ចង់ទៅគ្រប់ទីកន្លែងក្នុងប្រព័ន្ធព្រះអាទិត្យ និងចក្រវាឡនេះដែរឬទេ? ឧបករណ៍ VR មួយនេះអាចជួយបាន…

0

(បរទេស)៖ នេះមិនមែនជាការផ្សាយពាណិជ្ជកម្មទេ ប៉ុន្តែឧបករណ៍ VR Oculus Go របស់ក្រុមហ៊ុន Oculus គឺពិតជាកំពុងតែទាក់ទាញចំណាប់អារម្មណ៍ អ្នកដែលមានបំណងចង់ទទួលបានបទពិសោធន៍ នៃការរុករកនៅទីអវកាសក្នុងលក្ខណៈស្ទើរដូចពិតៗ នៅសហរដ្ឋអាមេរិក ជាមួយការបញ្ចុះតម្លៃពិសេសក្នុងថ្ងៃហូលីដេ នៅក្នុងតម្លៃក្រោម ៣០០ដុល្លារ។ នេះបើតាមការចេញផ្សាយដោយ​ Space នាព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឧបករណ៍ VR Oculus Go នេះមានកម្មវិធី និងហ្គេមរាប់រយ ហើយភាគច្រើនគឺមិនគិតថ្លៃនោះឡើយ។ អ្នកអាចលេងហ្គេមពាក់ព័ន្ធទីអវកាស ឬក៏សិក្សាស្វែងយល់អំពីការហ្វឹកហាត់ និងបេសកកម្មនីមួយៗរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA។ ចំណុចពិសេសមួយទៀត អ្នកក៏អាចសាកល្បងទទួលយកបទពិសោធន៍ នៃបេសកកម្មជាប្រវត្តិសាស្រ្តទៅកាន់ឋានព្រះច័ន្ទ គឺ Apollo 11។ តាមរយៈការប្រើប្រាស់ឧបករណ៍ VR (Virtual Reality) នេះអ្នកនឹងមានអារម្មណ៍ដូចអង្គុយនៅយានអវកាស ដើម្បីជិះគ្រាប់រ៉ុក្កែតចេញពីផែនដី ឆ្ពោះទៅកាន់ព្រះច័ន្ទដោយផ្ទាល់ពិតៗយ៉ាងដូច្នោះ ។

គួរជម្រាបថា ឧបករណ៍ VR Oculus Go ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Oculus VR ក្រោមការសហការជាមួយក្រុមហ៊ុន Qualcomm និងក្រុមហ៊ុនចិន Xiaomi ហើយវាត្រូវបានដាក់លក់ដំបូងកាលពីខែឧសភា ឆ្នាំ២០១៨។ Oculus ក៏ជាក្រុមហ៊ុនសម្ព័ន្ធមួយ​របស់ Facebook ផងដែរដោយមានទិសដៅ​បង្កើនអ្នកប្រើប្រាស់បច្ចេកវិទ្យា VR ប្រកបដោយគុណភាពខ្ពស់ ចាប់ពីឆ្នាំ២០២០ឡើងទៅ ទាំងផ្នែកហ្គេម និងការកម្សាន្តនៅក្នុងចក្រវាឡប្លែកៗ៕

ចែករំលែក