កាលពី ៣៦៤ឆ្នាំមុន តារាវិទូមួយរូប​បានឆ្លុះឃើញព្រះច័ន្ទ Titan នៃភពសៅរ៍មុនគេបង្អស់!

0

(ហូឡង់)៖ តើអ្នកដឹងទេថា វត្ថុអវកាសអ្វីដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ នៅថ្ងៃទី២៥ ខែមីនា កាលពី៣៦៤ឆ្នាំមុន? នៅថ្ងៃទី២៥ ខែមីនា កាលពីឆ្នាំ១៦៥៥ ព្រះច័ន្ទ Titan របស់ភពសៅរ៍ (Saturn) ត្រូវបានរកឃើញដោយ តារាវិទូជនជាតិហូឡង់ ឈ្មោះ Christiaan Huygens។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មានអវកាស-វិទ្យាសាស្រ្ត Space នារសៀលថ្ងៃទីអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។

ព្រះច័ន្ទ Titan គឺជាព្រះច័ន្ទធំជាងគេបង្អស់របស់ភពសៅរ៍ (Saturn) គឺជា ព្រះច័ន្ទដំបូងបំផុតដែលត្រូវបានរកឃើញ ក្នុងចំណោមព្រះច័ន្ទទាំង ៦២ ដែលគោចរជុំវិញភពសៅរ៍នោះ។ លោក Huygeys បានប្រទះឃើញ Titan តាមរយៈការប្រើប្រាស់តេឡេស្កូបមួយ ដែលលោកបានរចនាឡើងដោយផ្ទាល់ដៃ។ នៅពេលកំពុងសំឡឹងមើលខ្សែក្រវាត់របស់ Saturn លោកក៏បានកត់សម្គាល់ឃើញ ចំណុចតូចមួយ​នៅក្បែរ​នោះ។

តារាវិទូរូបនេះបានសង្ស័យថា វាប្រហែលជាព្រះច័ន្ទ ប៉ុន្តែដើម្បីឲ្យជាក់ លោកបានបន្តអង្កេតមើលវាប៉ុន្មានថ្ងៃក្រោយមកទៀត ហើយទីបំផុតលោកបានប្រាកដក្នុងចិត្តថា ចំណុចតូចនោះមានគន្លងគោចរជុំវិញភពសៅរ៍ ដូច្នេះហើយវាច្បាស់ជា​ព្រះច័ន្ទ ដែលត្រូវបានដាក់ឈ្មោះថា Titan ធំជាងគេ​បំផុត​របស់​ភពសៅរ៍ និងធំលំដាប់ទី ២ ក្នុងប្រព័ន្ធព្រះអាទិត្យទាំងមូល។

គួរជម្រាបថា រយៈពេលជាង ៣០០ឆ្នាំក្រោយមកទៀត ​ទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានបញ្ជូនយានអវកាសមួយទៅកាន់ព្រះច័ន្ទ Titan ហើយដាក់​ឈ្មោះតាមលោក Huygens ដែលយានតូចនេះ គឺត្រូវបានភ្ជាប់ជាមួយយាន Cassini៕

LEAVE A REPLY

Please enter your comment!
Please enter your name here