រកឃើញទៀតហើយ! ភពតូចមួយស្ថិតនៅក្នុងប្រព័ន្ធផ្កាយភ្លោះបី មានចម្ងាយ២៣ឆ្នាំពន្លឺពីយើង!

0

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញ ភពមួយមានឈ្មោះសម្គាល់ថា LTT 1445Ab នៅក្នុងទិន្នន័យដែលប្រមូលបានដោយកែវយឺតអវកាស TESS របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ហើយសម្រាប់ចំណុចពិសេសគួរឲ្យចាប់អារម្មណ៍បំផុតរបស់វានោះ គឺវាត្រូវបាន បំភ្លឺដោយផ្កាយដល់ទៅ ៣ដួងឯណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។

បើតាមការជឿជាក់របស់អ្នកវិទ្យាសាស្រ្ត ភពខាងលើគឺជាភពថ្មដូចប្រភេទភពរបស់យើងដែរ តែមានទំហំធំជាងផែនដី។ ភពនេះត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា ពុំមានលទ្ធភាពអាចទ្រង់ទ្រង់ជីវិតឡើយ ព្រោះសីតុណ្ហភាពនៅលើផ្ទៃវាក្តៅខ្លាំងរហូតដល់ ១៦០អង្សាសេ។ បើយើងស្ថិតនៅលើផ្ទៃ នៃភពអេលៀន LTT 1445Ab យើងនឹងឃើញព្រះអាទិត្យចំនួន ៣ ក៏ប៉ុន្តែពីរក្នុងចំណោមនោះ នឹងមានទំហំតូចខ្លាំងនិងស្ថិតនៅឆ្ងាយ ខណៈវាគោចរជុំវិញផ្កាយតែមួយដួងប៉ុណ្ណោះ នៅក្នុងចំណោមប្រព័ន្ធផ្កាយ ដែលមានតារាសរុបចំនួន ៣ដួងនេះ។

គួរជម្រាបថា ប្រភេទតារាទាំង ៣ដួងក្នុងប្រព័ន្ធខាងលើ គឺជាប្រភេទផ្កាយក្រហម Red Dwarf ដែលជាប្រភេទផ្កាយមានទំហំតូច និងសីតុណ្ហភាពទាបជាងគេ ក្នុងចំណោមប្រភេទផ្កាយដទៃទៀត។ ប្រព័ន្ធនេះស្ថិតនៅចម្ងាយជិត ២៣ឆ្នាំពន្លឺពីភពផែនដី (មួយឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ដូច្នេះវាអាចចាត់ទុកជាប្រព័ន្ធផ្កាយ ដែលស្ថិតនៅក្បែរៗផែនដីយើងបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here