តេឡេស្កូបយក្សចិន FAST បញ្ចប់ដំណើរការសាកល្បង និងត្រៀមដំណើរការជាផ្លូវការ

0

(ប៉េកាំង)៖ តេឡេស្កូបយក្សចិន FAST ដែលមានតួនាទីចាប់យករលកវិទ្យុសញ្ញា ដើម្បីសិក្សាអំពីទីអវកាសឆ្ងាយៗនោះ នៅទីបំផុតបានបញ្ចប់បេសកកម្មសាកល្បងរបស់ខ្លួនហើយ ដោយមានរយៈពេល ០៣ឆ្នាំមកនេះ ហើយវានឹងត្រៀមដំណើរការជាផ្លូវការតែម្តង។ FAST ជាតេឡេស្កូមប្រើប្រាស់រលកវិទ្យុធំជាងគេបំផុតលើលោក ដែលមានតួនាទីពហុមុខ ហើយក្នុងនោះក៏មានទាំងការស្វែងរកជីវិតឆ្លាត់វៃ (extraterrestrial intelligence) ផងដែរ។

FAST ត្រូវបានដាក់ដំណើរការសាកល្បងជាលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០១៦ ដោយប៉ុន្មានឆ្នាំមកនេះវាបានអង្កេតឃើញតារា Pulsar (តារាដែលមានលក្ខណៈកញ្ជ្រោល) ចំនួន ៩៩ ហើយ ៣០ក្នុងចំណោមនោះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ជាប្រភេទតារាដែលមានចលនាកញ្ជ្រោល ឬរង្វិលខ្ញាល់ខ្លាំងបំផុត (millisecond pulsars)។ ដោយឡែកការស្វែងរកជីវិតឆ្លាតវៃ និងរបកគំហើញនៅទីអវកាសដទៃទៀត គឺកំពុងតែដំណើរការនៅឡើយ។

ជុំវិញសមិទ្ធផលខាងលើនេះលោក Zhu Ming នាយកនៃអង្គភាពអង្កេត និងប្រមូលផ្តុំទិន្នន័យ​របស់តេឡេស្កូបយក្ស FAST បានឲ្យដឹងថា «នៅក្នុងដំណើរការនៃការចាប់យករលកសញ្ញា ពីបណ្តាវត្ថុអវកាសឆ្ងាយៗនានា យើងក៏ត្រូវប្រមូលផ្តុំនូវរលកសញ្ញាផ្សេងទៀត ដែលអាចត្រូវបានបញ្ចេញដោយជីវិតភពផ្សេង ឬជិវិតឆ្លាតវៃដទៃៗផងដែរ…។ ទោះបីជាបែបនេះក្តី វាគឺជាបណ្តុំនៃការងារដ៏មមាញឹក ព្រោះទិន្នន័យដែលត្រូវបានប្រមូលកន្លងមក ជាប្រភេទរលកសញ្ញាដ៏ស្មុគស្មាញ ដែលតម្រូវឲ្យយើងធ្វើការញែកប្រភេទរបស់វា រកមើលអ្វីដែលយើងចង់បាននៅក្នុងនោះ»។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្រុមការងារគ្រប់គ្រងតេឡេស្កូប FAST បានបង្កើតវគ្គហ្វឹកហ្វឺនមួយ ដោយនាំយកតារាវិទូទូទាំងប្រទេសចិនសរុបជាង ១០០នាក់ ដើម្បីពិភាក្សាគ្នាអំពីបទពិសោធន៍ និងរបកគំហើញទាំងឡាយ អំឡុងពេលនៃការដាក់ឲ្យសាកល្បងតេឡេស្កូបយក្ស FAST។ ក្រុមអ្នកវិទ្យាសាស្ត្រចិនបានយល់ឃើញដូចគ្នាថា FAST ពិតជាមានសមត្ថភាពកម្រិតខ្ពស់ ដូច្នេះតម្លាភាពនៃទិន្នន័យ ដែលត្រូវបានគណនាចេញពីវាក៏ប្រសើរផងដែរ៕

ប្រភព៖ Space (ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩)

LEAVE A REPLY

Please enter your comment!
Please enter your name here