បាតុភូតចម្លែក! ប្រហោងខ្មៅយក្សនៅកណ្តាលកាឡាក់ស៊ីយើង នៅសុខៗស្រាប់បញ្ចេញពន្លឺខុសពីធម្មតា…

0

(វ៉ាស៊ីនតោន)៖ ក្រុមតារាវិទូនៅសហរដ្ឋអាមេរិកបានកត់សម្គាល់ឃើញថា ប្រហោងខ្មៅយក្សប្រភេទ Supermassive Black Hole នៅដែលនៅកណ្តាលកាឡាក់ស៊ីរបស់យើង បានបញ្ចេញពន្លឺភ្លឺខុសពីធម្មតា ដែលស្ទើរតែចំឡំថាជាផ្កាយ ខណៈជាទូទៅវាមានពន្លឺស្ទង់ៗមើលសឹងតែមិនឃើញផង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។

ប្រហោងខ្មៅយក្ស Sagittarius A* ដែលស្ថិតនៅកណ្តាលកាឡាក់ស៊ី Milky Way នាពេលថ្មីៗនេះបានបញ្ចេញពន្លឺយ៉ាងភ្លឺ ដែល ក្រុមអ្នកតារាវិទូមកពីសាកលវិទ្យាកាលីហ្វរញ៉ានៅទីក្រុង Los Angeles ដំបូងច្រឡំស្មានតែជាផ្កាយឈ្មោះ S0-2 ព្រោះជាធម្មតាប្រហោងខ្មៅយក្សនេះ មានពន្លឺស្ទង់ៗប៉ុណ្ណោះ។ បាតុភូតដ៏កម្រនេះបានត្រូវអ្នកវិទ្យាសាស្រ្តប្រទះឃើញ តាមរយៈមជ្ឈមណ្ឌលអង្កេតផ្ទៃមេឃ WM Keck Observatory ស្ថិតនៅនៅកោះហាវ៉ៃ នៃកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក។

គួរជម្រាបថា យោងតាមនិយមន័យ ចំណុចចំប្រហោងខ្មៅតែម្តង គឺវាមិនបញ្ចេញពន្លឺផ្ទាល់ឡើយ ខណៈពន្លឺស្ទង់ៗដែលគេមើលឃើញនោះ គឺជាសកម្មភាពនៃបណ្តុំរូបធាតុដែលនៅជុំវិញវា (ជាកម្ទេចធូលី និងអណ្តាតភ្លើងដែលកញ្ជ្រោលជុំវិញមាត់ប្រហោង)។ ខណៈនេះក្រុមតារាវិទូខាងលើ កំពុងរង់ចាំទិន្នន័យពីកែវយឺតអវកាសដទៃទៀតដូចជា Spitzer និង Chandra របស់ទីភ្នាក់ងារអវកាស NASA ដើម្បីសិក្សាស្វែងយល់បន្ថែម​អំពីបាតុភូតចម្លែកនេះ។ ប្រហោងខ្មៅយក្ស Sagittarius A* មានទំហំធំជាងព្រះអាទិត្យយើង ៤លានដង និងមានចម្ងាយ ២៦,០០០ឆ្នាំពន្លឺពីភពផែនដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here