ផ្កាយដែលត្រូវប្រហោងខ្មៅយក្ស Sagittarius A* រុញឲ្យខ្ទាតចេញកាលពីប៉ុន្មានលានឆ្នាំមុន ពេលនេះកំពុងចល័តយ៉ាងលឿន…

0

(បរទេស)៖ ផ្កាយមួយដួងដែលត្រូវបានប្រហោងខ្មៅយក្ស Sagittarius A* រុញច្រានឲ្យខ្ទាតចេញពីកណ្តាលកាឡាក់ស៊ីយើង កាលពីប៉ុន្មានលានឆ្នាំមុន នាពេលនេះបានឈានដល់ល្បឿនយ៉ាងលឿន។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីវែបសាយព័ត៌មាន Space នាថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រមាណ ០៥លានឆ្នាំក្រោយព្រឹត្តិការណ៍ខាងលើ អ្នកស្រាវជ្រាវមួយក្រុមបានប្រទះឃើញថា ផ្កាយឈ្មោះដែលមានឈ្មោះសម្គាល់ S5-HVS1 ដែលស្ថិតក្នុងកញ្ចុំផ្កាយ Grus កំពុងធ្វើដំណើរក្នុងល្បឿនដល់ទៅ ១០ដងលឿនជាងផ្កាយភាគច្រើននៅក្នុងកាឡាក់ស៊ី Milky Way ហើយ វាកំពុងស្ថិតនៅចម្ងាយ២៩,០០០ឆ្នាំពន្លឺពីផែនដី។ បើតាមក្រុមអ្នកស្រាវជ្រាវ ដោយសារតែល្បឿនលឿនបែបនេះ នៅទីបំផុតផ្កាយនោះនឹង ចេញផុតពីកាឡាក់ស៊ីយើង ដោយគ្មានថ្ងៃត្រឡប់មកវិញឡើយ។

របកគំហើញនៃផ្កាយ S5-HVS1 ត្រូវសម្រេចបានតាមរយៈការអង្កេតដោយប្រើ ប្រព័ន្ធតេឡេស្កូប Anglo-Australian Telescope (AAT) នៅប្រទេសអូស្រ្តាលី និងកែវយឺតអវកាស Gaia របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ហើយវាក៏ស្ថិតក្នុងផ្នែកនៃកម្មវិធីកិច្ចសហប្រតិបត្តិការ Southern Stellar Stream Spectroscopic Survey (S5) រវាងក្រុមតារាវិទូមកពីប្រទេស ឈីលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលីផងដែរ។

គួរជម្រាបថា កាលពី ៣០ឆ្នាំមុនតារាវិទូម្នាក់ឈ្មោះ Jack Hills ធ្លាប់បានលើកឡើងថា ផ្កាយដែលធ្វើដំណើរក្នុងល្បឿនលឿនខ្លាំង គឺដោយសារតែមានការធ្វើអន្តរកម្ម​រវាងប្រព័ន្ធផ្កាយភ្លោះ និងប្រហោងខ្មៅយក្ស ដែលស្ថិតនៅកណ្តាលកាឡាក់ស៊ី ពោលគឺកាលពីដើមឡើយ ផ្កាយ S5-HVS1 ស្ថិតនៅក្នុងប្រព័ន្ធផ្កាយភ្លោះ ប៉ុន្តែដោយសារពួកវាខិតទៅកៀកប្រហោងខ្មៅយក្ស Sagittarius A* ផ្កាយដែលជាដៃគូរបស់ S5-HVS1 ក៏ត្រូវបានប្រហោងខ្មៅលេបយក ខណៈផ្កាយ S5-HVS1 នាពេលនោះត្រូវបានរុញច្រានឲ្យខ្ទាតចេញក្នុងល្បឿនប្រហែល ៣.៧លាន គីឡូម៉ែត្រក្នុងមួយម៉ោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here