នេះហើយជានាវាអវកាស Starship ដែលនឹងត្រូវប្រើដើម្បីហោះទៅទីអវកាស ឋានព្រះច័ន្ទ និងភពព្រះអង្គារនៅប៉ុន្មានឆ្នាំខាងមុខ

0

(អាមេរិក)៖ ស្ថាបនិកក្រុមហ៊ុនអវកាសអាមេរិក SpaceX លោក អេឡូន ម៉ាសក៍ (Elon Musk) បានបង្ហាញក្តីរំពឹងថា មូលដ្ឋានរបស់ក្រុមហ៊ុនលោកនៅរដ្ឋតិចសាស់ (Texas) នឹងក្លាយជាទីតាំងចម្បងដើម្បីបញ្ជូនមនុស្សឡើងទៅកាន់ទីអវកាស ទៅកាន់ឋានព្រះច័ន្ទ និងទៅកាន់ព្រះភពអង្គារ (Mars)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Dallas News នៅថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។

ក្នុងកម្មវិធីមួយនៅមូលដ្ឋានរបស់ក្រុមហ៊ុន Space ក្នុងតំបន់ បូកា ជីកា (Boca Chica) នៃរដ្ឋតិចសាស់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក Musk បានរៀបរាប់នូវគម្រោងមហិច្ឆតារបស់លោក ស្តីពីវិស័យអវកាសនាថ្ងៃខាងមុខសម្រាប់ក្រុមហ៊ុន SpaceX ដោយក្នុងនោះមានទាំងការបញ្ជូនមនុស្សឆ្ពោះទៅកាន់ព្រះច័ន្ទ និងភពអង្គារជាដើម ហើយលោករំពឹងថា មូលដ្ឋាននៅរដ្ឋតិចសាស់នឹងជាទីតាំងដ៏សំខាន់សម្រាប់គោលដៅនេះ។

កម្មវិធីប្រចាំឆ្នាំខាងលើនេះត្រូវបានរៀបចំឡើង ចំពេលដែលគំរូនៃនាវាអវកាស Starship ដែលជាយានសម្រាប់ដឹកអ្នកដំណើរ និងទំនិញក្នុងទីអវកាសរបស់ក្រុមហ៊ុន Space ទើបត្រូវបានដំឡើងរួចរាល់ជាស្ថាពរសម្រាប់ការធ្វើតេស្ត។ បើតាមបំណងរបស់លោកផ្ទាល់ លោក Musk ចង់ឲ្យមានការធ្វើតេស្តនាវាអវកាស Starship នៅក្នុងទីអវកាសតែម្តងក្នុងពេល ០៦ខែខាងមុខបន្ទាប់ពីការសាកល្បងបាញ់បង្ហោះ នៅក្នុងស្រទាប់បរិយាកាសផែនដី។

គួរជម្រាបថា យោងតាមព័ត៌មានអាប់ដេតថ្មីចុងក្រោយ ក្នុងកម្មវិធីខាងលើ នាវាអវកាស Starship នឹងមានបណ្តោយប្រវែងខ្ទង់ ៥០ម៉ែត្រ និងមុខកាត់ប្រវែងប្រហែល ០៩ម៉ែត្រ ហើយអាចផ្ទុកមនុស្ស ឬទំនិញបានទម្ងន់ ១៥០តោន។ ដើម្បីបាញ់បង្ហោះវា SpaceX នឹងប្រើប្រាស់គ្រាប់រ៉ុក្កែតដ៏ខ្លាំងហើយធំដូចគ្នាហៅថា Super Heavy ដែលមានមុខកាត់ ០៩ម៉ែត្រ និងបណ្តោយប្រវែង ៦៨ម៉ែត្រ។ ខណៈយានអវកាស Starship នឹងបំពាក់ម៉ាស៊ីន Raptor ប្រមាណ ០៦គ្រឿង គ្រាប់រ៉ុក្កែតអាចបំពាក់ ២៤ ទៅ ៣៧គ្រឿង។ ក្រុមហ៊ុន SpaceX មានគម្រោងប្រើប្រាស់វត្ថុទាំងពីរនេះ ដើម្បីបម្រើក្នុងបេសកកម្មផ្សេងៗរបស់ខ្លួន នាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here