បញ្ហាភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វរញ៉ារបស់អាមេរិក នឹងកាន់តែអាក្រក់ខ្លាំងជាងពេលនេះទៀត នៅបណ្តាឆ្នាំខាងមុខ

0

(កាលីហ្វរញ៉ា)៖ ភ្លើងឆេះព្រៃបានលេបត្របាក់ផ្នែកជាច្រើននៅរដ្ឋកាលីហ្វរញ៉ា ដែលបានបណ្តាលឲ្យដើមឈើរាប់លានដើម ត្រូវបាត់បង់ក្នុងមួយឆ្នាំៗ ហើយអាកាសធាតុក៏កាន់តែក្តៅឡើងៗ ដោយសារខ្យល់ស្ងួតបោកបក់ពីមហាសមុទ្រប៉ាស៊ីហ្វិក កាន់តែអូសបន្លាយយូរជាងមុន។ បញ្ហាទាំងអស់នេះត្រូវបានក្រុមជំនាញបរិស្ថានអះអាងថា បង្កឡើងដោយការប្រែប្រួលបរិយាកាសភពផែនដី យ៉ាងពិតប្រាកដ។

របាយការណ៍ពីអាជ្ញាធរកាលីហ្វរញ៉ាបានឲ្យដឹងថា គ្រាន់តែអំឡុងឆ្នាំ២០១៩ នេះប៉ុណ្ណោះ ភ្លើងឆេះព្រៃបានកើតមានឡើងរហូតដល់ ៦,៤០២ករណី ដែលភាគច្រើនបានកើតមានឡើង នៅភាគខាងជើង និងខាងត្បូងរដ្ឋ ដែលស្មើនឹងការបំផ្លាញផ្ទៃដីព្រៃឈើប្រមាណ ២៥៣,៤៧៥ហិកតា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ ស្ថានភាពភ្លើងឆេះព្រៃនៅពេលបច្ចុប្បន្ននេះ ត្រូវបានក្រុមជំនាញអះអាងថា មានសភាពអាក្រក់ជាងពេលណាៗទាំងអស់ ហើយពួកគេក៏បានព្រមានផងដែរថា វានឹងបន្តកាន់តែអាក្រក់ជាងនេះ ដោយសារតែការប្រែប្រួលបរិយាកាសផែនដី។

កាលពីពេលថ្មីៗកន្លងទៅនេះអភិបាលរដ្ឋកាលីហ្វរញ៉ាលោក ហ្គាវីន ញូសុម (Gavin Newsom) បានលើកឡើងថា «ការប្រែប្រួលបរិយាកាស បានបង្កើតនូវការពិតជាក់ស្តែងថ្មីមួយ នៅក្នុងរដ្ឋកាលីហ្វរញ៉ា។ យើងមិនអាចសួរសំនួរថា តើភ្លើងឆេះព្រៃអាចកើមាន ឬក៏អត់នោះឡើយ ប៉ុន្តែសំនួរដែលយើងត្រូវសួរនោះគឺ តើភ្លើងឆេះព្រៃនឹងកើតឡើងនៅពេលណា?»។ ដោយឡែកលោក ថូនី ម៉ាហល (Tony McHale) មន្ត្រីពន្លត់អគ្គីភ័យប្រចាំសង្កាត់ វែនធួរ៉ា (Ventura) បានឆ្លើយតបនឹងសារព័ត៌មានស៊ីនហួរថា «ខ្ញុំមិនមែនជាអ្នកជំនាញអាកាសធាតុទេ ប៉ុន្តែតាមរយៈបទពិសោធន៍ខ្ញុំ ២០ឆ្នាំមកនេះ អ្វីៗគ្រប់យ៉ាងគឺកាន់តែក្តៅឡើងៗ ហើយករណីភ្លើងឆេះព្រៃក៏កើតមានច្រើនឡើងៗ និងអូសបន្លាយក្នុងរយៈពេលយូរថែមទៀត…»។

គួរបញ្ជាក់ថា រដ្ឋកាលីហ្វរញ៉ាស្ថិតនៅភាគនិរតីនៃសហរដ្ឋអាមេរិក ដែលតែងតែកើតមានភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំទៅហើយ ឲ្យតែឈានចូលរដូវក្តៅ និងស្ងួតនោះ។ ប៉ុន្តែនាប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុហាក់កាន់តែប្រែប្រួលខ្លាំង ជាពិសេសខ្យល់ក្តៅ និងស្ងួតបានបោកមកពីភាគខាងលិចរដ្ឋយូរជាងមុន ដែលជាហេតុធ្វើឲ្យភ្លើងឆេះព្រៃ កើតមានឡើងកាន់តែច្រើនករណី។ ក្រុមអ្នកជំនាញបរិស្ថាននៅរដ្ឋកាលីហ្វរញ៉ាបានបញ្ជាក់ថា ជាធម្មតារដូវធ្លាក់ភ្លៀងនៅកាលីហ្វរញ៉ា តែងតែចាប់ផ្តើមនៅអំឡុងខែតុលា ប៉ុន្តែនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពរាំងស្ងួតបានអូសបន្លាយចូលមកដល់ខែវិច្ឆិកា និងធ្នូ និងឈានចូលដលខែមករា ថែមទៀត ក៏ព្រោះតែបញ្ហាបម្រែបម្រួលអាកាសធាតុ កាន់តែអាក្រក់ឡើងៗនោះហើយ៕

ប្រភព៖ សារព័ត៌មានចិន Xinhua (ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩)

ចែករំលែក