ភពសុក្រ ផែនដី និងភពព្រហស្បតិ៍ អាចមានឥទ្ធិពលទៅលើចលនាកញ្ជ្រោលនៃព្រះអាទិត្យ ក្នុងរយៈពេលទៀងទាត់មួយ

0

(អាល្លឺម៉ង់)៖ ការសិក្សាថ្មីមួយបានបង្ហាញថា ដែននៃកម្លាំងម៉ាញេទិចរបស់ភពសុក្រ (Venus) ភពព្រហស្បតិ៍ (Jupiter) និងភពផែនដី ប្រហែលជាអាចបកស្រាយនូវ អាថ៌កំបាំងវដ្តសកម្មភាពរយៈពេល ១១ឆ្នាំរបស់ព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩។

ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យស្រាវជ្រាវ HZDR ក្នុងទីក្រុង ឌ្រែសដិន (Dresden) ប្រទេសអាល្លឺម៉ង់បានសិក្សារកឃើញថា ស្រទាប់ម៉ាញេទិចរបស់ភពទាំងពីរខាងលើ មានឥទ្ធិពលទៅលើវដ្តនៃសកម្មភាពរបស់ព្រះអាទិត្យ ដែលជាអាថ៌កំបាំងដ៏ធំមួយសម្រាប់អ្នកវិទ្យាសាស្រ្ត។

គួរជម្រាបថា តាមរយៈការប្រៀបធៀបលទ្ធផលអង្កេត នៃសកម្មភាពព្រះច័ន្ទ រួមមានដូចជា ចំណុចខ្មៅលើព្រះអាទិត្យ (Sunspot), អណ្តាតភ្លើងព្រះអាទិត្យ (Solar Flare), និង ការជះចេញអណ្តាតភ្លើង ពីស្រទាប់ខូរ៉ូណាព្រះអាទិត្យ (Coronal Mass Ejection) ជាមួយនិងស្រទាប់ម៉ាញេទិចរបស់ ភពសុក្រ ភពព្រហស្បតិ៍ និងភពផែនដីយើង ក្រុមអ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់បានរកឃើញថា ពួកវាពិតជាមានទំនាក់ទំនងជាមួយគ្នា។

ជាទូទៅសកម្មភាពផ្សេងៗរបស់ព្រះអាទិត្យបានប្រព្រឹត្តទៅក្នុងកម្រិតខុសៗគ្នា ប៉ុន្តែការជះចេញនៃអណ្តាតភ្លើង ឬព្យុះព្រះអាទិត្យធំបំផុតមួយនោះ តែងតែកើតឡើងជាទៀងទាត់នៅក្នុងអំឡុងពេល ១១ឆ្នាំម្តង ដោយអ្នកវិទ្យាសាស្រ្តមិនអាចដឹងច្បាស់ថា វដ្តរយៈពេលនេះបង្កឡើង​ដោយសារមូលហេតុអ្វីឡើយ។ ដូច្នេះលទ្ធផលខាងលើនេះ អាចជាគន្លឹះសំខាន់បំផុតមួយ នៅក្នុងការស្វែងយល់អំពីទំនាក់ទំនងរវាងចលនាកញ្ជ្រោលនៃព្រះអាទិត្យ ជាមួយនឹងភពទាំងប៉ុន្មានខាងលើដែលគោចរជុំវិញវា៕

LEAVE A REPLY

Please enter your comment!
Please enter your name here