer គឺមានសារៈសំខាន់​ជាពិសេស សម្រាប់ការស្រាវជ្រាវ​​ទៅលើ​​ផ្ទៃផ្នែក​ខាងក្នុង​របស់ Europa ដែលគេ​ជឿជាក់ថា មានផ្ទុកមហាសមុទ្រ​ដ៏ធំមហា​សាលមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here