ឧបករណ៍ស៊ែលហ្វីអវកាសរបស់ Samsung ធ្លាក់ចំរដ្ឋ Michigan របស់អាមេរិក

0

(អាមេរិក)៖ ឧបករណ៍ម៉្យាងហៅថា Space Selfie របស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung ដែលត្រូវបានបង្ហោះឡើងទៅកាន់ទីអវកាសនាពេលកន្លងទៅនេះ បានធ្លាក់ចុះមកវិញចំដីរបស់ប្រជាជនអាមេរិកនៅរដ្ឋ Michigan។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន NBC News នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។

ក្រុមហ៊ុន Samsung បានចេញមុខទទួលស្គាល់ក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបករណ៍នោះពិតជាបានធ្លាក់មកវិញមែន ក៏ប៉ុន្តែក្រុមហ៊ុនបានចាត់ទុកវា គឺជាការចុះមកវិញមុនពេលកំណត់ នៅតំបន់ដែលត្រូវបានកំណត់ជ្រើសរើសទុកជាមុន នៅអាមេរិក។ ក្រុមហ៊ុន Samsung បានបន្តថា ហេតុការណ៍នោះ មិនបានបង្កឲ្យនរណាម្នាក់រងរបួសឡើយ ហើយឧបករណ៍ក៏ត្រូវយកចេញពី កន្លែងដែលវាចុះផងដែរ ខណៈ Samsung បានសុំអភ័យទោសចំពោះការរំខាននានា ដែលបានបង្កឡើងដោយអចេតនា។

គួរជម្រាបថា ឧបករណ៍ Space Selfie អនុញ្ញាតឲ្យអតិថិជនរបស់ក្រុមហ៊ុន Samsung មានឱកាសផ្ញើរូបថត Selfie របស់ពួកគេ ទៅកាន់វែបសាយរបស់កម្មវិធី Space Selfie នេះ គឺ៖ www.samsung.com/spaceselfie ដើម្បីនឹងត្រូវជ្រើសរើសដោយចៃដន្យ ហើយ បង្ហាញនៅលើអេក្រង់ទូរស័ព្ទដៃ Galaxy S10 5G មួយគ្រឿងដែលបំពាក់នៅលើឧបករណ៍នោះ។ បន្ទាប់មកទៀត មានម៉ាស៊ីនមួយទៀត ដែលថតយករូបភាពទូរស័ព្ទនោះ ដោយយកទិដ្ឋភាពដ៏អស្ចារ្យរបស់ផែនដីធ្វើជា Background រួចផ្ញើរូបថត នោះមកកាន់ម្ចាស់រូបនៅផែនដីវិញ ដើម្បីចែករំលែកនៅលើបណ្តាញសង្គមជាដើម។ ពីដំបូងឡើយ ឧបករណ៍ Space Selfie នេះ ដែលបង្ហោះឡើងទីអវកាសដោយប្រើបាឡុង ត្រូវបានគ្រោងឲ្យស្ថិតនៅក្នុងលំហអវកាសរហូតដល់ថ្ងៃទី៣១ ខែតុលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here